ហេតុផល​រំជួលចិត្ត! សំណង់ផ្ទះ ឬ​កុដិ បុរាណ មាន​អត្ថន័យ​សំខាន់​​ខ្លាំង​ចំពោះ​មនុស្សជំនាន់ក្រោយ​

  • 2018-03-19 04:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់អគារបុរាណចាស់ៗ ដែ​ល​ភាគ​ច្រើន​ទ្រុឌទ្រោម​ទៅ​ហើយ ​ទាំង​នៅរាជធានី​ភ្នំពេញ និងតាមបណ្តាខេត្ត​មួយចំនួន​ហាក់​កំពុងអន្ទង​ដួង​ចិត្ត​យុវជន​មួយរូប​ឱ្យ​ចង់​ស្វែងយល់​ និង​ចង់អភិរក្សអគារទាំង​នោះ ត្បិត​ថា អគារចាស់ៗ​ភាគ​ច្រើន​បានបង្កប់​នូវអត្ត​សញ្ញាណជាតិ​ខ្មែរ និង​ភាពរស់រវ៉ើក​​នៃរចនាប័ទ្ម​​សំណង់​នីមួយ​ៗ។

(រូបភាព​ផ្តល់​ឲ្យ)

យុវនិស្សិត​ឆ្នាំ​ទី​៥ផ្នែកសាបត្យ​កម្ម​ និង​នគររោបនីយវិទ្យា(សំណង់​បុរាណ​)​នៃ​សាលកវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ លើក​ឡើង​ថា​ការ​រក្សា​ទុក​នូវ​សំណង់អគារ​ដែល​មាន​អាយុ​រាប់ទសវត្សរ៍​នៅ​កម្ពុជា​​គឺ​ជា​ផ្នែក​មួយ​​រក្សានូវអត្ត​សញ្ញាណ​ជាតិ​ខ្មែរ​ និង​​ប្រ​វត្តិ​នៃការ​រស់​នៅ​របស់​មនុស្ស​នា​ពេល​នោះ។​

លោក ម៉ៅ សុខចំរើន បន្តថាសំណង់​លំនៅ​ដ្ឋាន​​ កុដិលោក និងព្រះវិហារជាដើម​ ​មាន​អាយុកាល​ចន្លោះ​ពី​ ៥០ ឆ្នាំ​ទៅជាង ១០០​ឆ្នាំ​​គឺ​មាន​តំលៃមិនអាច​កាត់ថ្លៃ​បាន។ លោក​ឲ្យ​ដឹងទៀតថា ក្រៅពី​បង្កប់នូវអត្ត​សញ្ញាណជាតិ​ខ្មែរ និងភាពរស់​រវ៉ើក សំណង់​ទាំងនោះក៏បាន​​ឆ្លុះ​បញ្ចាំងពីការរស់​នៅ​របស់​ប្រជាពលរដ្ឋនាសម័យ​កាល​នោះផងដែរ តាមរយៈ​​ផ្ទាំង​គំនូរ​នៅតាមព្រះវិហារ និង​សាលា​ឆាន់​ជាដើម។

(លោក ម៉ៅ សុខចំរើន និស្សិត​ឆ្នាំ​ទី​៥ផ្នែកសាបត្យ​កម្ម​ និង​នគររោបនីយវិទ្យា(សំណង់​បុរាណ​)​នៃ​សាលកវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ)

លោក​បន្ថែមថា៖ «ពេល​ចូលរៀន​នៅសាកលវិទ្យាល័យ​ កាន់តែ​​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​ចិត្ត​ទៅ​លើ​សំណង់អគារ​ចាស់ៗ​ទាំងអស់​នោះ ព្រោះ​អគារនីមួយបានបង្កប់​នូវអត្ថន័យ និងអត្ថរស់របស់សំណង់​នីមួយ​ៗ ដែល​ធ្វើឱ្យយើង​កាន់តែ​ជ្រួល​ជ្រើមចង់​ស្វែងយល់​ថែមទៀត​ ក្នុងនោះមាន​​ដូច​ជា​ ទី​១​ ​គ្រឿងបង្គុំ​ស្ថាបត្យ​កម្ម ទី​២ សិល្បៈនៃ​​ការតុបតែង​លម្អ​នៃ​ស្ថាបត្យកម្ម​ បើសិន​ជាយើង​និយាយ​ពីស្ថាបត្យ​កម្ម​ទៅ​លើ​ទីសក្ការៈមានដូចជា រូបនាគ និងបុស្ស​ក​ ជាដើម​​»។

លោក​បន្តទៀតថា៖ «សម្រាប់​ខ្ញុំ​សំណង់​អគារបុរាណ​ទាំងអស់​ហ្នឹង​ប្រៀបបាន​ទៅ​នឹង​មាស​ ឬប្រាក់​អញ្ចឹង​ បើសិន​ជាយើង​ធ្វើ​ឱ្យ​បាត់​បង់អ្វី​មួ​យ​ពីគ្រឿង​បង្គុំ​នៃដំបូល​​ និង​សំណង់​ទាំងអស់​ហ្នឹងនឹងធ្វើឱ្យ​យើង​ក៏ដូចជាអ្នក​ជំនាន់​ក្រោយ​​មិន​បានយល់​​នូវអ្វីដែល​ជាអត្តសញ្ញាណជាតិរបស់​យើងតទៅ​ទៀត​ទេ​។ ធម្មតាតែយើង​បាត់​អត្តសញ្ញាណហើយ​ យើង​ប្រហែល​​ជាត្រូវការពេល​វេលាយូរបន្តិច​ក្នុងការសិក្សា​រកអ្វីដែល​​ជាអត្តសញ្ញាណ​យើង​បានងើប​មក​វិញ​។ ប៉ុន្តែបើ​សំណង់​ទាំងអស់នៅ នឹងត្រូវបានថែរក្សាយ៉ាង​ខ្ជាប់​ខ្ជួន​នោះ​​គឺ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​អាច​ងាយ​ស្វែង​យល់​ពី​សំណង់ទាំង​អស់​ហ្នឹង​បាន​ងាយ​ស្រួល​ និង​មានចិត្ត​កាន់តែ​ស្រលាញ់អ្វីជារបស់​ខ្មែរយើង»។

(រូបភាពផ្តល់ឲ្យ)

បើ​តាម​លោក ម៉ៅ សុខចំរើន សំណង់អគារ​បុរាណក៏បាន​បង្ហាញពី​អត្តសញ្ញាណ​របស់​ម្ចាស់​សំណង់​នៅ​តាម​តំបន់​ផង​ដែរ។ លោក​បញ្ជាក់ថា៖ «ឧទាហរណ៍សាមញ្ញា​មួយ​ បើយើងរក្សា​ទុក​នូវ​សំណង់​អគារ​ចាស់ៗ យើង​នឹងអាច​​ដឹងម៉ូដ​ផ្ទះ​ និងស្តាយ​របស់​អ្នក​បាត់​ដំបង ស្តាយ​អ្នក​ទន្លេ និង​អ្នក​កណ្តាល​ខុស​គ្នា​យ៉ាង​ណា​ខ្លះ​កាល​ពី​១០០​​ឆ្នាំ​មុន ឬ ៦០ ឆ្នាំ​ទៅ ៧០ ឆ្នាំ​មុន​ ប៉ុន្តែបើ​យើង​វាយកម្ទេច​អស់​មាន​អីទុកគ្រាន់​កូនចៅ​ជំនាន់​ក្រោយបាន​ឃើញ​»។

យោងតាមរបាយការណ៍របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈមានវត្តបុរាណ​​ជាង ៤០០ ទូទាំង​ប្រទេសត្រូវធ្វើ​ការ​​អភិរក្ស។ ក្នុងនោះមាន​ដូចជា​​​វត្តមហា​លាភ និង​វត្តិចិន​ដំដែក​ជាដើម​ ដែល​ត្រូវ​បានជួស​ជុល​ និងអភិរក្ស​​ ដោយ​រក្សា​នូវរចនាប័ទ្មដ៏ល្អកាលពី​ជាង១០០ឆ្នាំ​។ វត្ត​មហាលាភ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងឃុំ​​​ មហាលាភ ស្រុ​កកោះសុទិន ខេត្ត​កំពង់ចាម​ កសាង​ឡើង​​​នៅ​ឆ្នាំ​១៨៨០។ វត្ត​នេះ ត្រូវ​បាន​ចាត់ទុក​ជាវត្ត​ចាស់​ជាង​គេទូទាំង​ព្រះរាជជាណាចក្រកម្ពុជា​។ ចំណែកព្រះវិហារវត្ត​ចិន​ដំដែក​​​បានកសាងឡើងនៅព.ស ២៥៣០ត្រូវនឹងឆ្នាំ ១៨៨៧ដែល​កាលបរិច្ឆេទ​បញ្ជាក់​ការសាងសង​នៅលើ​សិលា​ចារឹក​នៅផ្នែក​ខាងកើត​នៃវិហារ​។ វត្ត​នេះ​ស្ថិត​នៅ​​ប៉ែក​ខាង​ជើង​រមណីដ្ឋានវត្តភ្នំ​​៕​

​​​​​​

អត្ថបទដោយ៖ សុផល