​រសៀល​នេះ​ គ្រូ​ ភា ​សុភ័ក្ត្រា​ នាំ​ទ័ព​ទៅ​​លេង​ទឹក​ដីអាស៊ី​អឺរ៉ុប​នៅ​អរិយក្សត្រ​

  • 2018-03-16 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​សៅរ៍​​នេះ​​ឈាន​ដល់​សប្តាហ៍​ទី​៣​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ហើយ​ដោយ​មាន​៣​គូ​​​លេង​នៅ​លើ​៣​ទី​លាន​ផ្សេង​គ្នា។ តើ​ក្រុម​ណា​នឹង​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត?

ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ AEU Sport Park របស់​ខ្លួន​នៅ​អរិយក្សត្រ​​ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​វេលា​ម៉ោង​៣​រសៀល។​ ក្រុម​ទាំង​​២​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា​ បន្ទាប់​ពី​ឈ្នះ​១​ និង​ចាញ់​១​ដូច​គ្នា​សម្រាប់​ពីរ​សប្តាហ៍​កន្លង​ទៅ​។

ការ​ប្រកួត​សប្តាហ៍​ទី​១​ អាស៊ី​អឺរ៉ុប​បាន​ចាញ់​ក្រុម​​ការពារ​តំណែង​ជើង​ឯក​ បឹងកេត​ដោយ​លទ្ធផល​ប្រផុត​ប្រផើយ​ ៣-៤។ ចំពោះ​សប្តាហ៍​ទី​២​ ក្រុម​សាកល​វិទ្យាល័យ​មួយ​នេះ​ទទួល​បាន​ជោគជ័យ​លើ​ក្រុម​សូទីលូ​អង្គរ​ដោយ​លទ្ធផល​​ ២-១។ កីឡាករ​បរទេស​ចាស់​វស្សា​នៅ​លីគ​កម្ពុជា​បាន​ក្លាយ​ជា​តួ​សំខាន់​របស់​អាស៊ី​អឺរ៉ុប​ ប៉ុន្តែ​តំបន់​ការពារ​នៅ​មិន​ទាន់​រឹង​មាំ​ល្អ​ឡើយ។

លោក សុខ វាសនា

លោក សុខ វាសនា គ្រូ​បង្វឹក​អាស៊ី​អឺរ៉ុប​បាន​និយាយ​ថា លោក​ទទួល​ស្គាល់​ក្រុម​ទ័ព​ទាំង​កីឡាករ​ខ្មែរ​ និង​បរទេស​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​​អាស៊ី​អឺរ៉ុប​ ដូច្នេះ​ច្បាស់​ណាស់​ លោក​នឹង​ប្រើ​ទម្រង់​ការពារ​ដើម្បី​វាយ​បក​វិញ។ លោក​បញ្ជាក់​ថា​ កម្លាំង​របស់​ក្រុម​លោក​​​ចុះ​ថយ​នៅ​ចុង​វគ្គ​ទី​២​ ប៉ុន្តែ​​បាន​ពង្រឹង​រហូត​បាន​ជោគជ័យ​​ក្នុង​សប្តាហ៍​ទី​២។ ចំពោះ​ខ្សែ​ប្រយុទ្ធ​វិញ​ ក្រុម​របស់​លោក​ល្អ​ប្រសើរ។

ក្រុម​ក្រសួង​ការពារ​ជាតិ

ការ​សប្ដាហ៍​ទី​១​ ក្រុម​ទ័ព​នេះ​បាន​៣​ពិន្ទុ​ពី​ការ​ឈ្នះ​អង្គរ​ថាយហ្គឺរ​១-០​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​ ប៉ុន្តែ​បែរ​ជា​ចាញ់​ភ្នំពេញ​ក្រោន​ ២-០ ក្នុង​សប្ដាហ៍​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ មើល​តាម​ទម្រង់​លេង​២​សប្ដាហ៍​​កន្លង​ទៅ​ តំបន់​ជួរ​មុខ​​របស់​ទ័ព​ និង​តំបន់​ការពារ​​​ល្អ​ ប៉ុន្តែ​តំបន់​បម្រើ​​មិន​ទាន់​ល្អ​ឡើយ​​ខណៈ​​ការ​គ្រប់​គ្រង​បាល់​ក៏​មិន​បាន​យូរ។

លោក ភា សុភ័ក្ត្រា

លោក ភា សុភ័ក្ត្រា គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា​ ​ខ្សែ​បម្រើ​ទាំង​សង​ខាង​របស់​ទ័ព​មិន​​ទាន់​លេង​ត្រូវ​តាម​អ្វី​ដែល​លោក​ចង់​បាន​ឡើយ​ ដូច្នេះ​លោក​​ព្យាយាម​បង្កើន​ការ​​ហ្វឹកហាត់​តំបន់​បម្រើ​ដើម្បី​ឲ្យ​ល្អ​ប្រសើរ៕

២​គូ​ផ្សេង​ទៀត​សម្រាប់​ថ្ងៃ​នេះ

  • វេស្ទើន​ភ្នំពេញ​ Vs សូលីតូ​អង្គរ​ នៅ​ទី​លាន​វេស្ទើន​ភ្នំពេញ​ ​ម៉ោង​​៣​រសៀល​

  • ណាហ្គាវើល​ vs អង្គរ​ថាយហ្គឺរ​ ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ម៉ោង​៦:៣០​នាទី​ល្ងាច​

អត្ថបទ៖ ជាន ចាន់រ៉ា