បន្ទាន់​! អ្នក​បាត់​ម៉ូតូ​ប្រញាប់ពិនិត្យ​ស្លាក​លេខ នគរបាលខេត្តកណ្តាលរឹបអូស​បាន​ច្រើន​ណាស់

  • 2018-03-16 04:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នង​ការ​នគរបាល​ខេត្ត​កណ្តា​លបាន​ប្រកាស​ឱ្យ​ពលរដ្ឋ​ទូទំាង​ប្រទេស ដែល​ធ្លាប់​បាត់​ម៉ូតូ ​ឬ​ត្រូវ​ជន​ល្មើស​លួច​ឬប្លន់​ អាច​ប្រញាប់​មក​ពីនិត្យ​ស្លាក​លេខនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ដែល​សមត្ថ​កិច្ច​ទើប​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​ ក្រោយ​ចាប់​ឃាត់​ខ្លួន​ជន​ល្មើស​បាន​១២នាក់ ​និង​ស្លាក​លេខ​ប្រមាណ៣០០​។

(ស្លាកលេខម៉ូតូដែលសមត្ថកិច្ច​រកឃើញ/រូបភាព៖ ស្នងការដ្ឋាន​នគរបាល​​ខេត្ត​កណ្តាល)

លោកឧត្តមសេនីយទោ អ៊ាវ សំរើន ស្នងការនគរបាល​ខេត្តកណ្តាល បានប្រាប់ឱ្យ​ដឹងថា ក្រោយសមត្ថកិច្ចខេត្តកណ្តាល បានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បំបែកសំបុកក្រុមចោរប្លន់ និងកន្លែងទទួលផលចោរកម្មរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមក សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបានជនល្មើស១២នាក់ បានបញ្ជូនទៅតុលាការ។ ចំណែកម៉ូតូ រួមទាំ​ង​ភស្តុតាងផ្សេងៗទៀត កំពុងរក្សាទុក ពិសេសគឺស្លាកលេខម៉ូតូ កំពុងរកឃើញជាបន្តបន្ទាប់ សរុបទំាងអស់មានមិនតិចជាង៣០០ទេ។    លោកស្នងការ​ ឱ្យ​ដឹង​ថា ជាក់ស្តែង​កាលពីថ្ងៃទី១៥ខែ​មីនា​​ក ន្លង​មក​នេះ​ សមត្ថកិច្ច​ខេត្តកណ្តាល បាន​បន្តនិតិវិធីជាមួយសមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ រកឃើញស្លាកលេខ១៩៨ទៀត ដែល​ក្រុម​ជន​ល្មើស​បាន​ដោះបោះចោល​ក្នុងស្រះ​ទឹក​មួយក​ន្លែង​នៅ​ក្រុង​ច្បារមន​។

លោក​ស្នង​ការ​រូបនេះ​​ប្រកាសឱ្យព​រដ្ឋទូ​ទំាង​ប្រទេស ដែល​ធ្លាប់​បាត់​ម៉ូតូ ឬត្រូវជនល្មើសលួចឬប្លន់ កន្លងមក ត្រូវ​ប្រញាប់​មកពិនិត្យមើលស្លាកលេខនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ដើម្បី​រៀប​ចំដាក់​ពាក្យប្តឹង​បន្តទៀត​។ លោក​បន្តថា លោក​នឹងចុះអនុវត្ត​រឿងនេះ​បន្តទៀត ដើម្បីបោសសំអាតក្រុមខិលខូចឱ្យអស់ពីសង្គមកម្ពុជា។   លោក​បន្តថាៈ «ជាទូទៅ​ក្រោយពេលដែលវាប្លន់​បាន​​ និង​កាច់ក​ម៉ូតូ​បាន​​ក្រុម​នេះ​បាន​យក​ទៅ​លក់​នៅ​កន្លែង​ឡរ​គេ មានន័យ​ថា កន្លែង​ទទួល​ផល​ចោរកម្ម​ហ្នឹង​នៅ​ក្រុង​ច្បារមន​​​ខេត្ត​កំពង់​ស្ពឺ​។ អ៊ីចឹងយើង​បាន​ឃាត់​ខ្លួន​​៥​នាក់​ទៀត​នៅ​កំពង់​ស្ពឺ​ហ្នឹង​បាន​ម៉ូតូ​៨​គ្រឿង​​ ក្រៅ​ពីហ្នឹង​មានតែស្លាកលេខ​របស់​របរ​ដែល​ដោះ​ចេញ​ពី​ម៉ូតូ​ ដែល​លួច​បាន​​​ ហើយមាន​វត្ថុ​តាង​មួយចំនួ​ន​ទៀត​វាបាន​បោះចោល​នៅ​ក្នុង​ស្រះទឹក​ ដែលមាន​ជម្រៅ៨​ម៉ែត្រ​»។

បើ​តាម​លោក​ស្នងការ​ ជនល្មើសទំាង១២នាក់នេះ បានយកខេត្ត៣ ធ្វើសកម្មភាពលួច និងប្លន់ រួមមានខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង​ដែលមានឃ្លាំង​ស្តុកទុក៦កន្លែង ហើយ​​សមត្ថកិច្ចបានសន្និដ្ឋានថាអាចនឹងមានខេត្តផ្សេងទៀតជាប់ពាក់ព័ន្ធ។ ចំណែកម៉ូតូ ដែល​ត្រូវបានសមត្ថកិច្ចរកឃើញមានចំនួនត្រឹមជាង១០គ្រឿងប៉ុណ្ណោះ មានន័យថា ជន​ល្មើស​បាន​លួច​ឬប្លន់ យក​លក់​ជាបន្ត​បន្ទាប់​រហូត ចំណែក​ស្លាកលេខ​មាន​ប្រមាណ៣០០ស្លាក មាន​ទំាង​ស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម ស្លាកលេខអង្គការ ស្លាកលេខភ្នំពេញ និង​ស្លាក​លេខ​ខេត្ត​ជាដើម​៕

អត្ថបទដោយ៖ សុផល

អត្ថបទពេញនិយម