ការពារ​ជាតិ អាច​ដក​កីឡាករ​បរទេស​ម្នាក់​ចេញ ក្រោយ​លេង​មិន​ល្អ

  • 2018-03-19 02:40:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្រសួង​ការពារ​ជាតិ ​អាច​នឹង​ដក​ខ្សែ​ប្រយុទ្ធ Na Hyo Sung ​ចេញ ​ក្រោយ​ពី​ចប់​ជើង​ទី​១​លីគ​កំពូល​កម្ពុជា​នេះ ​ដោយសារ​តែ​កីឡាករ​កូរ៉េ​ខាង​ត្បូង​ម្នាក់​នេះ ​លេង​មិន​បាន​ល្អ។

Na Hyo Sung ពាក់អាវលេខ៩

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ​និយាយ​ដោយ​មិន​លាក់​បាំង​អ្នក​គាំទ្រ​ថា​ក្រុម​របស់​លោក​លេង​ប្រយុទ្ធ​មិន​ទាន់​បាន​ល្អ​ឡើយ ដោយសារ​តែ​កីឡាករ​បរទេស​លេង​ប្រយុទ្ធ​ពាក់​អាវ​លេខ​៩ ​មាន​ឱកាស​តែ​ធ្វើ​មិន​បាន​សម្រេច​សោះ។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ ​លោក​អាច​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​បរទេស​ម្នាក់​នេះ​ចេញ ប្រសិន​បើ​ប្រកួត​ក្រោយ​ៗ ​នៅ​តែ​លេង​មិន​ល្អ​ដូច្នេះ​ទៀត។

លោក ភា សុភក្ត្រា

“ប្រយុទ្ឋ​ទោល​របស់​ទ័ព ជនជាតិ​កូរ៉េ​នៅ​មិន​ទាន់​បំប៉ោង​សំណាញ់​ទី​នៅ​ឡើយ​ក្នុង​ចំណោម​៣​ប្រកួត អាច​និយាយ​បាន​ថា​ខ្សែ​ប្រយុទ្ធ​មិន​មាន​ប្រសិទ្ធភាព​ ព្រោះ​ដៃ​គូ​ព្យាយាម​បញ្ជូន​បាល់​ល្អ​ទៅ​ក្នុង​ប្រអប់​ទី ​រួម​ទាំង​ឱកាស​សម្រេច​ទី​ តែ​គាត់​ធ្វើ​មិន​បាន ។ ខ្ញុំ​មិន​លាក់បាំង​អ្នកគាំទ្រ​ទេ​ បើ​គាត់​មិន​សម្រេច​ទី​ឱ្យ​ក្រុម​តាម​អ្វី​ដែល​យើង​ចង់​បាន​ នោះ​ជើង​ទី​២ យើង​នឹង​មាន​ការ​ផ្លាស់ប្តូរ​ ព្រោះ​យើង​បាន​ជជែក​គ្នា​ក្នុង​កិច្ច​សន្យា​រួច​ហើយ”។ លោក ភា សុភក្ត្រា បញ្ជាក់បន្ថែម។

ឆ្លង​កាត់​៣​ប្រកួត​នៅ​លីគ​កំពូល​កម្ពុជា ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ឈ្នះ​២​និង​ចាញ់​១​ប្រកួត ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង​លីគ។ ក្លឹប​មួយ​នេះ ​មាន​កីឡាករ​បរទេស​តែ​៤​រូប​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ស្រប​ពេល​សហព័ន្ធ​អនុញ្ញាត​ឱ្យ​ប្រើ​កីឡាករ​បរទេស​ដល់​ទៅ​៥​នាក់​ក្ដី៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម