អតីត​អាជ្ញា​កណ្តាល​ ថោង ច័ន្ទកិត្យា​ ​បើក​ភោជនីយដ្ឋាន​​ថ្មី​ដើម​ទុន​ក៏​ច្រើន

  • 2018-03-16 04:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​អាជ្ញា​កណ្តាល​បាល់ទាត់​កម្ពុជា​ដ៏​ល្បី​លោក​ ថោង ច័ន្ទកិត្យា​បាន​​បើក​ភោជនីយដ្ឋាន​​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​ដំណើរ​ការ​អាហារដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​រយៈ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។

លោក ថោង ច័ន្ទកិត្យា

លោក​ ថោង ច័ន្ទកិត្យា បាន​ប្រាប់​ថា​ ​ភោជនីយដ្ឋាន​ថ្មី​របស់​លោក​​នៅ​​ព្រែក​កំពឹស​ ជិត​ទូរទស្សន៍​ TV 5​ ទើប​ដំណើរ​ការ​បាន​ប៉ុន្មាន​​ថ្ងៃ​​នេះ​ទេ។ ការ​រៀប​ចំ​តុប​តែង​លម្អ​ផ្សេង​ៗ​​មិនទាន់​រួច​​រាល់​ ហើយ​បុគ្គលិក​ក៏​មិន​ទាន់​មាន​គ្រប់​ដែរ។ ប្រហែល​ជា​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ទើប​អាច​រួច​រាល់។ យ៉ាង​ណា​ ៣​ទៅ​៥​ថ្ងៃ​ទើប​បើក​ដំណើរ​ការ​នេះ​ក៏​មាន​ភ្ញៀវ​បណ្ដើរ​ៗ​ដែរ។

អតីត​អាជ្ញា​កណ្តាល​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ​ដោយ​សារ​​ដី​​ដែល​​ឪពុក​ម្តាយ​ចែក​ឲ្យ​នៅ​ទំនេរ​ ហើយ​ផ្លូវ​ក៏​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​ ព្រម​ទាំង​មិន​សូវ​ឆ្ងាយ​ពី​ភ្នំពេញ​ផង​នោះ​ទើប​លោក​សម្រេច​​បើក​ភោជនីយដ្ឋាន​នេះ​ឡើង។ លោក​បាន​បញ្ជាក់​ថា​ ដើម​ទុន​ក្នុង​ការ​ដំណើរ​ការ​ហាង​ថ្មី​នេះ​អស់​ជិត​៥​ម៉ឺន​ដុល្លារ​អាមេរិក។

លោក​ប្រាប់​ថា ភោជនីយដ្ឋាន​ថ្មី​របស់​លោក​​ចាប់​បើក​​ទទួល​ភ្ញៀវ​ពី​ម៉ោង​៩​រហូត​ដល់​ល្ងាច​ ខណៈ​អាហារដ្ឋាន​នៅ​ភ្នំពេញ​​ចាប់​​បើក​ពេល​ល្ងាច​ ដូច្នេះ​លោក​អាច​​មាន​ពេល​វេលា​ទៅ​មើល​ការ​ខុស​ត្រូវ​​បាន ប៉ុន្តែ​លោក​ហត់​នឿយ​បន្តិច​។

ពាក់​​ព័ន្ធ​នឹង​អាជីព​អាជ្ញា​កណ្តាល​វិញ​ លោក​ ថោង ច័ន្ទកិត្យា​ ​បាន​​និយាយ​ថា​ លោក​មិន​ចោល​​អាជីព​មួយ​នេះ​ឡើយ។ អាជីព​អាជ្ញា​កណ្តាល​បាន​ធ្វើ​ឲ្យ​មហា​ជន​បាន​ស្គាល់​រូប​លោក​រហូត​ដល់​សព្វ​ថ្ងៃ។ ថ្វី​បើ​​លោក​បាន​ឃ្លាត​ឆ្ងាយ​ពី​លើ​ទី​លាន​មួយ​រយៈ​ពេល​​មែន​ ប៉ុន្តែ​លោក​​បន្ត​កិច្ច​ការ​ផ្សេង​ៗ​ ដូច​ជា​ធ្វើ​ជា​គ្រូ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល​ កិច្ច​ការ​​អាជ្ញា​កណ្តាល​ហ្វូត​សាល​ និង​ការងារ​អាជ្ញា​កណ្តាល​ផ្សេង​ៗ​ទៀត។

លោក​​ជា​អាជ្ញា​កណ្តាល​បាល់ទាត់​កម្ពុជា​ដ៏​​ល្អ​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​ទាំង​ការ​កាត់​សេចក្តី​​ជាតិ​ និង​អន្តរជាតិ។ ​​លោក​​បាន​ចូល​និវត្ត​ពី​អាជីព​អាជ្ញា​កណ្តាល​បាល់ទាត់​អន្តរជាតិ​ហើយ​ ប៉ុន្តែ​នៅ​តែ​ធ្វើ​អាជ្ញា​កណ្តាល​​សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុក។ ភូមិ​ស្រែ​ខ្ញុំ​ជា​​ភោជនីយដ្ឋាន​​ទី​២​ បន្ទាប់​ពី​លោក​បាន​អាហារដ្ឋាន​ទី​១​ឈ្មោះ​ FC House​ ពីរ​បី​ឆ្នាំ​ហើយ​​នៅ​ផ្លូវ​៣១០​ ​ក្នុង​រាជ​ធានី​ភ្នំពេញ៕

ទិដ្ឋភាព​ភោជនីយដ្ឋាន ភូមិ​ស្រែ​ខ្ញុំ (រូបថត៖ ភូមិ​ស្រែ​ខ្ញុំ)

អត្ថបទ៖ ជាន ចាន់រ៉ា