ពីមុន​​ជា​កន្លែង​​​គេ​បោះបង់​ចោល ​តែ​ឥលូវ​ក្លាយ​ជា​តំបន់​​ទេសចរណ៍​ដ៏​​ល្បី​មួយ​នៅ​អាស៊ី

  • 2018-03-19 07:17:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមុន​​ជា​កន្លែង​​​គេ​បោះបង់​ចោល ​តែ​ឥលូវ​ក្លាយ​ជា​តំបន់​កម្សាន្ត​ដ៏​លេច​ធ្លោ​​​មួយ​នៅ​អាស៊ី Sunway Lagoon គឺ​ជា​តំបន់​កម្សាន្ត​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​មាន​ទី​តាំង​នៅ​​ទី​ប្រជុំជន Bandar Sunway ទីក្រុង Subang Jaya រដ្ឋ Selangor មាន​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​រដ្ឋធានី​កូឡាឡាំពួរ។ ស្ថិត​​នៅ​លើ​ផ្ទៃ​ដី​សរុប​ជាង ៣៥ហិកតា Sunway Lagoon បច្ចុប្បន្ន​មិន​ត្រឹម​តែ​ជា​សួន​កម្សាន្ត (Theme Park) ដ៏​ល្បី ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​​​ភាព​ទាក់ទាញ​ជា​ច្រើន​ទៀត​រួម​មាន​សួន​សត្វ Scream Park (កន្លែង​លង​បន្លាច​) ហើយ​នៅ​ជាប់​ៗ​នោះ​ដែរ​ក៏​មាន​សណ្ឋាគារ​ផ្កាយ​បួន និង​ផ្កាយ​ប្រាំ ផ្សារ​ទំនើប រួម​ទាំង​​សាលារៀន និង​មន្ទីរ​ពេទ្យ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Sunway Group តែ​មួយ។ បើ​តាម​ការ​ឲ្យ​ដឹង​​ពី​អ្នក​គ្រប់គ្រង​​​មួយ​រូប​របស់ Sunway Lagoon ដំបូង​ឡើង​នៅ​តំបន់​នោះ​​​​មិន​​មែន​ជា​ទី​ប្រជុំ​ជន​នោះ​ឡើយ ហើយ​នៅ​បរិវេណ​របស់ Sunway Lagoon បច្ចុប្បន្ន​នេះ កាល​ពី​មុន​គឺ​ជា​រណ្ដៅ​រ៉ែ​ដ៏​ធំ​ដែល​ត្រូវ​បាន​គេ​បោះបង់។ រហូត​ដល់​អំឡុង​ទសវត្ស​​ឆ្នាំ​​១៩៨០ លោក Jeffrey Cheah ជា​ស្ថាបនិក​ក្រុមហ៊ុន Sunway Group ក៏​បាន​គិត​និង​ចាប់​ផ្ដើម​អភិវឌ្ឍ​តំបន់​ហើយ​នៅ​ឆ្នាំ​១៩៩២ តំបន់​កម្សាន្ត Sunway Lagoon ដែល​ជា​សួន​កម្សាន្ត​ដំបូង​គេ​នៅ​ទី​នោះ​ក៏​បើក​សម្ពោធ​ជា​ផ្លូវ​ការ។ ក្រោយ​មក​សមិទ្ធផល​ផ្សេង​ៗ​ទៀត​ក៏​បន្ត​លេច​ខ្លួន​ឡើង​ជា​បន្ត​បន្ទាប់។ ដោយ​សារ​ភាព​ល្បីល្បាញ​​របស់​ខ្លួន Sunway Lagoon បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ស្ទើរ​តែ​គ្រប់​ទិសទី​លើ​ពិភពលោក និង​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​រួម​មាន Asia’s Best Attraction 2009, Asian Attraction Expo 2010 និង Asia’s Best Water Park Award 2011 ជា​ដើម។ ចង់​ដឹង​ថា​ Sunway Lagoon មាន​ភាព​ទាក់ទាញ​យ៉ាង​ណា​នោះ សូម​ទស្សនា​រូបភាព និង​វីដេអូ​ខាង​ក្រោម​ដូច​តទៅ៖ រូបភាព​​អ្នក​សារព័ត៌មាន​កម្ពុជា-ឡាវ ​នៅ Sunway Lagoon​ ក្នុង​ដំណើរ​ទស្សនកិច្ច​​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ាឡេស៊ី (Tourism Malaysia) សហការ​ជាមួយ​​​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia។

សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​តម្លៃ​សមរម្យ និង​គុណភាព​ល្អ អាច​ជ្រើសរើស​ការ​ហោះ​ហើរ​តាម​រយៈ​ក្រុមហ៊ុន AirAsia​ ដែល​មាន​ជើង​ហោះហើរ​ត្រង់​ទៅ​ម៉ាឡេស៊ី, ភ្នំពេញ-កូឡាឡាំពួរ (៣ដងជារៀងរាល់ថ្ងៃ), សៀមរាប-កូឡាឡាំពួរ (២ដងជារៀងរាល់ថ្ងៃ), ព្រះសីហនុ-កូឡាឡាំពួរ (៤ដងក្នុងមួយសប្តាហ៍) ៕

អត្ថបទ៖ ស្វាយ វ៉ាន់ថន