២ថ្ងៃ​ទៀត ប្រតិភូ​ជាន់​ខ្ពស់​​ហុងកុង នឹង​មក​ដល់កម្ពុជា រក​ផ្លូវ​វិនិយោគ​នៅ​កម្ពុជា

  • 2018-03-17 07:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​អភិវឌ្ឍពាណិជ្ជកម្ម​ហុងកុង (HKTDC) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី១៩-២០ មីនា ដើម្បី​ស្វែង​រក​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​វិនិយោគ និង​ផលិតកម្ម​រវាង​កម្ពុជា និង​ហុងកុង ក្រោម​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​ពាណិជ្ជកម្ម "ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ"។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែល Sabay ទទួល​បាន។

ដំណើរ​ទស្សនកិច្ច​ផ្នែក​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​ទីក្រុង​ហុងកុង ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជា​តំបន់​ពាណិជ្ជកម្ម​រវាង​ចិន​ដី​គោក អាស៊ី និង​ពិភព​លោក មួយ​​នេះ នឹង​ត្រូវ​ដឹក​នាំ​ដោយ​លោក Edward Yau លេខាធិការ​ពាណិជ្ជកម្ម និង​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​រដ្ឋបាល​ពិសេស​របស់​រដ្ឋបាល​ក្រុង​ហុងកុង និង​លោកស្រី Margaret Fong នាយក​ប្រតិបត្តិ HKTDC។

HKTDC នឹង​ចូលរួមសិក្ខាសាលា​ពិភាក្សា​ពី​ឱកាស​សហការ​គ្នា​ក្នុង​ការផលិត និង​វិនិយោគ ក្នុង​នោះ​មាន​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និង​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​ប្រព្រឹត្ត​ទៅ​​​នៅ​សណ្ឋាគារ The Great Duke Phnom Penh (អតីតសណ្ឋាគារ Intercontinental) ចាប់​ពី​ម៉ោង ១២ ថ្ងៃ​ត្រង់ ថ្ងៃ​ទី២០ មីនា។

សិក្ខាសាលាដែល​រៀបចំ​ដោយ​សមាគម​ពាណិជ្ជកម្ម​ហុងកុង​នៅ​កម្ពុជា Hong Kong Business Association in Cambodia (HKBAC) នេះ នឹង​បង្ហាញ​ពី​ឱកាស​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​វិនិយោគ​ជាមួយ​ហុងកុង និង​ជំរុញ​ភាព​ជា​ដៃគូ​ក្នុង​តំបន់។

HKTDC ជា​ស្ថាប័ន​ស្រប​ច្បាប់​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៦ ជា​ដៃគូ​ទីផ្សារ​អន្តរជាតិ​របស់​ហុងកុង សម្រាប់​ក្រុមហ៊ុន អ្នក​ជំនួញ និង​អ្នក​ផ្ដល់​សេវាកម្ម ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង ហើយ HKTDC មាន​ការិយាល័យ​ជាង ៤០ នៅ​ទូទាំង​ពិភព​លោក៕

ដោយ៖ វិទូ

អត្ថបទថ្មី