ឡូយ​ ​Alex You ​អ្នក​ចាំ​ទីក្រោន ​ខ្មែរ​កាត់​ថៃ​កើត​នៅ​ព្រៃឈរ ទៅ​នៅ​បារាំង​តាំង​ពី​អាយុ​១​ខួប ​ចេះ​និយាយ​៤​ភាសា

  • 2018-03-20 02:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alexandre You ​ជា​អ្នក​ចាំ​ទី​ថ្មី​របស់​ក្លឹប​ភ្នំពេញ​ក្រោន ដែល​ទើប​ចុះ​កុងត្រា​រយៈ​ពេល​១​ឆ្នាំ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ជំនួស​តំណែង កែវ សុខសិលា។

អ្នក​ចាំ​ទី​ញញឹម​ស្រស់​រូប​នេះ ​កំពុង​បង្ហាញ​សមត្ថភាព​លេចធ្លោ​ក្នុង​លីគ​កំពូល​កម្ពុជា ​ដោយសារ​តែ​៤​ប្រកួត​មក​នេះ ​មិន​ទាន់​មាន​តារា​ជើង​ស៊ុត​ណា​អាច​ទម្លាយ​សំណាញ់​ទី​របស់​គេ​បាន​ឡើយ។ បើ​និយាយ​ពី​ប្រវត្តិ​របស់​កីឡាករ Alex ​នេះ​វិញ ​កើត​នៅ​ថ្ងៃ​ទី​៨ ​ខែ​មីនា ​ឆ្នាំ​១៩៩៤ ​នៅ​ភូមិ​ត្រពាំង​ត្នោត​ ឃុំ​សូរ្យ​សែន ​ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់ចាម។

កូន​គេ​មាន​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ​និង​ឪពុក​ជា​ជន​ជាតិ​ថៃ។ កើត​បាន​១​ឆ្នាំ ​Alex ​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង ​ហើយ​ធ្លាប់​មក​លេង​នៅ​ខ្មែរ​វិញ​បាន​ ៣​ទៅ​៤​ដង​ប៉ុណ្ណោះ ​មុន​ពេល​សម្រេច​ចិត្ត​លេង​ឱ្យ​ក្លឹប​ភ្នំពេញ​ក្រោន​នេះ។ រូបគេ​​បាន​បញ្ជាក់​ថា​មុន​មក​លេង​នៅ​ទី​នេះ ​ខ្លួន​មិន​សូវ​បាន​ដឹង​ច្រើន​ពី​វិស័យ​បាល់ទាត់​នៅ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​បាន​មក​ឃើញ​កីឡដ្ឋាន​របស់​ក្រោន ​មាន​ស្ដង់ដារ ​អាច​ទទួល​យក​បាន ទើប​សម្រេច​ចិត្ត​សាកល្បង​អាជីព​នៅ​លីគ​កំពូល​១​រដូវ​កាល​តែ​ម្ដង។

និយាយ​ពី​ប្រវត្តិ​លេង​បាល់​នេះ​វិញ Alex You ​ធ្លាប់​ជា​ជាប់​ជា​សមាជិក​របស់​ក្រុម U14 ​ជម្រើស​ជាតិ​បារាំង ​និង​បាន​បង្ហាញ​ខ្លួន​បាន​៤​ដង​ផង​ដែរ ​នៅ​គ្រា​នោះ​។ ស្ថិត​ក្នុង​វ័យ​កុមារ ​នៅ​ទឹក​ដី​សំបូរ​លុយ​ចាយ ​គេ​បាន​ចូល​លេង​ឱ្យ​ក្រុម Toulouse ​ចាប់​ពី​ឆ្នាំ​១៩៩៩ ​រហូត​ដល់​ឆ្នាំ​២០១០។ ឈាន​ដល់​អាយុ​១៨​ឆ្នាំ ​បាន​ផ្ទេរ​ទៅ​លេង​ឱ្យ​ក្លឹប​ US Colomiers FC ​ដែល​ជា​សមាជិក​លីគ​ទី​៤ របស់បារាំងពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១២។ ក្រោយ​មក​ទៀត​ក៏​បាន​ទៅ​លេង​ឱ្យ​ក្រុមToulouse Fontaines FC (សមា​ជិក​លីគ​ទី​៤​បារាំង) ​ក្នុង​រយៈ​ពេល ១ឆ្នាំ (ឆ្នាំ២០១៣)​។

អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រោន រំភើប​និង​ពេញ​ចិត្ត​ចំពោះ Alex ​ទៀត​នោះ គឺ​រូបគេ​មាន​ស្នាម​ញញឹម​ជាប់​ជា​និច្ច ​ហើយ​អាច​និយាយ​បាន​៤​ភាសា គឺ​ខ្មែរ ថៃ បារាំង ​និង​អេស្ប៉ាញ។ ចំណែក​ឯ​ការ​ចូល​លេង​ឱ្យ​ក្រោន​មួយ​រយៈ​នេះ ​រូបគេ​ដឹង​ពី​សមត្ថភាព​ក្រុម ​ហើយ​រំពឹង​ថា​ឆ្នាំ​នេះ​អាច​ជួយ​ក្រោន​លើក​ពាន​លីគ​កំពូល​កម្ពុជា​នេះ​បាន៕

អត្ថបទ៖ មុន្នីរម្យ