​អនុវិទ្យាល័យ​មួយ​ក្នុង​ស្រុក​​​ជីក្រែងកំពុង​ប្រឈម​នឹង​កង្វះ​បន្ទប់​សិក្សា​ខ្លាំង

  • 2018-03-14 03:35:07
  • ចំនួនមតិ

ចន្លោះមិនឃើញ

អគារ​មាន​​តែ​​ដំបូល​​ប្រក់​ស្លឹក​ត្នោត​​​​ ​ខ្លះ​ទៀត​ប្រក់​ស្បូវ​ និងស័ង្កសី​សម្រាប់​ការពារ​កម្ដៅ​ថ្ងៃ និង​ទឹកភ្លៀង ហើយ​ក៏គ្មាន​​ដែរ​ជញ្ជាំង​បិទបាំង និង​បន្ទប់​​ទឹក​ប្រើប្រាស់។ ទាំង​នេះ​គឺជាទិដ្ឋភាព​ខ្លះ​ៗ​នៃ​អនុវិទ្យាល័យ​ស្ពាន​ត្នោត​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ពាន​ត្នោត ​ឃុំស្ពាន​ត្នោត​ ស្រុក​ជី​ក្រែង ​ខេត្តសៀបរាប​ មាន​ព្រំប្រទល់ជាប់​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​។ អនុវិទ្យាល័យ​នេះ​មាន​បរិវេណស្ថិត​នៅ​ជាមួយ​នឹង​​សាលា​បឋមសិក្សា​ ស្ពានត្នោត​។   អស់​​រយៈ​ពេល​​ប្រមាណ​ជា ​១០​ឆ្នាំ​កន្លង​មក​​ហើយ ​ដែលសាលា​នេះ​​​បាន​​រួ​ម​​ចំណែក​​ជួយ​​បណ្តុះប​ណ្តាល​ធនធាន​មនុស្ស​ ​និង​​ជា​​កន្លែង​​ផ្តល់​ចំណេះ​​ដឹង​​ដល់​​កូន​​ចៅ​របស់ប្រជាពលរដ្ឋ​រស់​នៅតំបន់​នោះ​។ ប៉ុន្តែ​បច្ចុប្បន្នអនុវិទ្យាល័យ​នេះ​កំពុង​ប្រឈម​ទៅនឹង​កង្វះ​ខាត​បន្ទប់​សិក្សា​ជា​ខ្លាំង។​  

(កូនសិស្សកំពុង​រៀន​នៅ​ក្រោម​រោង​ដោល/រូបភាព៖ ផ្តល់​ឲ្យ)

កញ្ញា ហ៊ុត សុគុន្ធា ​គ្រូបង្រៀន​នៅអនុវិទ្យាល័យ​ស្ពានត្នោត​​ ផ្នែក​ប្រវត្តិ​ និង​ភូមិវិទ្យា​បានឱ្យ​ដឹងថា បច្ចុប្បន្ន​នេះ​សិស្សានុ​សិស្ស​​នៅ​​សាលា​​នេះ​​ត្រូវ​​អង្គុយ​ ​​គ្មាន​​ថ្នាក់​​រៀន​​សមរម្យ​​នឹង​​គេទេ​​ ពោល​​គឺ​​រៀននៅ​ក្រោម​​រោងដោល​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​ ខណៈ​អនុវិទ្យាល័យ​នេះមាន​​អគារ​ធ្វើ​ពីថ្ម​ត្រឹម​ ៤​បន្ទប់​តែ​ប៉ុណ្ណោះ។

អនុវិទ្យាល័យ​នេះ​ត្រូវ​បាន​​បង្កើត​ឡើង​កាល​ពីអំឡុង​ឆ្នាំ​២០០៨-២០០៩។​ ពេលបង្កើត​ដំបូង​មានសិស្ស​ត្រឹម​តែ​ ៧០នាក់​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​​មានសិស្សរហូត​ដល់​ ៤៥០ នាក់​ និង​បាន​បន្ត​កើន​​ឡើង​ជារៀង​រាល់​ឆ្នាំ​។ អ្នកគ្រូ​បន្ថែម។

(សម្ភារៈសិស្ស​ព្យួរនៅតាម​របងឫស្សី/រូបភាព៖ ផ្តល់​ឲ្យ)

អ្នកគ្រូ​ឲ្យ​ដឹងទៀតថាៈ «​សាលា​​មាន​បន្ទប់​ធ្វើ​ពី​ថ្មតែ​៤ បន្ទប់​ទេ នៅសេស​សល់​ប៉ុន្មាន​ត្រូវ​រៀន​​នៅ​ក្រោម​រោង​ដោលចំនួន​បី​ រោងដោលទី​១​ ប្រក់ស័ង្កសី​ រោងដោលទី២ប្រក់​ស្លឹកត្នោត​ និង​ទី​៣ប្រក់ស្បូវ។​ រោងដោល​នីមួយ​ៗ​អាច​ផ្ទុកសិស្ស​បាន​ចន្លោះ​ពី ៦០ នាក់ទៅ៦៥ នាក់។ ពេល​ភ្លៀង​ម្តងៗ​សិស្ស​រៀន​​អត់​ចង់​កើតទេ ហើយ​​រដូវក្តៅ​ទៀត​នោះ​​កូនសិស្សខ្លះ​​ឈឺ​ក្បាល​ ស្ទើ​រខ្យល់​គរ​សឹងរាល់​ថ្ងៃ ព្រោះប្រជ្រៀត​គ្នា​ពេក​ សិស្ស​ខ្លះ​ទៀត​ក៏ឈប់​រៀន​​​»។

 កញ្ញា ហ៊ុត សុគុន្ធា បន្ថែម​ទៀត​ថា កន្លង​មក​គណៈ​គ្រប់​គ្រ​ង​អនុវិទ្យាល័យ​ក៏​បានស្នើសុំ​បន្ទប់​សិក្សា​បន្ថែម​​រាល់​ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​មាន​ការឆ្លើយ​តបជាវិជ្ជមាន​ទេ​​។ ​ក្រៅ​ពី​ខ្វះបន្ទប់​សិក្សា​អនុវិទ្យាល័យ​ក៏ប្រឈម​ទៅ​ការខ្វះ​គ្រូដែរ។ កញ្ញា​បន្ត។​

អ្នកគ្រូបន្តថា បើ​រាប់​ទាំង​នាយក​សាលាផង សាលា​នេះ​​មាន​គ្រូសរុប​៦នាក់​ ហើយ​សាលា​ក៏បាន​ខ្ចី​គ្រូ​​មកពីសាលា​ផ្សេង​​បង្រៀនថែម​ម៉ោងចំនួន​៥នាក់​​ផង​។ អ្នកគ្រូបាន​ស្នើ​ឲ្យ​មន្ត្រីពាក់ព័ន្ធជួយ​ពន្លឿន​ក្នុងការ​កសាងអគារសិក្សា​នេះ​ឲ្យ​បាន​ឆាប់តាមដែលអាចធ្វើទៅបាន ដោយថា​ដើម្បី កាត់​បន្ថយការ​បោះបង់​​ការសិក្សា​របស់​សិស្ស។​

ទាក់ទង​នឹង​ករណីនេះ លោក សយ ទិត្យាវង្ស ជា​ប្រធានម​ន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប​បាន​ឱ្យដឹង​ថា មន្ទីរ​អប់រំ​បាន​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​​ភាព​នៅ​អនុវិទ្យាល័យ​រួច​ហើយ​​​ និង​បានបញ្ជូន​សំណើ​នេះទៅ​​ខេត្ត​រួច​ហើយ​ដែរ។

លោក​បន្តថា៖ «ខ្ញុំ​បាន​បញ្ជូន​សំណើទៅ​ខេត្ត​ បន្ទាប់​ពីខេត្ត​ឯកភាព​លិខិត​នេះ​នឹងត្រូ​​វ​បញ្ជូន​ទៅ​បន្ត​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា។ មន្ទីរអប់រំ​មិន​បាន​ព្រ​ងើយ​កន្តើយ​ទេ​ ម្យ៉ាង​ស្រុក​នេះ​ជាស្រុក​កំណើត​ខ្ញុំ​ផង»៕


អត្ថបទដោយ៖ សុផល