លេង​ខ្លាំង អ៊ិន សុភិន ថា ប៉ែន ចំរ៉ុង មាន​ចេតនា​សម្លាប់​កូន​ខ្លួន​ឯង​តាំង​ពី​នៅ​ក្នុង​ផ្ទៃ

  • 2018-03-14 02:21:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី ប៉ែន ចំរ៉ុង ពោល​ពាក្យ​ថា​នឹក​កូន​ស្រី​តែ​មួយ​ជាមួយ ភិន សុដាលីស នា​ថ្ងៃ​ម្សិលមិញ ថ្ងៃ​នេះ​លោក អ៊ិន សុភិន បាន​បញ្ចេញ​សារ​ដោយ​លើក​ឡើង​ថា តារា​ប្រុស​រូប​នេះ ធ្លាប់​មាន​ចេតនា ចង់​សម្លាប់​កូន​តាំង​ពី​កូន​នៅ​ក្នុង​ផ្ទៃម្ដាយ។

នៅ​ក្នុង​សារ​វែង​អន្លាយ​លើ​ហ្វេសប៊ុក ព្រឹក​នេះ ផ្ដើម​ដោយ​ពោល​សរសើរ​ពី​ចៅស្រី ថា​គួរ​ឲ្យ​ស្រឡាញ់ និង​ជា​អ្វី​ទាំង​អស់​នៃ​ជីវិត​របស់​លោក​នោះ ចាងហ្វាង​ផលិតកម្ម​មហាហង្ស​រូប​នេះ លើក​ឡើង​ថា តើ​ចៅ​ស្រី​រូប​នេះ នឹង​មាន​អារម្មណ៍​បែប​ណា បើ​ដឹង​ថា ឪពុក​របស់​ខ្លួន មាន​ចេតនា​មិន​ល្អ​តាំង​ខ្លួន​មិន​ទាន់​ពន្លឺ​ថ្ងៃ។

"ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយ​រយ​មុខ​របស់​តា​អោយ​ជា នឹង​ធ្វើ​អោយ​តា​មាន​សេចក្ដី​សុខ​បំផុត​ក្នុង​ជីវិត តាំង​ពី​ចៅ​នៅ​ក្នុង​ពោះ​ម្ដាយ​ចៅ​រហូត​ដល់​ពេល​នេះ។ ចុះ​បើ​ចៅ​ធំ​ដឹង​ក្ដី​ឡើង​ពេល​ដែល​ចៅ​ដឹង​ថា ឪពុក​របស់​ចៅ​ជា​ឃាតក​ចង់​សម្លាប់​កូន​ខ្លួន​ឯង ដោយ​អោយ​ម្ដាយ​ចៅ​ទម្លាក់​កូន​ចោល​តាំង​ពី​ចៅ​អាយុ ៣​ខែ​ក្នុងពោះតើចៅមានអារម្មណ៏យ៉ាងណាចំពោះឪពុកម្នាក់នេះ?”។

ក្រៅ​នេះ អគ្គនាយក​រូប​នេះ នៅ​បាន​អះអាង​ទៀត​ថា ចំរ៉ុង បាន​ធ្វើ​បាប ដាលីស ដោយ​រត់​ចោល​ទាំង​កូន​នៅ​ក្នុង​ពោះ​៣​ខែ​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​កូន​ស្រី​របស់​លោក និង​ចៅ​ស្រី ជួប​ការ​លំបាក​យ៉ាង​ខ្លាំង។ មិន​ត្រឹម​ប៉ុណ្ណឹង បន្ថែម​ពី​ខាង​លើ លោក​ថា តារា​ប្រុស​ខាង​លើ បាន​ប្ដឹង​ទារ​លែង​លះ ដាលីស និង​មិន​ទទួល​ស្គាល់​កូន​នៅ​មុខ​តុលាការ​ទៀត។

រាល់​ព័ត៌មាន​ខាង​លើ​នេះ លោក អ៊ិន សុភិន បាន​ឆ្លើយ​តប​ខ្លី​ជាមួយ Sabay ថា អ្វី​ដែល​លោក​បាន​បញ្ចេញ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​នេះ គឺ​ជា​ការ​ពិត ១០០%។

សាច់​រឿង​ចាស់ ប្រតិកម្ម​ជា​ថ្មី​របស់​លោក អ៊ិន សុភិន នា​ពេល​នេះ ក្រោយ​លោក ប៉ែន ចំរ៉ុង ម្សិលមិញ​នេះ បាន​ពោល​ពាក្យ​ថា​នឹក​កូន ចង់​ជួប​មុខ​កូន​ស្រី។ ជុំ​វិញ​ប្រតិកម្ម​របស់​លោក សុភិន នៅ​ថ្ងៃ​នេះ ចំរ៉ុង ប្រាប់​ថា សុំ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់​ថា អ្វី​ដែល​ត្រូវ​បាន​លើក​ឡើង ខុស ឬ​ត្រូវ យ៉ាង​ណា។ “ខ្ញុំ​គ្រាន់​តែ​បង្ហាញ​ពី​អារម្មណ៍​នឹក​របស់​ខ្ញុំ ខ្ញុំ​មិន​បាន​ទៅ​ប៉ះពាល់​នរណា​ទេ។ អីចឹង​គាត់​និយាយ​អី និយាយ​ចុះ ខ្ញុំ​សុំ​មិន​ឆ្លើយ​មិន​ឆ្លង មិន​និយាយ​អ្វី​ទាំង​អស់ តែ​វា​មិន​អាច​កាត់​ផ្ដាច់​អារម្មណ៍​នឹក​របស់​ខ្ញុំ​បាន​ទេ”៕


អត្ថបទ៖ ទារិកា