ផលិតករបកស្រាយ ក្រោយផ្ទុះ​​រឿង ​"រថយន្ត​ទៅ​សៀមរាប” ចម្លង​ពី​ថៃ​ និង​កូរ៉េ ទាំងដុល

  • 2018-03-19 02:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង”រថយន្ត​ទៅ​សៀមរាប” ដែល​ជា​ស្នាដៃ​ទី​១​របស់​លោក ស៊ឹម សុរ៉ាមភូមិ បាន​សម្ពោធ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​កាល​​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ស្នាដៃ​មួយ​នេះ​ត្រូវ​បាន​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា សាច់​រឿង​​បាន​ចម្លង​​ពី​រឿង "រថ​ភ្លើង​ទៅ​ប៊ូសាន" របស់​កូរ៉េ និង រឿង "888 តៃកុងឡានផ្តាច់ព្រលឹង" របស់​ថៃ។ បែប​នេះ តារា​សម្ដែង​​ដែល​វិវឌ្ឍ​​ខ្លួន​មក​ជា​ផលិតករ​​រូប​នេះ បាន​បញ្ជាក់​ថា រឿង​របស់​លោក​មិន​បាន​ចម្លង​ពី​​រឿង​ទាំង​២នោះ​ឡើយ។

ស៊ឹម សុរ៉ាភូមិ

ការ​ផ្ទុះ​ការ​រិះគន់​នេះ មិនមែន​ទើប​តែ​​ការ​ប្រកាស​នៃ​ការ​ចាក់​បញ្ចាំង​ឡើយ គឺ​​កើត​ឡើង​តាំង​ពី លោក ស៊ឹម សុរ៉ាមភូមិ ប្រកាស​ដំណើរ​ការ​ថត​មក​ម្ល៉េះ។ លោក​ថា ភាពយន្ត​ដែល​ជា​ស្នាដៃ​ដំបូង​របស់​ខ្លួន​នេះ គ្រាន់​តែ​ធ្វើ​ពិធី​ក្រុងពាលី​បង្ហាញចំណង​ជើង​ជា​សាធារណៈ​ភ្លាម ត្រូវ​បាន​មហាជន​មួយ​ចំនួន​​បាន​​លើក​ឡើង​ថា លោក​បាន​ចម្លង​ពី រឿង "រថ​ភ្លើង​ទៅ​ប៊ូសាន" របស់​កូរ៉េ និង រឿង “888 តៃកុងឡានផ្តាច់ព្រលឹង" របស់​ថៃ ភ្លាម។ ចំណុច​នេះ លោក​សូម​បញ្ជាក់​ថា ​រឿង”រថយន្ត​ទៅ​សៀមរាប” គឺ​ជា​តែង​និពន្ធ និងដឹក​នាំ​សម្ដែង​ដោយ​ខ្លួន​លោក​សុទ្ធសាធ មិន​បាន​ចម្លង​ពី​គេ​នោះ​ទេ។

លោក​បាន​លើក​ឡើង​ថា ស្នាដៃ​នេះ​ដំបូង​ឡើយលោក​ផលិត​ឡើង​ដើម្បីសារណា​​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ប៉ុន្តែតែ​ក្រោយ​ពី​មិត្ត​​ក្នុង​សិល្បៈ​​ជំរុញ និង​ការ​គាំទ្រ​ថវិកា​ពី​លោក​ស្រី ថុង ស៊ីវទៀង ជា​ម្ចាស់​ផលិតកម្ម​ ទើប​ស្នាដៃ​ថ្មី​នេះ​អាច​មាន​វត្តមាន​តាម​រោង​ភាពយន្ត។

សកម្មភាព​សម្ពោធ​រឿង

សុរ៉ាមភូមិ បញ្ជាក់​ទៀត​ថា ភាពយន្ត​រឿង”រថយន្ត​ទៅ​សៀមរាប” លោក​បាន​សរសេរ​ឡើង​ដោយ​ផ្ទាល់​ដៃ ដែល​ខ្លឹមសារ​នៃ​សាច់​​រឿង​ទាំង​មូល​ គឺ​មាន​ការ​អប់​រំ​លាយ​ជាមួយ​នឹង​ភាព​កំប្លុក​កំប្លែង​ ដោយ​និយាយ​ពី​អាជីព​អ្នក​រត់​តាក់​ស៊ី​ និង​អ្នក​រួម​ដំណើរ ថា​ជួប​បញ្ហា​អ្វី​ខ្លះ។ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​បង្កប់​សារ​អប់រំ ឲ្យ​មនុស្ស​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា​ និង​ចេះ​សម្រប​ឥរិយាបថ​ក្នុង​ស្ថាន​ភាព​ណាមួយ​​ ដើម្បី​រស់​នៅ​ឲ្យ​ចុះ​សម្រុង​នឹង​គ្នា ហើយ​មាន​ក្ដី​សុខ​។

សុរ៉ាមភូមិ​ បាន​លើក​ឡើង​​ទៀត​ថា សូម​ឲ្យ​អ្នក​ដែល​រិះ​គន់​ទាំង​ឡាយ កុំ​អាលចោទ​ប្រកាន់​លោក​ឲ្យ​សោះ សូម​​ទស្សនា​ភាពយន្ត​មួយ​នេះ​សិន មុន​​នឹង​ធ្វើ​ការ​រិះ​គន់ ដើម្បី​ឲ្យ​ដឹង​ថា​វា​ដូច​រឿង ថៃ​​ និង​កូរ៉េ ទេ។

បើ​ទោះ​ជា​ស្នាដៃ​នេះ ជា​ការ​សាក​ល្បង​ទីផ្សា​រភាពយន្ត​ក្ដី ក៏ប៉ុន្តែ​សុរ៉ាមភូមិ​ និយាយ​ថា ខ្លួន​បាន​សម្រិតសម្រាំង​ខ្ពស់ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គុណ​ភាព​សាច់​រឿង​ ទទួល​យក​បាន​ពី​ទស្សនិកជន។ ក្រៅ​ពី​ភាពយន្ត​មួយ​នេះ លោក ស៊ឹម សុរ៉ាមភូមិ បង្ហើប​ឲ្យ​ដឹង​ថាឆាប់ៗ​ខាង​មុខ​នេះ ​លោក​​​គ្រោង​ផលិត ​២ទៅ​៣រឿង បន្ត​ទៀត​ផង​ដែរ៕

អត្ថបទ៖ ស៊ុនហួត