សូហ្វតេន្នីស​ បើក​​ការ​ប្រកួត​ពាន​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៥

  • 2018-03-14 04:20:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ សូហ្វតេន្នីស​​ពាន​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៥ បាន​ប្រកាស​បើក​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​ក្រុម​ចូល​រួម​​មក​ពី​ ៦​ក្លឹប​នឹង​ធ្វើ​ការ​ប្រកួត​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ទើប​បញ្ចប់។

លោក ជា ប៊ុន​ហេង

​លោក ជា ប៊ុន​ហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូហ្វតេន្នីស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​​​ព្រឹត្តិការណ៍​នេះ​អនុញ្ញាត​ឲ្យ​តែ ៦ ក្លឹប​ប៉ុណ្ណោះ​ចូល​រួម​គឺ​នៅ​រាជធានី​ភ្នំពេញ​ ៥ និង​មក​ពី​​ខេត្ត​កំពង់​ស្ពឺ​មួយ។ ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្លឹប​ច្រើន​ចូល​រួម​នេះ​ ដោយ​សារ​ក្លឹប​មួយ​ចំនួន​​កីឡាករ​​មាន​កម្រិត​សមត្ថភាព​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​​ស័ក្ដិសម​អាច​ចូល​រួម​​​បាន​។

​លោក​បន្ថែម​ថា ​កីឡាករ​ដែល​បាន​ចូល​រួម​សុទ្ធ​តែ​ខ្លាំងៗ ហើយ​​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចម្រាញ់​យក​កីឡាករ​ឆ្នើមៗ ដើម្បី​រើស​មក​បញ្ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ​សូហ្វតេន្នីស​កម្ពុជា ហើយ​ក៏​គ្រោង​បង្កើត​ឡើង​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ។ ​ក្រៅ​ពី​នេះ​ព្រឹត្តិការណ៍​​ខាង​លើ​ ក៏​ចូល​រួម​ជា​ចំណែក​ជំរុញ​ឲ្យ​ប្រភេទ​កីឡា​ថ្មី​មួយ​នេះ ​អាច​បន្ត​ដំណើរ​រីក​ចំរើន​ទៅ​មុខ​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ពាន​​រង្វាន់ សម្ដេច​ក្រឡា​ហោម ស ខេង ​ឆ្នាំ​២០១៨ មាន​កីឡាករ ៤៤ នាក់​ចូល​រួម កីឡា​ការិនី ២១ នាក់​ ដោយ​បែង​ចែក​ជា ៧ វិញ្ញាសា​ និង​បាន​បែង​ចែក​​​ជា ៣ កម្រិត​​គឺ ក១, ក២ និង​យុវជន​ក្រោម​១៨​ ឆ្នាំ​៕


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​