មិន​នឹក​ស្មាន ​ចាញ់ ៦-០ ​យប់មិញ ​បឹង​កេត ​ស៊ុត​មិន​ចំ​គោលដៅ​សូម្បី​១​ជើង

  • 2018-03-15 02:21:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បឹង​កេត​ ​បាន​បរាជ័យ​ធ្ងន់​១​ប្រកួត​ទៀត​ហើយ ​ដោយ​ចាញ់​ក្រុម Home United ​ក្នុង​លទ្ធផល​ ៦-០ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល ពាន​រង្វាន់ AFC Cup ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ភ្នំពេញ ​បឹង​កេត​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​លើ​ក្រុម Home United ​នេះ​ក្នុង​លទ្ធផល ៣-២ ​រួច​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ម្សិលមិញ​ទៅ​លេង​នៅ​ទឹក​ដី​គេ​វិញ ​ឱ្យ​គេ​ស៊ី​ដល់​ទៅ ៦-០ ​ឯ​ណោះ។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​អស់​ចិត្ត​មួយ​ទៀត​នោះ គឺ​បឹង​កេត​ក្នុង​ប្រកួត​នេះ ​ស៊ុត​បាន​ត្រឹម​តែ​៣​ជើង​ប៉ុណ្ណោះ ​ហើយ​៣​ជើង​នោះ​មិន​បាន​ចំ​គោលដៅ​សូម្បី​១​ជើង​ឡើង ដែល​ខុស​ឆ្ងាយ​ពី​ការ​ប្រកួត​នៅ​ទឹក​ដី​ពហុ​កីឡដ្ឋាន​ជាតិ។

បរាជ័យ​ក្នុង​ប្រកួត​ទី​៤​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ឱកាស​ឡើង​វគ្គ​បន្ដ​កាន់​តែ​ពិបាក​បន្តិច​ហើយ ព្រោះ​ថា​ប្រកួត​បន្ទាប់​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំងCeres Negros ​ដែល​ឈ្នះ​ខ្លួន ៩-០ ​កាល​ពី​ពេល​កន្លង​ទៅ។ ប្រកួត​នោះ​ដែរ ​ប្រសិន​បើ​ពួកគេ​មិន​អាច​ឈ្នះ Ceres ​បាន​ទេ ​នោះ​ឱកាស​ឡើង​វគ្គ​បន្ដ​គឺ​អស់​ត្រឹម​នេះ​ហើយ ​មិន​ចាំ​បាច់​អ៊ុត​ប្រកួត​ទី​៦​នោះ​ទេ។

បច្ចុប្បន្ន​នេះ​បឹង​កេត ​នៅ​បាត​តារាង​មាន​៤​ពិន្ទុ​ដូច​ក្រុម​លេខ​៣ ​Shan United ​ដែរ ​ប៉ុន្តែ​ក្រុម​របស់​លោក​កែវ កុសល ​មាន​សំណល់​គ្រាប់​បាល់​ដល់​ទៅ​១៥​គ្រាប់​ឯ​ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម