ជា​ប្រវត្តិសាស្ត្រ​​ ខ្មែរ​លើស​ ​៣០​នាក់​បាន​ឱកាស​ទៅ​មើល Dortmund ​ទាត់​ផ្ទាល់​នៅ​អាល្លឺម៉ង់

  • 2018-03-22 07:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ឱកាស​ដំបូង​ហើយ​សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ជាង​៣០​នាក់ ដែល​បាន​ទៅ​ទស្សនា​ការ​ប្រកួត​ផ្ទាល់​នៅ​ទឹក​ដី​អាល្លឺម៉ង់ ​ក្នុង​ការ​ប្រកួត​រវាង​ក្រុម Dortmund ​ជាមួយ Hannover ​។

​មិន​ត្រឹម​តែ​បាន​ទៅ​មើល​ការ​ប្រកួត​បាល់​នេះ​ទេ ​មួយ​ក្រុម​ជាង​៣០នាក់​ដែល​មាន​ឱកាស​ល្អ​កម្រ​រក​បាន​នេះ​ មាន​ពេល​សម្រាក​១​សប្ដាហ៍​នៅ​អាល្លឺម៉ង់ ​និង​មាន​ឱកាស​ដើរ​កម្សាន្ត​ទៅ​ទស្សនា​សារមន្ទីរ​ផ្សេង​ៗ​នៅ​ទី​នោះ​ផង​ដែរ។ មួយ​វិញ​ទៀត ​ពួកគេ​ក៏​បាន​ទៅ​ហ្វឹកហាត់​និង​ស្វែង​យល់​ពី​ការ​ហាត់​បាល់​ខ្លះ​ៗ ​ពី​សំណាក់​គ្រូ​បង្វឹក​របស់​ក្រុម Dortmund ។ ដោយ​ដំណើរ​រយៈ​ពេល​១​សប្ដាហ៍​នេះ ​គឺ​ខាង​ក្រុមហ៊ុន​ស្រាបៀ អង្គរ ​ជា​អ្នក​រ៉ាប់រង​ទាំង​អស់។

លោក ស៊ីថូ ណាថាន់ ​ប្រធាន​កីឡា​ក្រុមហ៊ុន​ទូរទស្សន៍ CBS ​បាន​បញ្ជាក់​ថា​នេះ​ជា​ដំណើរ​ដ៏​អស្ចារ្យ ​ដែល​បាន​មក​ទស្សនា​ការ​ប្រកួត​របស់ Dortmund ​នេះ។ នៅ​ទី​នេះ ​មនុស្ស​ស្រលាញ់​កីឡា​បាល់ទាត់​ណាស់ ​ជា​ពិសេស​ក្លឹប​នេះ​តែ​ម្ដង ​ដោយ​រាល់​ការ​ប្រកួត តែងតែ​មាន​អ្នក​គាំទ្រ​ទិញ​សំបុត្រ​ចូល​ពេញ​ៗ​តែ​ម្ដង។ ចំពោះ​ការ​គាំទ្រ​វិញ ​រយៈ​ពេល​២​ម៉ោង​ពេញ គឺ​អ្នក​គាំទ្រ​គេ​មាន​ចម្រៀង​ច្រៀង​គាំទ្រ​ជាប់​រហូត ​ដែល​ធ្វើ​ឱ្យ​បរិយាកាស​ក្នុង​កីឡដ្ឋាន​នេះ​ពិត​ជា​សប្បាយ​រីករាយ។

ចំណែក លោក គង់ ហួន ​អ្នក​គ្រប់គ្រង​ផ្នែក​កីឡា​នៅ BTV ​ដែល​ជា​មនុស្ស​ម្នាក់​ចូលរួម​ដំណើរ​ការ​ទស្សនកិច្ច​នេះ​ដែរ​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ក្នុង​នាម​ជា​អ្នក​ព័ត៌មាន​ម្នាក់ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល Angkor Beer ​បាន​បង្កើត​កម្មវិធី​នេះ​ឡើង។ វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដែល​បាន​ទៅ​មើល Dortmund ​ទាត់​ផ្ទាល់​ភ្នែក បូក​ផ្សំ​ជាមួយ​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ ​ធ្វើ​ឱ្យ​វា​ជា​ការ​ចង់​ចាំ​មួយ​មិន​អាច​បំភ្លេច​បាន។ ក្រៅ​ពី​បាន​មើល​បាល់​នេះ​ហើយ ​យើង​ក៏​បាន​ចូល​លេង​បាល់​ទាំង​ព្រិល​ធ្លាក់​ជាមួយ​ខាង​ក្រុម​គ្រូ​បង្វឹក Dortmund ​ថែម​ទៀត ​​និង​បាន​ទស្សនា​សារមន្ទីរ​ជា​ច្រើន​នៅ​ទី​នោះ។ ​ការ​រៀប​ចំ​របស់​ក្លឹប​គេ ពិត​ជា​ល្អ រក​ពាក្យ​និយាយ​មិន​បាន​ទេ”។

ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ​រៀប​ចំ​ឡើង​ដោយ​ខាង​ក្រុមហ៊ុន​ Angkor Beer ​ដោយ​ជាង​៣០​នាក់​នេះ ​មាន​ទាំង​ពិធី​ករ​ទូរទស្សន៍ ​អ្នក​រៀប​ចំ​កម្មវិធី​កីឡា ​តំណាង​ផ្នែក​លក់​របស់​ Angkor Beer ​និង​អតិថិជន​ផង​ដែរ។ ក្រៅ​ពី​បាន​ទៅ​លេង​ក្រុង Dortmund ​នេះ​ហើយ​ ពួកគេ​ក៏​នឹង​មាន​ឱកាស​បាន​ទៅ​កាន់​សារមន្ទីរជាតិ​របស់​អាល្លឺម៉ង់ និង​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ច្រើន​ទៀត ​ក្នុង​ក្រុង Cologne ដែល​ជាប់​នឹង​ប្រទេស​ហុល្លង់​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម