ដូងឈ្មោះប្លែក អ្នកទៅលេងបុណ្យ​ទន្លេចោម​មើល​ព្រាត​

  • 2018-03-16 02:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​បង្ហាញ​នៅ​ស្តង់​មួយ​កន្លែង​នាឱកាស​បុណ្យ​ទន្លេលើក​ទី​៤ នៅ​ក្រុងតាខ្មៅ​ខេត្ត​កណ្តាល​ អ្នកដំណើរជាច្រើន​ហាក់​បានទាក់ភ្នែក​ប្លែក​អារម្មណ៍​​ទៅ​នឹង​ផ្លែ​ដូង​មួយ​ធ្លាយ​ ដែល​អ្នក​រៀបចំ​​បាន​​សរសេរ​ដាក់ស្លាកមានអត្ថន័យ​​ថា “ផ្លែ​ដូ​ងដោះ​ក្រមុំ”។ មានប្រហែល​ ៣០​ផ្លែ​ក្នុង​មួយ​ធ្លាយ ដូង​​នេះត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​​ខាង​មុខស្តង់​​មកពី​ស្រុក​អង្គស្នួល​ខេត្តកណ្តាល​​​។

លោក ម៉ៅ សិទ្ធិ ប្រធាន​ការិយាល័យកសិកម្ម​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​បាន​ឱ្យ​ដឹង​ថា ឈ្មោះដូង​ដោះក្រមុំ​​ គ្រាន់​តែ​លោក​​ដាក់​ដើម្បី​​ទាក់ទាញ​ការចាប់អារម្មណ៍តែប៉ុណ្ណោះ​។ មែនទែនទៅដូង​នេះអ្នក​ស្រុកហៅ​ថា ដូង​​ក្រអូប ឬ​ដូង​នៀល​​។​​សម្បកដូង​នៀល​ ​ដែល​​ដើម​ឡើយមាន​ទំហំ​ធំជាង​នេះ​ត្រូវ​បាន​ចាស់ៗ​សម័យ​​មុន​​យកមក​វាល់អង្ករ។ លោក​ថា ទឹក និង​សាច់ដូង​​មាន​រស់ជាតិ​ផ្អែម​ក្រអូប និងមានសម្បកស្តើង​​អាច​បក​ដោយ​ដៃ​បាន​ ​។ ​

លោក​បញ្ជាក់ថា៖ «ឈ្មោះ​ដោះ​ក្រមុំ​នេះ គ្រាន់តែ​ខ្ញុំ​ដាក់​ដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍​បងប្អូន​មក​ទស្សនា​ស្តង់​ផលិត​ផលខ្មែរ​ទេ ហើយ​ក៏​ឃើញ​ថា​បងប្អូន​​ចាប់​អារម្មណ៍ប្រាកដ​មែន​»។

  លោក​បាន​​បន្ថែម​​ថា​ ការដាំដុះ​ដូងដោះក្រមុំ​​អាច​ទទួល​​បានទិន្និផល​​រយៈពេល​៣​ឆ្នាំ​ ក្នុងករណី​ថែរទាំបាន​ដិត​ដល់ ​មាន​កម្ពស់​​ដូច​នឹង​ដើម​ដូង​តឿ និង​​អាច​មា​នផ្លែ​​ចន្លោះពី​ ៥០​​ផ្លែ​ទៅ៧០​ផ្លែ​ក្នុង​មួយធ្លាយ។ ក្រៅ​ពី​ផ្លែ​ដូង ​ស្តង់ក៏​បាន​តាំង​បង្ហាញ​​នូវ​ ផលិតផល​ ​ទិន្និផល និង​កសិផល​ជាច្រើន​ទៀត​ដូច​ជាបន្លែ​ផ្លែឈើ អង្ករ​ ស្ករត្នោត​​ និង​ផលិត​ផល​ផ្នែក​វាយ​នភ័ណ្ឌ​ជាដើម​ ដែល​មាន​ភូមិ​សាស្រ្ត​ក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។

  លោក ម៉ៅ សិទ្ធិ​ ឱ្យ​ដឹងទៀត​ថា ទឹក​ដូង​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​សុខភាព​។ដូច្នេះ​ការ​និយមចូល​ចិត្ត​ផ្លែ​ដូង​មាន​ច្រើន​ និង​និយមចូលចិត្ត​​រស់ជាតិ​ផ្សេងៗ​គ្នា​។ ស្របពេលបច្ចេកទេស​ផ្នែក​បង្កាត់​ពូជ​ដូង​មាន​​ការរីកចម្រើន​ ​គេ​មិន​អាច​ស្គាល់​អស់​ថា ពូជដូង​​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​​ប៉ុន្មាន​ប្រភេទ​ឡើយ៕

ចុចអាន៖

អត្ថបទដោយ៖ សុផល