ចូលរួម​ “រាត្រី​សមោសរ​ក្រមា” ដូច​ជួយ​ជីវិត​​កុមារ​ក្រីក្រ​កម្ពុជា​​ឲ្យ​ប្រសើរ​ឡើង

  • 2018-03-15 09:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ភ្នំពេញ (JCI PP) និង​សណ្ឋាគារ សុខា ភ្នំពេញ​បាន​សហការ​គ្នា​រៀប​ចំ​កម្មវិធី​សប្បុរសធម៌​មួយ​ឈ្មោះ​ថា “រាត្រី​សមោសរ​ក្រមា២០១៨ (Krama Night Gala Dinner 2018)” ដើម្បី​រៃ​អង្គាស​ប្រាក់​ ឧបត្ថម្ភ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ នៅ​ខេត្ត​សៀមរាប​។​ កម្មវិធី​សប្បុរស​ធម៌​នេះ ជា​​ផ្នែក​មួយ​នៃ​គម្រោង​ “ចែករំលែក​ស្នាម​ញញឹម” ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ មាន​តាំង​ពី​ឆ្នាំ ២០១១​មក​ម្ល៉េះ ដោយ​​កន្លង​មក​បាន​ចូលរួម​ជួយ​កុមារ​កំព្រា​ ​កុមារ​ក្រីក្រ និង​ពិការ​​ជា​ច្រើន​ដល់​ទី​កន្លែង​តែ​ម្តង​។

ដោយ​ឡែក​ក្នុង​​ឆ្នាំ២០១៨ គម្រោង​នេះ​នឹង​រៃអង្គាស​ប្រាក់​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប​ ដែល​ជា​មន្ទីរ​ពេទ្យ​ផ្ដល់​សេវា​ព្យាបាល​កុមារ​មិន​គិត​ថ្លៃ​ ខណៈ​បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​កំពុង​ជួប​ការ​ ខ្វះ​ខាត​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ដល់​ដំណើរ​ផ្ដល់​សេវា​ពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​កុមារ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា​ កញ្ញា ងួន សូលីដា ក្រុមការងារ JCI ភ្នំពេញ។

កញ្ញា​បន្ត​ថា​៖ «​ឆ្នាំ​មុនៗ យើង​ក៏​មាន​កម្មវិធី​រៃអង្កាស​ដែរ តែ​ឆ្នាំ​នេះ​​ជាលើកដំបូង​ហើយ​ដែល​យើង​រៀបចំ​ក្នុង​ទម្រង់​ជា​ Gala Dinner  ព្រោះ​យើង​ចង់​ឲ្យ​កម្មវិធី​នេះ​ក៏​ក្លាយ​ជា​ឱកាស​មួយ ដែល​សប្បុរស​ជន​​ទាំងអស់​អាច​​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​គ្នា​​ឲ្យ​កាន់​តែ​ជិតស្និទ្ធ​ និង​អាច​ស្វែង​យល់​ពី​អាជីវកម្ម​របស់​ដៃគូ​សហការ​របស់​យើង​ជាច្រើន​ទៀត តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ពួក​គេ​»។​

«ដូច្នេះ​​សូម​​កុំ​ស្ទាក់ស្ទើរ​​ចូលរួម​ជាមួយ​យើង​ដើម្បី​ជួយ​សង្គម​ជាតិ​យើង​ទាំងអស់​គ្នា​ តាម​រយៈ​ការ​ទិញ​សំបុត្រ​ក៏​បាន ឧបត្ថម្ភ​ជា​ប្រាក់​កាស​ក៏​បាន ដោយ​យើង​ក៏​មាន​កម្មវិធី​ពិសេស​ជាច្រើន​ដូច​ជា ការ​ប្រគំ​តន្ត្រី កម្មវិធី​ដេញ​ថ្លៃ​ជា​ដើម​​។​ យើង​​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​រួម​​ពី​ស្ថាប័ន​រដ្ឋាភិបាល សមាគម​មួយ​ចំនួន​ដូចជា សមាគម​សហគ្រិន​វ័យ​ក្មេង សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា តំណាង​ក្រុមហ៊ុន​នានា និង​បុគ្គល​សប្បុរស​ជន​ពី​ទូទាំង​ប្រទេស»។

  • កាលបរិច្ឆេទ​ ៖ ថ្ងៃអាទិត្យ ទី៣០ ខែ​​មីនា ២០១៨
  • ពេលវេលា ៖ ៦ល្ងាច ដល់ ១០យប់
  • ទីតាំង ៖ សណ្ឋាគារ​ សុខា ភ្នំពេញ
  • តម្លៃ​សំបុត្រ ៖ ១០០ដុល្លារ​

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ 069 700 847 (JCI) ​ឬ 016 892 500 (AHC) ៕

   

អត្ថបទ៖ ដេត លីដា