បើ​គិត​ថា​លេង​ហ្គេម​នាំ​ឲ្យ​ខូច ស្តាប់​អ្នកចិត្ត​សាស្រ្ត​បកស្រាយ​តិច​សិន​

  • 2018-03-21 02:19:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ធ្លាប់​ឮចាស់ៗ ឧស្សាហ៍​និយាយ​ថា លេង​ហ្គេម​មិន​ល្អ​ចេះ​ មិន​ល្អ​ចុះ​ ក៏​មិន​ខុស​ដែរ​។ ទាំងនោះ​ជា​ចំណុច​អវិជ្ជមាន​ចំពោះ​ការ​លេង​ហ្គេម ចុះ​បើ​មក​គិត​បែប​វិជ្ជមាន​វិញ ខណៈ​កំណើន​ផលិត​ហ្គេម​មាន​ហូរ​ហែអាច​តម្រូវ​ស្ទើរ​តែ​គ្រប់​វ័យ មាន​ប្រយោជន៍​អ្វី​ខ្លះ​។

អ្នកវិទ្យាសាស្ត្រ និង​អ្នក​ចិត្តសាស្ត្រ បាន​សម្គាល់​មើល​ពី​ឥទ្ធិពល​ការ​លេង​ហ្គេមលើ​មនុស្ស​ក្នុង​ស្ថានភាព​ជាច្រើន ជា​លទ្ធផល​​បាន​សន្និដ្ឋាន​ថា ការ​លេង​ហ្គេម​អាច​បង្កើន​មុខងារ​ខួរក្បាល ជំនាញ​ដោះស្រាយ​បញ្ហា ពង្រឹង​សមត្ថភាព​ចងចាំ ការ​ផ្ដោត​អារម្មណ៍ រៀបចំ​គម្រោង​យុទ្ធសាស្ត្រ និង​ជំនាញ​មនុស្ស​ផង​ដែរ​។ 

ហ្គេម​មាន​ច្រើន​ប្រភេទ សុទ្ធ​តែ​ផ្ដល់​អត្ថប្រយោជន៍​ខុសៗ​គ្នា៖

ហ្គេម​ប្រភេទ​ Puzzle ឬ Platformers ពង្រឹង​មុខងារ​ខួរក្បាល និង IQ

ហ្គេម​ប្រភេទ Puzzle ដូចជា Brain Age ឬ Anygry Birds ប្រើ​សមត្ថភាព​ដោះស្រាយ​បញ្ហា ការ​ចងចាំ ការ​ផ្ដោត​អារម្មណ៍ ដែល​អាច​បង្កើន​មុខងារ​ខួរ​ក្បាល និង IQ ក៏​ដូចជា​បន្ថយ​កំណើន​អាយុ​របស់​ខួរ​ក្បាល​ផង​ដែរ​។ 

ខណៈ​ហ្គេម​ប្រភេទ Platformers មាន​សកម្មភាព លោត​ផ្លោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ បញ្ចៀស​ឧបសគ្គ​នានា ក៏​អាច​បង្កើត​ប្រតិកម្ម​ទៅ​នឹង​កាលៈទេសៈ​ជាក់ស្ដែង​ទាន់​ពេលវេលា​។ 

ហ្គេម​ប្រភេទ Role-Playing (RPG) ជួយ​ពង្រឹង​សមត្ថភាព​ដោះស្រាយ​បញ្ហា រៀបចំ​យុទ្ធសាស្ត្រ ការ​គិត​មាន​ហេតុផល​

ហ្គេម Mass Effect, Elder Scrolls និង Final Fantasy មាន​ការ​ពេញ​និយម​សម្រាប់​ប្រភេទ RPG នេះ។ ហ្គេម​នេះ​ឲ្យ​អ្នក​លេង​មាន​អារម្មណ៍​ជា​តួ​សំខាន់​អនុវត្ត​បំពេញ​ការងារ​ផ្សេងៗ​។ ហ្គេម​ប្រភេទ​នេះ​ជួយ​ដល់​សមត្ថភាព​ដោះស្រាយ​បញ្ហា រៀបចំ​យុទ្ធសាស្ត្រ និង​ការ​គិត​មាន​ហេតុផល​។ បើ​ផ្នែក​សង្គម​វិញ អាច​ពង្រឹង​ការ​យល់​ចិត្ត និង​សីលធម៌ ដែល​អ្នក​លេង​ប្រឈម​នឹង​ជម្រើស​ពិបាក ក្នុង​ការ​សម្រេច​ចិត្ត អាច​យក​ប្រើ​ការ​បាន​ពេល​ក្រោយ​។ 

ហ្គេម​ប្រភេទ Real Time Strategy (RTS) ជួយ​សមត្ថភាព​រៀបចំ​គម្រោង ធ្វើ​ការងារ​ច្រើន​ក្នុង​ពេល​តែ​មួយ ចេះ​ផ្ដល់​អាទិភាព​ការងារ​

ហ្គេម​ប្រភេទ​នេះ​ប្រើប្រាស់​ការ​រៀបចំ​យុទ្ធសាស្ត្រ ដើម្បី​បំពេញ​ការងារ កម្ចាត់​សត្រូវ ឬ​ធ្វើ​ការងារ​ជា​ក្រុម​។ ហ្គេម​ដូចជា StarCraft, Age of Empires ឬ World of Warcraft អ្នក​លេង​ត្រូវ​គិត​គូរ​មួយ​ជំហាន​មុន គិត​បែប​ឆ្លាតវៃ និង​គិត​សហការ​ជា​ក្រុម​។ ខណៈ​ហ្គេម​នេះ​លេង Real-time (លេង​ជាមួយ​គ្នា​បាន​ភ្លាមៗ) ដូច្នេះ​អ្នក​លេង​អាច​បង្កើន​សមត្ថភាព​អនុវត្ត​ការងារ​ក្នុង​ពេល​តែ​មួយ និង​ចេះ​ផ្ដល់​អាទិភាព​ការងារ សម្រាប់​ស្ថានភាព​ជាក់​ស្ដែង​។ 

នៅ​មាន​ហ្គេម​ជាច្រើន​ប្រភេទ​ទៀត ដោយ​ផ្ដល់​អត្ថប្រយោជន៍​រៀងៗខ្លួន ឧទាហរណ៍ អ្នក​វិទ្យាសាស្ត្រ​កំពុង​សម្គាល់​មើល​ថា​តើ​ហ្គេម​ប្រភេទ​សកម្មភាព រន្ធត់ អាច​ជួយ​ដល់​អ្នក​លេង​គ្រប់គ្រង​អារម្មណ៍ ដូចជា​កំហឹង ភាព​ភ័យ​ខ្លាច ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដោយ​របៀប​ណា​។ 

ហ្គេម​ដូចជា Call of Duty ឬ Halo ជា​ប្រភេទ​ហ្គេម​មាន​លក្ខណៈ​ហិង្សា​បន្តិច តែ​ចំណុច​វិជ្ជមាន​អាច​បង្កើន​សមត្ថភាព​បំពេញ​ការងារ​ច្រើន​ក្នុង​ពេល​តែមួយ ការ​ផ្ដោត​អារម្មណ៍​។ ខណៈ ហ្គេម​ប្រភេទ Co-op អាច​ពង្រឹង​សមត្ថភាព​ធ្វើ​ការងារ​ជា​ក្រុម ទំនាក់ទំនង រៀបចំ​គម្រោង​យុទ្ធសាស្ត្រ​។ 

ត្បិត​ហ្គេម​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ជួយ​ដល់​ការ​គិត​បាន​ឆាប់​រហ័ស តែ​បើ​ចំណាយ​ពេល​លេង​ហ្គេម​យូរ​ពេក អាច​ប៉ះពាល់​ដល់​លទ្ធផល​សិក្សា និង​ការងារ​ប្រចាំថ្ងៃ​បាន​។ ដូច្នេះ គួរ​ចេះ​រៀបចំ​ពេលវេលា​សប្បាយ​ក្នុង​កម្រិត​ល្មម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

អត្ថបទ៖ ប៊ុនធឿន

អត្ថបទពេញនិយម
អត្ថបទថ្មី