ទូរសព្ទ HTC ​មាន​កាមេរ៉ា​ភ្លោះ​ ទើប​ចេញ តម្លៃ​ត្រឹម​ ៣០០ ដុល្លារ​

  • 2018-03-21 02:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បង្ហាញ​ចេញ​ស្ងាត់ៗ​ ស្មាតហ្វូន​​ពីរ​ម៉ូដែល​ មាន​ Desire 12 និង Desire 12+ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។

Desire 12

រូបរាង​របស់​ស្មាតហ្វូន​ទាំង​ពីរ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ U11 និង​មាន​តួ​ខ្លួន​ធ្វើ​ពី​សារធាតុ​កញ្ចក់។ យ៉ាងណាក្ដី​ចំពោះ​លក្ខណៈ​សម្បត្តិ​ខាង​ក្នុង​ មិន​ខ្លាំង​ណាស់​ណា​ ប៉ុន្តែ​អាច​ទទួល​យក​បាន​ជា​មួយ​តម្លៃ​​ដែល​បាន​កំណត់។

Desire 12

Desire 12 មាន​អេក្រង់​ LCD ទំហំ​ ៥,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០ x ៧២០ ភីកសែល។ មាន​បំពាក់​នូវ​បន្ទះ​ឈីប​ MediaTek MT6739 ជា​ប្រភេទ​ 64-bit មាន​ RAM ទំហំ​ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​មាន​ទំហំ​ ៣២ GB និង​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត។

កាមេរ៉ា​ខាង​ក្រោយ​របស់​ Desire 12 ​មាន​កម្រិត​ ១៣ MP ជា​មួយ​ Aperture ទំហំ​ f/2.2 និង​កាមេរ៉ា​ Selfie កម្រិត​ ៥ MP មាន​ Aperture f/2.4។ ថ្ម​មាន​កម្រិត​ ២៧៣០ mAh និង​មាន​រន្ធ​សម្រាប់​ដោត​កាស​ 3.5 mm។

Desire 12+

ចំណែក​ Desire 12+ វិញ ​មាន​អេក្រង់​ទំហំ​ ៦ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ១៤៤០ x ៧២០ ភីកសែល។ បន្ទះ​ឈីប​ប្រភេទ​ Snapdragon 450, RAM ទំហំ​ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB និង​មាន​ថ្ម​ទំហំ​ ២៩៦៥ mAh។

Desire 12+

ចំណុច​ពិសេស​របស់​ Desire 12+ គឺ​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​​ ដោយ​កាមេរ៉ា​មេ​មាន​កម្រិត​ ១៣ MP មាន​ Aperture f/2.2 អម​នឹង​កាមេរ៉ា​ទីពីរ​កម្រិត​ ២ MP ដែល​រួម​ផ្សំ​គ្នា​អាច​បង្កើត​រូបភាព​បែប​​ ច្បាស់​មុខ​ព្រាល​ក្រោយ​បាន។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP មាន​ Aperture f/2.0 អាច​ថត​​រូបភាព​បាន​ល្អ​នៅ​ទី​ងងឹត។

Desire 12 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat ចំណែក​ឯ​ Desire 12+ វិញ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Oreo។

Desire 12+ នឹង​មាន​តម្លៃ​ចន្លោះ​ពី​ ២៨៨ ទៅ ៣០៥ ដុល្លារ និង​ Desire 12 មាន​​តម្លៃ​ចន្លោះ​ពី​ ២២៦ ទៅ ២៤៤ ដុល្លារ​ ខុស​គ្នា​តាម​ទីផ្សារ ដោយ​នឹង​ចេញ​លក់​នៅ​ចុង​ខែ​មេសា​នេះ៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង