តួ​សំខាន់​២ ក្នុង​រឿង​ទី​១របស់​សមាគម​សិល្បករ​ខ្មែរ ត្រូវ​​​ប៉ូលិស​ឃាត់​ខ្លួន​ លើ​ករណី​គ្រឿង​ញៀន

  • 2018-03-18 07:11:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បន្តោង​ឆ្នាំ​ដី" គឺ​ជា​ចំណង​ជើង​ភាពយន្ត​ដំបូង​ផលិត​ក្រោម​ការ​ផ្ដួចផ្ដើម​ពី "សមាគម​សិល្បករ​ខ្មែរ" ដែល​មាន​អ្នក​នាង ចន ច័ន្ទលក្ខិណា ជា​ប្រធាន និង​ដឹក​នាំ​សម្ដែង​ដោយ​តារា​កំប្លែង​នាយ ពែកមី។ ថត​រួច​មិន​ទាន់​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ផង តួ​សម្ដែង​២​រូប​ក្នុង​រឿង​ខ្នាត​ធំ​បែរ​ជា​ជួប​រឿង​​អាស្រូវ​​​​គ្រឿង​ញៀន​។ អ្នក​ទាំង​២​នោះ​គឺ៖

១ ហោរ អគ្គី​នេត្រ

លោក វ៉ាន់ សុខសីហា ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook ស្គាល់​ថា​ជា​ ហោរ​មាន​ប័ណ្ណ​ធានា​ អគ្គី​នេត្រ​ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​លើ​ករណី​ជួញ​ដូរ​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ផ្លូ​វ២៧១ ក្រោយ​វិទ្យាល័យ ជា ​ស៊ី​ម សាមគ្គី ​ដោយ​ជួញ​ដូរ​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ទម្ងន់២.៦៨​ក្រាម​។ គិត​មក​ដល់​ពេល​នេះ លោក​នៅ​ជាប់​ឃុំឃាំង​ក្នុង​ពន្ធ​ធនាគារ​​នៅ​ឡើយ។

២ លោក តាន់ គីមសួ

អ្នក​ផលិត​វីដេអូ​បញ្ឆោត (Prank) ដែល​មាន​អ្នក​តាម​ដាន​ជាង​៣០ម៉ឺន​នាក់​លើ Facebook តាន់ គីមសួ ក៏​ជា​តួ​សំខាន់​មួយ​រូប​ក្នុង​ភាពយន្ត​ខាង​លើ​ដែរ។ ថ្មីៗ​នេះ​រូប​ភាព​ដែល​លោក​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះ បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម​។ មិន​ខុស​ពី អគ្គីនេត្រ ការ​ចាប់​ខ្លួន​ស្ដែងៗ​នេះ ​​ត្រូវ​បាន​គេ​ទម្លាយ​ជា​បន្ត​បន្ទាប់​ថា​ ​ធ្វើ​ឡើង​ដោយសារ​លោក​គឺ​ជា​អ្នក​ជួញ​ដូរ​គ្រឿងញៀន។

តាន់ គីមសួ ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន

យ៉ាង​ណា​ក្ដី មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ណា​មួយ​ថា​លោក​ត្រូវ​ឃាត់​ខ្លួន​លើ​ករណី​អ្វី​នៅ​ឡើយ​ទេ។ ក្នុង​នោះលោក​ ហេង ឡុង ដែល​ជា​អ្នក​ជួយ​សម្របសម្រួល​ការងារ​សមាគម និង​ការ​ថត​ភាពយន្ត​នេះ​បាន​ឲ្យ​ដឹង​តាម​រយៈ​វីដេអូ​ Live កាល​ពី​យប់​មិញ​ថា បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​ជា​មួយ​ភាគី​កង​រាជ​អាវុធហត្ថ​ លោក តាន់ គីមសួ ពិត​ជា​ត្រូវ​បាន​សមត្ថកិច្ច​​ឃាត់​ខ្លួន​មែន តែ​លោក ហេង ឡុង ​មិន​អាច​ដឹង​លម្អិត​ថា​ក្រោម​មូលហេតុ​អ្វី​នៅ​ឡើយ​ ត្បិត​ខ្លួន​មិន​អាច​ទាក់​ទង​សុំ​ជួប​ជន​ជាប់​ចោទ​បាន។

គូ​ស្នេហ៍​ប្រធាន​សមាគម បន្ថែម​ថា ទោះ​តួ​សម្ដែង​មាន​ពេល​នេះ​កំពុង​ជាប់​គាំង​ក្នុង​ពន្ធ​ធនាគារ​មែន តែ​រឿង "បន្តោង​ឆ្នាំ​ដី" បាន​ផលិត​ហើយ​រួច​រាល់ ​និង​គ្រោង​បញ្ចាំង​នៅ​ខែ​ក្រោយ​នេះ​។ ប្លង់​របស់​ ហោរ​អគ្គីនេត្រ មិន​ត្រូវ​បាន​កាត់​ចោល​ឡើយ ដោយ​អះអាង​ថា​បុរស​រូប​នេះ​ទើប​តែ​ពាក់ពន្ធ​នឹង​គ្រឿង​ញៀន​ ក្រោយ​សម្ដែង​ចប់។ ឯ​ប្លង់​លោក​ តាន់ គីមសួ គឺ​ត្រូវ​ពិចារណា​ និង​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ​ នៃ​រឿង​អាស្រូវ​សិន៕

វីដេអូ​លោក ហេង ឡុង និយាយ​ពី​ករណី​ប៉ូលិស​ចាប់ លោក​ តាន់ គីមសួ

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម