គ្រូ​បង្វឹក​បឹង​កេត ​ប្រាប់​ចំណុច​ខ្សោយ​ធ្វើ​ឱ្យ​ក្រុម​ចាញ់​ធ្ងន់​ករ ៩-០ ៦-០ ក្រៅ​ដី

  • 2018-03-15 04:52:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ កែវ កុសល ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​បាន​បង្ហាញ​ចំណុច​អវិជ្ជមាន​ដែល​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ចត់​បាយ ​ក្នុង​ការ​លេង​ក្រៅ​ដី​ពាន​រង្វាន់ AFC Cup ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល។

លោក​បាន​បញ្ជាក់​ថា​វា​ពិត​ជា​រឿង​សោកស្ដាយ​ខ្លាំង​ដែល​ក្រុម​លេង​ល្អ​ក្នុង​ដី ប៉ុន្តែ​ចេញ​ក្រៅ​ដី​វិញ បែរ​ជា​ត្រូវ​ក្រុម​គេ​ស៊ី​ច្រើន​គ្រាប់ រាប់​មិន​ចង់​អស់​យ៉ាង​នេះ។ គ្រូ​បង្វឹក​ថ្មី​ម្នាក់​នេះ​បន្ដ​ថា​មាន​កត្តា​ច្រើន ​ក្នុង​ការ​ចាញ់​ក្រៅ​ដី ​តួ​យ៉ាង​ដូចជា ​បញ្ហា​កម្លាំង ​ការ​ហូប​ចុក​ធ្វើ​ដំណើរ ​និង​ការ​រៀប​ចំ​ទម្រង់​លេង​ជា​ដើម។ ដូច​ចាញ់ ៦-០ ​យប់​នេះ ​លោក​មើល​ឃើញ​កីឡាករ​លេង​ល្អ​ត្រឹម​១​​តង់​ប៉ុណ្ណោះ ខណៈ​ដែល​ចូល​ដល់​តង់​ទី​២ ​ពួកគេ​គ្មាន​កម្លាំង​រត់​ប្រជែង​បាល់​ឡើយ ដូច្នេះ​ហើយ​ទើប​បាន​ជា​មិន​អាច​ស៊ុត​ចំ​គោលដៅ​សូម្បី​១​ជើង។

មួយ​វិញ​ទៀត ​ការ​ធ្វើ​ដំណើរ ​និង​កាល​វិភាគ​ប្រកួត​ញឹក​ពេក​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​ក្រុម​រង​បរាជ័យ​​ដែរ។ ពួកគេ​នឿយហត់​ចំពោះ​ការ​ប្រកួត​កៀក​គ្នា​ពេក ​ដែល​ធ្វើ​ឱ្យ​ស្មារតី​មិន​មូល ​លេង​មិន​បាន​ល្អ។ ទម្រង់​ក្រុម​ហាក់​ដូចជា​ធ្លាក់​ចុះ​ពេល​លេង​ក្រៅ​ដី ​មិន​ដូច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ឡើយ។ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់​ផ្ទះ​គេ​មាន​ទំនុក ​ធ្វើ​បាន​ល្អ​ផង​នោះ ទើប​បណ្ដាល​ឱ្យ​បឹង​កេត​ពិបាក​រក​គ្រាប់​បាល់ ​និង​តែងតែ​ចាញ់​ធ្ងន់​ករ​នៅ​ក្រៅ​ដី​នេះ។

២​ប្រកួត​ក្រៅ​ដី​របស់​បឹង​កេត ​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ ​ចាញ់​ក្រុម ​Ceres Negros ​ ៩-០ ​និង​ចាញ់​ក្រុម Home United ​៦-០។ ចំណែក​ឯ​២​ប្រកួត​ក្នុង​ដី​វិញ ​ពួកគេ​ចាញ់​ក្រុម Shane United ​២-១ ​និង​ឈ្នះ​ក្រុម Home United ​៣-២ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕

អត្ថបទ៖ មុន្នីរម្យ