តារា​​​សម្ដែង​៣​ប្រទេស​ប៉ះ​គ្នា​​ កម្ពុជា-ថៃ-ឡាវ ​ធ្វើ​ឲ្យ​ផលិតករ​ចាយ​ទុន​អស់​​​២​សែន​ដុល្លារ​​​​​

  • 2018-03-17 02:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​មហា​ហង្ស​​​បាន​​​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​​ភាព​យន្ត​ខ្នាត​ធំ​រឿង​"អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​"​របស់​ខ្លួន​នៅ​រោង​ភាព​យន្ត​ Legend Premium Exchange square ​ដោយ​មាន​ការ​ចូល​រួម​ពី​តារា​សម្ដែង​​កម្ពុជា​- ថៃ​ និង​ឡាវ កាល​ពី​ល្ងាច​មិញ​នេះ​។

លោក​ អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​បាន​លើក​ឡើង​ថា ​ភាព​យន្ត​ខ្នាត​ធំ​រឿង​ "អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ​ដែល​មាន​តារា​៣​ប្រទេស​ចូល​រួម​សម្ដែង​ជាមួយ​គ្នា​ កម្ពុជា- ថៃ​-​ និង​ឡាវ​​ លោក​ និង​ផលិតករ​ថៃ​បាន​ចូល​​ហ៊ុន​គ្នា​នូវ​ទឹក​ប្រាក់​ចំនួន​​ ២០ ម៉ឺន​ដុល្លារ​​អាមេរិក​ ក្នុង​ការ​ផ្ដិត​យក​ទិដ្ឋភាព​​​​សំខាន់​ៗ​នៃ​ប្រទេស​ទាំង​៣​។

ទោះ​បី​ជា​ចាយ​ទុន​អស់​​២ សែន​​ដុល្លារ​អាមេរិក​​ក្នុង​ការ​ផលិត​​រឿង​ "​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​"​ក្ដី​លោក អ៊ិន សុភិន មិន​បាន​​ព្រួយ​បារម្ភ​​អំពី​បញ្ហា​ខាត​​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ​​លោក​ជឿជាក់​​ នឹង​សង្ឃឹម​​ថា​ភាព​យន្ត​ខ្នាត​ធំ​មួយ​នេះ​​និង​មាន​ការ​គាំទ្រ​ពី​​ទស្សនិកជន​​​នៅ​ពេល​ដាក់​បញ្ចាំង​នៅ​រោង​កុន​។

លោក​ថា​៖​"​ មូល​ហេតុ​ដែល​ខ្ញុំ​ជឿ​ជាក់​ និង​សង្ឃឹម​ដូច្នេះ​ថា​មាន​ការ​គាំ​ទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ ព្រោះ​ក្នុង​រឿង​នេះ​​​ប្រជុំ​ដោយ​កំពូល​តារា​សម្ដែង​៣​ប្រទេស​ប៉ះ​គ្នា​ បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ស្រដៀង​គ្នា​​​ក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​របស់​ប្រទេស​ទាំង​៣​"។

រឿង​"​អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" ជា​​​ប្រភេទ​រឿង​ស្នេហា​​​អូន​បង​​ លាយ​ឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ សើច​តាំង​ពី​ដើម​ដល់​ចប់​ជាមួយ​អត្ថន័យ​អប់​រំ​ជា​ច្រើន​នៅ​ក្នុង​រឿង​​ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​លោក ខាត់ វៃ ហាំង ​អ្នក​នាង​ ណាតតាទីដា ដាំរ៉ុងវិសិដ្ឋផេត  ​លោក ឆាគ្រី ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​។

រឿង​"អនុស្សាវរីយ៍​ថ្ងៃ​ចូល​ឆ្នាំ​" នឹង​ត្រូវ​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម