ក្លឹប​អេស្ប៉ាញ​ណា​ខ្លះ​ដែល​សម្លាប់​ទឹក​ចិត្ត Man Utd ក្នុង UCL នា ១០​រដូវ​កាល​ចុង​ក្រោយ?

  • 2018-03-14 12:03:06
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​ឈ្នះ​របស់​ក្លឹប Sevilla យប់​មិញ​មាន​ន័យ​ថា ក្លឹប​បាន​ក្លាយ​ជា ក្លឹប​អេស្ប៉ាញ​ទី ៣ គិត​ចាប់​ពី​ឆ្នាំ ២០០៨/០៩ មក ដែល​បាន​រារាំង​ការ​ឈ្នះ​ពាន ឬ​ដំណើរ​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្នុង​កម្មវិធី​ Champions League របស់​ក្លឹប Manchester United។

ក្លឹប​អេស្ប៉ាញ​ទី ១​នោះ​គឺ ក្លឹប Barcelona។ ក្នុង​អំឡុង​ ១០​រដូវ​កាល​ចុង​ក្រោយ​ ក្លឹប​អ្នក​មាន​បុណ្យ បាន​ឈ្នះ Manchester United ក្នុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ដល់​ទៅ ២​លើក គឺ​មួយ​នៅ​ក្នុង​រដូវ​កាល ២០០៨/០៩ (ឈ្នះ ២-០) និង​មួយ​ទៀត ២០១០/១១ (ឈ្នះ ៣-១)។

ចំណែក​ឯ​ក្លឹប​អេស្ប៉ាញ​ទី ២ នោះ គឺ Real Madrid។ ក្លឹប​បាន​ទម្លាក់​ក្លឹប​ Manchester United ចំនួន​មួយ​លើក​នៅ​ ១០​រដូវ​កាល​ចុង​ក្រោយ​នេះ។ កាល​ពី​រដូវ​កាល ២០១២/១៣ ក្នុង​វគ្គ ១៦ ក្រុម បន្ទាប់​លេង ស្មើ ១-១ ក្នុង​ជើង​ទី ១ ក្លឹប​អធិរាជ​ពណ៌​ស បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​យក​ឈ្នះ​បិសាច​ក្រហម​ ២ ទល់​ ១ ក្នុង​ជំនួប​ជើង​ទី ២ នៅ​ទឹក​ដី Old Trafford។

ក្រឡេក​មើល​ក្លឹប​អេស្ប៉ាញ​ទី ៣ វិញ គឺ Sevilla នេះ​ឯង ដែល​ទើប​ធ្វើ​បាន​សម្រេច​យប់​មិញ។ ក្លឹប​បាន​លេង​ត្រឹម​ស្មើ ០-០ ជាមួយ Manchester United ​ ក្នុង​ជំនួប​ជើង​ទី ១ នៅ​ទឹក​ដី​របស់​ខ្លួន ប៉ុន្តែ​បាន​ឈ្នះ​ ២-១ ក្នុង​ការ​ប្រកួត​ជើង​ទី ២ នៅ​ Old Trafford ។ លទ្ធផល​នេះ​ ជួយ​ឲ្យ Sevilla ធ្វើ​បាន​សម្រេច​ក្នុង​ការ​ឡើង​ទៅ​លេង​វគ្គ ៨ ក្រុម Champions League លើក​ដំបូង​បង្អស់​ក្នុង​រយៈ​ពេល​ ៦០​ឆ្នាំ​ចុង​ក្រោយ។

សូម​បញ្ជាក់​ផង​ដែរ​ថា នា​ ១០ រដូវ​កាល​ចុង​ក្រោយ ក្លឹប​បិសាច​ក្រហម​បាន​ចូល​រួម​ក្នុង​កម្មវិធី​ Champions League ចំនួន ៨​លើក និង​អវត្តមាន​ចំនួន ២​លើក (២០១៤/១៥ និង ២០១៦/១៧)។ ក្នុង​អំឡុង​ពេល​នោះ ក្លឹប​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពីរ​លើក (២០០៨/០៩ និង២០១០/១១) វគ្គ ៨ ក្រុម ចំនួន ពីរ​លើក (២០០៩/១០ និង ២០១៣/១៤) វគ្គ ១៦ ក្រុម​ ចំនួន ២ លើក (រដូវ​កាល ២០១២/១៣ និង ២០១៧/១៨) និង​លេង​បាន​ត្រឹម​វគ្គ​ Group Stage ចំនួន ២ លើក (២០១១/១២ និង ២០១៥/១៦)៕


ប្រភព៖ Sports Keeda | UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី