ហេតុផល​៥​យ៉ាង ដែល​បង្ហាញ​ថា​អាជីព​ជា​គ្រូ​បង្វឹក​បាល់ទាត់ ជា​ការងារ​ដែល​ស្រេ្តស​បំផុត

  • 2018-03-18 09:00:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​ក្លឹប និង កីឡាករ ប្រាកដ​ណាស់​ថា​មិន​អាច​កាត់​ផ្តាច់​បាន​ឡើយ​ពី​គ្រូ​បង្វឹក ដែល​ជា​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​លើ​ជោគវាសនា​ខ្លួន​ឯង និង ក្លឹប​ទាំង​មូល។ ខាង​ក្រោម​នេះ គឺ​ជា​ហេតុផល​៥​យ៉ាង ដែល​បង្ហាញ​ថា​អាជីព​ជា​គ្រូ​បង្វឹក​បាល់ទាត់ ជា​ការងារ​ដែល​ស្រេ្តស​បំផុត៖

១ ប្រើពេល​ច្រើន​ម៉ោង​ធ្វើការ

គ្រូ​បង្វឹក​បាល់ទាត់​ប្រើ​ពេល​ប្រហែល ១០០ ម៉ោង ក្នុង​មួយ​សប្តាហ៍​ដើម្បី​បំពេញ​ការងារ។ ​ នេះ​បើ​តាម​វេបសាយ jobmonkey.com។ បាន​ន័យ​ថា មួយ​សប្តាហ៍ ស្មើ​នឹង ១៦៨​ម៉ោង ពួកគេ​ប្រើ​ពេល​អស់​៦០% ធ្វើការ​សុទ្ធ​ដោយ​មិន​រាប់​បញ្ចូល​ម៉ោង​សម្រាក ឬ បើ​ធៀប​នឹង​អ្នក​ធ្វើការ​ទូទៅ ដែល​ប្រើ​ពេល​ត្រឹម​តែ ៤០ ទៅ ៤៨ ម៉ោង​ក្នុង​១​សប្តាហ៍។

សរុប​មក ក្នុង​១​សប្តាហ៍ គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់​សល់​ពេល​៦៨​ម៉ោង ដើម្បី​ញ៉ាំ គេង ធ្វើ​កិច្ចការ​ផ្ទាល់ខ្លួន និង សម្រាប់​គ្រួសារ។ ជារួម ក្នុង​១​ថ្ងៃ​ពួកគេ ប្រើ​ពេល​ដល់​ទៅ ១៤,២៩ ម៉ោង​លើ​ការងារ និង​ សល់​ពេល ៩,៧១ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ សម្រាប់​គេង ឬ តាំង​ចិត្ត​ធ្វើ​អ្វីផ្សេង​ក្រៅ​ពី​ការងារ។

២ កំហិត​ពេល​វេលា​ជាមួយ​គ្រួសារ និង ជីវិត​ផ្ទាល់ខ្លួន

ចំណាយ​ពេល​១០០​ម៉ោង ក្នុង​១​សប្តាហ៍​សម្រាប់​គ្រូ​បង្វឹក​ដែល​គ្មាន​គ្រួសារ មិន​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​គ្រូ​បង្វឹក​ជា​ច្រើន​មាន​ទាំង​ប្រពន្ធ​និង​កូនៗ ហើយ​ពេល​វេលា ៩,៧១ ម៉ោង​ក្នុង​១​ថ្ងៃ​រាប់​ទាំង​ញ៉ាំ គេង និង គ្មាន​ការ​លើកលែង​សូម្បី​ចុង​សប្តាហ៍។

លោក Mike Ekeler ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់​តែង​សួរ​ខ្លួន​ឯង​ជា​រៀង​រាល់​ឆ្នាំ​ថា "តើ​ខ្ញុំ​គួរ​បន្ត​​ធ្វើ​វា​ទៀត​ឬ​ទេ”? ជា​យូរ​ឆ្នាំ​ឆ្ងាយ​ពី​ប្រពន្ធ និង កូន​៤​នាក់។ ជា​កំហុស? ប៉ុន្តែ​​លោក​តែង​បញ្ចប់​ចម្លើយ​ជាមួយ​នឹង​ពាក្យ​ថា "Yes” គឺ​បន្ត។ មហិច្ចតា ការ​ស្រលាញ់​បាល់ទាត់ និង ប្រាក់ឈ្នួល តែង​យក​ឈ្នះ​ចិត្ត​លោក​ដែល​ចង់​នៅ​ជិត​គ្រួសារ។

៣ ការងារ​ដែល​គ្មាន​ស្ថិរភាព

ការងារ​ជា​គ្រូ​បង្វឹក​ត្រូវ​បាន​គេ​ប្រមើល​ឃើញ​ថា​មាន​ស្ថិរភាព​ទាប​បំផុត ពោល​គឺ​ប្រមាណ​១៨% បាន​ន័យ​តំណែង​គ្រូធំ​បាន​មក​ដោយ​លំបាក និង បាត់​បង់​ទៅ​វិញ​ដោយ​ផុយ​ស្រួយ។ នេះ​បើ​តាម ESPN ធ្លាប់​បាន​ចុះ​ផ្សាយ​កន្លង​មក។

ជាក់ស្តែង គ្រូបង្វឹកជាច្រើន សូម្បីតែគ្រូល្បីៗ ត្រូវបាន​ក្លឹបដកចេញពីតំណែង ក្រោយដឹកនាំ​ក្រុមទទួលលទ្ធផល​មិនល្អ ទោះធ្លាប់មានស្នាដៃច្រើនយ៉ាងណាក៏ដោយ។

៤ ការងារ​ដែល​មាន​កម្រិត​ស្ត្រេស​ខ្ពស់

ដោយ​សារ​តែ​បាល់ទាត់​ជា​ប្រភេទ​កីឡា​ដែល​ទាមទារ​យុទ្ធសាស្ត្រ​បត់បែន​គ្រប់​គូបដិបក្ខ ដូច្នេះហើយ​ទើប​ទាមទារ​ឲ្យ​គ្រូ​បង្វឹក​នីមួយៗ​ត្រូវ​ប្រើ​ពេល​លើស​លប់​​ដើម្បី​រៀបចំ​ក្រុម​របស់​ខ្លួន និង ការ​ស្វែងយល់​ពី​គូ​សត្រូវ។

ជាង​នេះ អំឡុង​ពេល​ប្រកួត បាល់ទាត់​គឺ​ជា​ប្រភេទ​វិញ្ញាសា​កីឡា​ដែល​រន្ធត់​ញាប់ញ័រ​គ្រប់​វិនាទី ដែលនេះ​ធ្វើ​ឲ្យ​បាល់ទាត់​ក្លាយ​ជា​កីឡា​ដែល​មាន​ប្រជាប្រិយភាព​បំផុត​លើ​លោក​នេះ ខណៈ​ដែល​​អ្នក​ដែល​ពិបាក​ចិត្ត​ជាងគេ​ក្នុង​ទីលាន​គឺ​គ្រូ​បង្វឹក ព្រោះ​ចង់​ឈ្នះ តែ​មិន​អាច​ធ្វើ​អ្វី​បាន ក្រៅ​ពី​ស្រែក​បញ្ជា​កូន​ក្រុម។

ទាំង​នេះ​ហើយ​ដែល​ជា​កត្តា​ធ្វើ​ឲ្យ ការងារ​ជា​គ្រូ​បង្វឹក​ស្ត្រេសលើសការងារនានា សូម្បី​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ក៏​គង់​មាន​​ពេលវេលា​​សប្បាយច្រើន​ជាង​គ្រូ​បាល់ទាត់​ទៅ​ទៀត។

តួយ៉ាង កាល​ពី​ចុងខែ​ធ្នូ​កន្លង​ទៅ Business Insider បាន​ចុះ​ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក លោក​ Donald Trump ចាយ​ពេល​ជាង​៣៣%​លើ​មុខ​ជំនួញ​​ផ្ទាល់ខ្លួន និង ជាង ២៥% នៃ​ពេល​វេលា​សរុប​លើ​​ការ​វាយ​កូន​ហ្គោល​លំហែ​កាយ​របស់​លោក។

​៥ ប្រឈម​ជាមួយ​​អ្នក​សារព័ត៌មាន

ពិត​ណាស់ អាជីព​ជា​គ្រូ​បង្វឹក ក្រៅ​ពី​ប្រើ​ពេល​ច្រើន​ម៉ោង​នៃ​ជីវិត​របស់​ខ្លួន វា​ថែម​ទាំង​ជា​ប្រភេទ​ការងារ​ដែល​គេ​ឲ្យ​និយមន័យ​ថា "ការងារ​ដែល​គ្មាន​សន្តិសុខ (zero job security)” និង រស់​នៅ​ក្រោម​សម្ពាធ ក្រោម​ការ​ឃ្លាំ​មើល​របស់​អ្នក​សារព័ត៌មាន ២៤​ម៉ោង/៧​ថ្ងៃ។

ប្រភព៖ Businessinsider | Bleacherreport   ប្រែ​សម្រួល៖ សុខ លាងហ៊ត