អ្នកជំនាញ បង្ហាញពី​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​ ចំពោះ​វត្តមាន​ដ៏គំហុករបស់ទេសចរចិននៅ​ព្រះសីហនុ​

  • 2018-03-19 02:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ផ្នែក​ដី​ធ្លី និង​ទេសចរណ៍​នៅ​កម្ពុជា​មើល​ឃើញ​ថា​កំណើន​ជនជាតិ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ជំរុញ​ឲ្យ​ខេត្ត​នេះមាន​ការ​អភិវឌ្ឍកាន់តែរហ័ស និង​បាន​ជួយ​ឲ្យ​ជីវភាព​ម្ចាស់​ស្រុក​កើន​ឡើង។ យ៉ាងណា​មិញ​ អ្នក​ជំនាញ​ដដែល​លើកឡើងដែរ​ថាបើ​សិនជាគ្មាន​ការ​គ្រប់គ្រង​​ត្រឹម​ត្រូវទេ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​ប្រ​យោជន៍​ខ្លះ​មិនខាន។​

(ទិដ្ឋភាព​អគារខ្ពស់ៗនៅក្រុងព្រះសីហនុ)

លោក​ ហូ ​វណ្ឌី ​ទី​​ប្រឹក្សា​​​សមាគម​​​​ទី​​ភ្នាក់​ងារ​​​ទេសចរណ៍​​​​បាន​ឱ្យ​ដឹង​ថា រយៈពេលពីរ​ឆ្នាំចុង​ក្រោយ​នេះ​កន្លែង​ស្នាក់​នៅ​តូច ធំ​នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះបាន​សាងសង់​តាម​កម្រិត​ស្តង់ដាកាន់តែល្អ​ឡើងៗ។ ជាមួយ​គ្នានេះ លោក​ថាផ្លូវ​រថភ្លើង គម្រោង​ផ្លូវ​ល្បឿន​លឿន និង​សេវាដឹកជញ្ជូន​ភ្ញៀវទៅតាម​កោះនានា​ ក៏ជា​កត្តា​ធ្វើ​ឲ្យ​ខេត្ត​នេះ​ទាក់ទាញ​ភ្ញៀវ​បាន​កាន់តែច្រើន។

លោក​បន្ថែមថា៖ « ដូចនេះ​ទេសចរ​ទៅដល់​ណា​នឹង​នាំ​លាភសំណាង​ទៅដល់​នោះទាំង​ប្រាក់ចំណូ​ល​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ដល់​ពលរដ្ឋ​ ។ យើងអាច​​មើល​ឃើញ​អ្នកដែល​បាន​ប្រយោជន៍​ផ្សេងទៀត​ គឺថា​​ដីធ្លីគាត់​ឡើង​ថ្លៃ​ រីឯអ្ន​កមាន​ផ្ទះសំណាក់​គាត់​ជួល​បានថ្លៃ​ជាងមុន»។

ចំពោះចំណុច​អវិជ្ជមាន​វិញ​លោក​ថាគឺ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ដែល​ត្រង់ចំណុចនេះ លោក​ថា​អាជ្ញាធរត្រូវ​បង្កើន​ការ​យក​ចិត្តទុក​ដាក់បន្ថែមទៀត។

ចំណែក​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើកឡើងថា​កំណើន​ភ្ញៀវទេសចរចិន​បាន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ ឬ​ផ្ទះជួល​ទទួលបាន​កម្រៃច្រើនជាងមុន និងថា​បើ​តម្លៃចលនទ្រព្យវិញ​កើនឡើង​ប្រ​ហែល​១០​ដង​បើ​ធៀបទៅ​នឹ​ងពីរ​ឆ្នាំ​មុន។

«កំណើនេះអ្នកទទួល​បាន​ផល​សប្បាយ​ចិត្ត​ ប៉ុន្តែ​អ្នក​មិន​ទទួល​បាន​ផល​​គាត់​មិនសូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ។អ្នកខ្លះ​​មកកម្សាន្ត​ខេត្ត​ព្រះសីហនុ​ចាត់ទុក​ថា ខេត្តព្រះសីហនុ​គឺជា​កន្លែង​កម្សាន្ត​បែប​អឺ​រ៉ុប​ មាន​ន័យ​ថា សេវាកម្ម​លក្ខណៈស្ងៀម​ស្ងាត់ មួយ​ៗ ដល់​ពេល​ចិន​មក​យុទ្ធសាស្រ្ត​កាំភ្លើង​ធំ​ហ្មង»។ លោក​បន្ថែម។

លោក​ គីម ហ៊ាង លើកឡើង​ទៀតថា​ការ​រក្សា​បាន​នូវ​វត្តមាន​ទេសចរបរទេស​ចម្រុះជាតិ​សាសន៍​គឺជារឿង​ល្អ​ សម្រាប់​ខេត្តនេះ ជាជាង​មានតែ​ទេសចរមកពីប្រ​ទេស​តែ​មួយ​។ លោក​បន្តថាៈ «​យើង​សុខចិត្ត​ថា ឱ្យ​មានទេសចរចម្រុះ​ជាតិសាសន៍ ដែល​នេះប្រៀបបាន​នឹង​ការ​ប្រើ​បំពង់​ទុយោ​ច្រើន​ អត់​ហូរ​មួយ​ មាន​មួយ​ឬពីរហូរ​មក ប៉ុន្តែ​បើ​យើង​មាន​តែទុយោ​ធំ​មួយ​បង្ហូរ​មក លុយ​បាន​មែន​…បើ​ថ្ងៃ​ណាមួយ​ទុយោធំ​ស្ទះ​​អាច​មាន​បញ្ហា​ដែរ​»។

លោក​បញ្ជាក់ថា​អាជ្ញាធរក៏គួរពិនិត្យ​ផង​ដែរ​ចំពោះជនជាតិ​ចិន​ដែល​មករក​ស៊ី​របរ​បើក​កន្លែងម៉ាហ្សា រត់តា​ក់ស៊ី ឬកន្លែង​កាត់​សក់ជា​ដើម ដោយ​ថា​បើ​មាន​ដូចនេះ នឹងធ្វើឲ្យ​ម្ចាស់​ស្រុក​បាត់​ចំណូលមិន​ខាន​។​   អ្នកចំណាញ​មួយរូបទៀត គឺ​​លោកឧកញ៉ា លី ហួរ​ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​​កម្ពុជា និង​ជាអគ្គនាយក​ក្រុម​ហ៊ុន លី ហួរ​គ្រុប​​បាន​ឱ្យដឹង​ថា ​ការ​បោះទុនវិនិយោ​គលើ​វិស័យសំណង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ហាក់​មាន​​ការ​កើន​ឡើង​ច្រើន​​​ជាពិសេស​​ការ​វិនិយោគ​របស់​ក្រុមហ៊ុនចិន​។ យ៉ាង​ណា​មិញ​​លោក​ថា​មិន​មែន​​មានតែ​ក្រុមហ៊ុន​ចិន​នោះទេ​ គឺមាន​ក្រុម​សិង្ហបុរី​ កូរ៉េ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន​ទៀត​ ដែល​ទាំងអស់​នេះ​ថា​កម្ពុជា​បានបើក​ទូលាយដល់​អ្នក​​វិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់​ឱ្យ​តែគោរពទៅតាមច្បាប់​នៃព្រះរាជជាណាចក្រកម្ពុជា​។

ដោយ​ឡែក លោក តាំង វិចិត្រ​គ្រឹះស្នា​ ប្រធាន​មន្ទីរទេសចរ​ខេត្តព្រះសីហនុ​បាន​​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៧​កន្លងមក​ខេត្តព្រះសីហនុ​​ទទួល​បាន​ភ្ញៀវទេសចរ​ជិត​២លាននាក់​ ក្នុង​នោះជាង៤០​ម៉ឺន​នាក់ ​គឺជាភ្ញៀវបរទេស ហើយ​ថា​ខេត្ត​នឹង​បន្តរក្សា​កំណើត​បែប​នេះ​បន្ត​ទៀត​ក្នុងរង្វង់​ចន្លោះពី​១០% ទៅ​១៥%។ បើ​និយាយពី​​ភ្ញៀវជនជាតិ​ចិ​ន​វិញ​លោក​ថាគឺ​បាន​កើន​ឡើងជាង ១០០%។ លោក​បន្តថា​ធម្មតា​កាល​ណា​ភ្ញៀវទេសចរ​កើន​ឡើង​ តម្រូវការ​ទាំង​កន្លែង​ស្នាក់​នៅ និង​​ផ្នែកសេវាកម្ម​កម្សាន្ត​ក៏​កើន​ឡើង​ដែរ។

លោក​ឱ្យ​ដឹងទៀត​ថា អាជ្ញាធ​រ​ខេត្ត​កំពុង​​កែ​លម្អ​​ពង្រីង​ផ្លូវ​ និង​​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀតដូច​ជាគម្រោង​​ធ្វើ​ផែទេសចរណ៍​​ពីរទៀត​ និងការពង្រឹងគុណភាពស្តង់​ដារ​សេវាកម្ម​ ​និង​បរិស្ថាន ព្រមទាំង​ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​​ជាដើម៕

អត្ថបទដោយ៖ សុផល

អត្ថបទពេញនិយម