អ្នក​ណា​ខ្លះ លួច​មើល ណាក់ ស្រីណា អាច​មាន​សង្ឃឹម ព្រោះ​ឥឡូវ​សាមី​ខ្លួន​បង្ហើប​ហើយ!

  • 2018-03-20 03:26:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បុគ្គល​ទាំង​ឡាយ​ដែល បាន និង​កំពុង​លួច​មើល​ចិត្ត​គំនិត ឬ​ក៏​ព្យាយាម​ទាក់​ទង​កញ្ញា ណាក់ ស្រីណា នោះ ពេល​នេះ អាច​មាន​សង្ឃឹម​ហើយ ក្រោយ​សាមី​ខ្លួន​បង្ហើប​ថា នាង​ចាប់​ផ្ដើម​បើក​ចិត្ត​គំនិត​ទទួល​យក​ជីវិត​គូ​ហើយ។

គិត​ត្រឹម​ឆ្នាំ​នេះ ស្រីណា មាន​វ័យ ២៨​ឆ្នាំ​ហើយ វ័យ​នេះ​ សាមី​ខ្លួន​អះអាង​ថា ជា​វ័យ​នាង​ចាប់​ផ្ដើម​គិត​ពី​អនាគត​ជីវិត​គូ​ហើយ ព្រោះ​មិន​ចង់​ឲ្យ​ពេល​វេលា​អូស​បន្លាយ​ត​ទៅ​ទៀត។ មិន​ប្រាប់ ពី​វេលា​ពិត​ប្រាកដ ពិធីការិនី​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រូប​នេះ ប្រាប់​យ៉ាង​ខ្លី​ថា វេលា​នោះ នឹង​មិន​នៅ​យូរ​ទៀត​ទេ។ "កំពុង​តែ​គិត​គូ​ហើយ​បង ប្រហែល​មិន​យូរ​ទៀត​ទេ"។

ទន្ទឹម​នឹង​ការ​បង្ហើប​ពី ការ​ចាប់​ផ្ដើម​ជីវិត​គូ​ក្នុង​ពេល​មិន​យូរ​នេះ ស្រី​ណា ដែល​មាន​រូប​ឆោម​លោម​ពណ៌ ស្រស់​ស្អាត​បែប​ស្រគត់ស្រគំ តាម​ធម្មជាតិ នៅ​មិន​លាក់​លៀម​ទៀត​ថា បច្ចុប្បន្ន​មាន​បុរស​ជា​ច្រើន​តាម​ក្រវែល​នាង​រាល់​ថ្ងៃ ប្រាថ្នា​ចង់​ធ្វើ​ជា​ម្ចាស់​ជីវិត​មើល​ថែ​នាង។ បុរស​ទាំង​នោះ ទៀត​សោត មាន​ទាំង​ចាស់ ទាំង​ក្មេង ព្រម​ទាំង​ជា​អ្នក​រស់​នៅ​ក្នុង និង​ក្រៅ​ស្រុក​ផង។

យ៉ាង​ណា​ក៏ដោយ ភាគ​ច្រើន​ក្នុង​ចំណោម​នោះ គឺ​មាន​វ័យ លើស​នាង​បន្តិច​បន្តួច​ប៉ុណ្ណោះ។ តាម ស្រីណា អ្នក​ទាំង​នោះ គឺ​ស្ម័គ្រ​ចិត្ត​ចូល​មក​ទាក់​ទង​នាង​ដោយ​ខ្លួន​ឯង មិន​មាន​នរណា​ណែនាំ​ទេ។ ដូច្នេះ​ហើយ ផ្សំ​នឹង​អ្នក​ស្រឡាញ់​ក៏​មាន​ច្រើន ហើយ​ខ្លួន​វ័យ​ក៏​កាន់​តែ​ច្រើន​ដែរ តួឯក​ស្រី​រឿង "នំប៉័ង​បញ្ចាំ​ស្នេហ៍" ប្រាប់​ទៀត​ថា បច្ចុប្បន្ន នាង​កំពុង​ពិចារណា​ពី​រឿង​នោះ​ហើយ។

មិន​សំដៅ​លើ​នរណា​ម្នាក់ និង​មិន​អធិប្បាយ​ពី​បុគ្គលិក​លក្ខណៈ​បុរស​បែប​ណា​ដែល​ខ្លួន​ពេញ​ចិត្ត ស្រី​ណា ថ្លែង​ថា "រាល់​ថ្ងៃ​ខ្ញុំ​កំពុង​ពិចារណា​បង តែ​មិន​មែន​ពិចារណា​នរណា​ម្នាក់​ក្នុង​ចំណោម​នេះ​ទេ គឺ​ខ្ញុំ​កំពុង​ពិចារណា​ពី​ខ្លួន​ឯង...”។

ណាក់ ស្រី​ណា គឺ​តារា​ស្រី​ម្នាក់ ត្រូវ​បាន​គេ​សម្គាល់​ថា មិន​និយម​ស្លៀកពាក់​បែប​សិចស៊ី​ឡើយ ក្នុង​នោះ​ទាំង​ការ​ស្លៀកពាក់ ការ​តុប​តែង​មុខ​ទៀត​សោត គឺ​ស្ថិត​ក្នុង​កម្រិត​សម​រម្យ មិន​ហក់​លោត។ បែប​នេះ ពិធីការិនី​រូប​នេះ កម្រ​មាន​រឿង​អាស្រូវ​ណាស់ ពិសេស​ពាក់​ព័ន្ធ​នឹង​ស្នេហា​នេះ​តែ​ម្ដង គឺ​មិន​ដែល​មាន​ឡើយ៕

ជា​មួយ​នឹង​ការ​បង្ហើប​នេះ ចាំ​មើល​ថា តើ​បុរស​ណា​ទៅ​ថ្ពក់​យក​បេះដូង​តារា​ស្រី​ស្រគត់ស្រគំ​នេះ​បាន?

រូបភាព៖ ហ្វេសប៊ុក ណាក់ ស្រីណា

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម