ស្រណោះ​ណាស់​ តារាកំប្លែង វីតាមីន​សេ ពោល​ពាក្យ​ប៉ុន្មាន​ម៉ាត់​ ខណៈ​ជំងឺ​កាន់​តែ​ដុនដាប

  • 2018-03-20 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ភាព​ជំងឺ​​លោក មាស សាមឿន ហៅ​នាយ វីតាមីនសេ​ កាន់​តែ​ធ្លាក់​ដុន​ដាបឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​ថ្ងៃ មិន​បាន​​​​ប្រសើរ​អ្វី​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​​តារា​កំប្លែង​រូប​នេះ​ពោល​ពាក្យ​​យ៉ាង​សង្វេគ​​ប៉ុន្មាន​​​​ម៉ាត់​ទៅ​កាន់​​ប្រពន្ធ​​កូន​​ និង​ចៅ​ៗ​​​ថា​៖​" ខ្ញុំ​ចង់​នៅ​រស់​ មិន​ទាន់​ចង់​ទៅ​ណា​ទេ ​ហើយ​ខ្ញុំ​ចង់​មើល​ថែ​​ប្រពន្ធ​កូន​ៗ​ និង​ចៅ​ៗ​ឲ្យ​មាន​សេចក្ដី​សុខ​"។

ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​នេះ​បាន​ធ្វើ​​ឲ្យ​ក្រុម​គ្រួសារ​នាយ វីតាមីន​សេ​ ទាំង​មូល​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ និង​ស្រណោះ​ដល់​នាយយ៉ាង​ខ្លាំង​​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​​ ព្រោះ​ក្រុម​គ្រួសារ​បាន​ព្យាយាម​​​អស់​លទ្ធភាព​ទៅ​ហើយ​​ ក្នុង​ការ​ស្វែង​រក​មន្ទីរ​ពេទ្យ​ល្អ​ៗ​ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ដើម្បី​ព្យាបាល​ជំងឺ​​​។ នេះ​បើ​អ្នក​នាង ប៉េង​ប៉ោង​ រៀប​រាប់​។

អ្នក​នាង​ថា​៖​" ឥឡូវ​នេះ​ជំងឺ​លោក​ប៉ា កាន់​តែ​ទ្រុឌទ្រោម​ជាង​មុន​ ក្រោយ​ពី​មេរោគ​ដុំ​សាច់​កាន់​តែ​រីក​រាល​ដាល ​ហើយ​ខាង​គ្រូ​ពេទ្យ​ទាំង​ថៃ​ និង​កម្ពុជា​សុទ្ធ​តែ​ផ្ដល់​ចម្លើយ​ដូច​គ្នា​ ថា​ជំងឺ​នេះ​កាន់​តែ​វិវឌ្ឍ​ទៅ​មុខ​ ទើប​ខ្ញុំ​និង​ក្រុម​គ្រួសារ​ទុក​គាត់​ព្យាបាល​នៅ​ក្នុង​ស្រុក​វិញ​ ព្រោះ​គាត់​​​មិន​អាច​ធ្វើ​ដំណើរ​​ចុះ​ឡើង​ទៅ​ព្យាបាល​នៅ​ថៃ​​បាន​ទៀត​ទេ​​"។

អ្នក​នាង​បន្ថែម​ថា ខណៈ​នេះ​លោក​ឪពុក​របស់​ខ្លួន​មិន​អាច​អង្គុយ​បាន​​ដូច​មុន​ទេ​ គឺ​ត្រូវ​សម្រាក​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​​ជា​ប្រចាំ​ ហើយ​ដាក់​​អុក​ស៊ីហ្សែន​​ ទើប​​អ្នក​​នាង និង​ក្រុម​គ្រួសារ​មាន​ការ​ព្រួយ​​បារម្ភ​ ក៏​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ធ្វើ​សង្ឃទាន​ជូន​​​​​ទៅ​តាម​ទំនៀម​ទម្លាប់​​​​ព្រះ​ពុទ្ធសាសនា​ ​៕

អត្ថបទ៖ ឆុង ស៊ីណាន