មូលហេតុសំខាន់នេះហើយ ទើបព្រៃកោងកាងជាង១៣ហិកតា ក្លាយជាសម្បត្តិរដ្ឋវិញ

  • 2018-03-15 04:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្ទះព័ត៌មាន​ជុំវិញ​រឿង បូម​ខ្សាច់ចាក់លុបបំពេញដី ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ជា​បន្តបន្ទាប់ ពេលនេះ​តំបន់​ព្រៃ​កោង​កាង​ប្រ​មាណជាង១៣​​ហិ​ក​តា ​​​នៃ​តំបន់​​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រ​សោប​ ក្នុង​ខេត្ត​កោះ​កុង​បាន​ដក​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ។​ នេះ​ជា​ការ​សម្រេច ​របស់​រាជ​រដ្ឋាភិបាល​តាម​សំណើ​របស់​ក្រសួង​បរិស្ថាន​។ ​

រដ្ឋា​ភិ​បាល​បាន​ដក​ដី​តំបន់​ខាង​លើ​ពី​ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ​សុខ ​​គីម​​ហុង​ និង​ឈ្មោះ​មាស​ ស៊ីវ​ជូ ​បន្ទាប់​ពី​ទទួលបានសំណើ​របស់​ស្ថាប័ន​រដ្ឋ​ធំៗ​២​​គឺ​ក្រសួង​បរិ​ស្ថាន ​និង​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​។​ ការសម្រេច​រឹបអូស​ដី​ព្រៃ​កោង​កាង​​មក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​វិញ​នេះ ត្រូវ​ធ្វើឡើង​ដោយ​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​ក្រសួង​បរិស្ថាន​ដែល​ចុះ​នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៨ ទាក់ទង​ទៅ​នឹង​របាយការណ៍​ស្តីពី​ករណី​បូម​ខ្សាច់​ចាក់​លុប​បំពេញ​ដី ក្នុង​តំបន់​ព្រៃកោងកាង នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្ត​កោះកុង ជាង​១៣​ហិកតា ដែល​ក្នុងនោះ ដី​ទំហំ ៣,១១​ហិកតា (​បី​ហិកតា និង​ដប់​មួយ​អា​) បាន​បូម​ខ្សាច់​ចាក់​បំពេញ ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នេះ ក៏​បាន​បញ្ជាក់​ឲ្យ​ម្ចាស់​ដី ឈ្មោះ សុខ គីម​ហុង និង​មាស ស៊ីវ​ជូ ត្រូវ​ស្នើ​សុំ​ប្រើប្រាស់​ចំណែក​ដី ដែល​ស្ថិត​នៅក្នុង​តំបន់​សហគមន៍ នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោប តាម​នីតិវិធី​មក​ក្រសួង​បរិស្ថាន ដោយ​អនុលោម​តាមច្បាប់ ស្តីពី​តំបន់​ការពារ​ធម្មជាតិ និង​ច្បាប់​ភូមិបាល ។

គួរ​រំ​លឹក​ថា​កាល​ពី​អំឡុង​ទស​វត្ស​ឆ្នាំ​១៩​៩០​កន្លង​ទៅ​ព្រៃ​ដើម​កោង​កាង​ធ្លាប់​រង​ការ​កាប់​យក​ទៅ​ធ្វើ​ធ្យូង​និង​វាទ​យក​ដី​យ៉ាង​ធ្ងន់ធ្ងរ​ស្ទើរ​តែ​ផុត​ពូជ។ តំបន់​សហ​គ​ម​ន៏​ដែន​ជម្រក​សត្វ​ព្រៃ​ពាម​ក្រសោម​មាន​ទីតាំង​នៅ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្ទឹង​វែង ​សង្កាត់​ស្ទឹង​វែង ​ក្រុង​ខេមរ​ភូមិន្ទ​​ ខេត្ត​កោះកុង៕

អត្ថបទ៖ ពៅ រក្សា