កម្ពុជា និង​ពិភព​លោក នឹង​ធ្វើ​រឿង​មួយ​សម្រាប់​ភព​ផែន​ដី​នៅ​ចុង​សប្តាហ៍នេះ

  • 2018-03-21 06:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​​រៀបចំឲ្យមាន​ការចូល​រួម​ពីប្រ​ជា​ពល​រដ្ឋ ​ស្ថាប័ន​រដ្ឋ និង​ឯកជន​​បិទ​ភ្លើងរយៈ​ពេល​មួយ​ម៉ោងនៅយប់​​នៅ​ថ្ងៃទី២៤ ខែ​មីនា ​ឆ្នាំ២០១៨ ក្នុង​គោល​បំណង​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​យល់​ដឹង​កាន់តែ​ច្រើន និង​ចូល​រួម​សង្គ្រោះ​ភព​ផែន​ដី​ពី​ការ​ឡើ​ង​កម្ដៅ។

(ពី​ឆ្វេងទៅស្តាំ៖ ឯ. ឃុន ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សេង ទៀក នាយក​WWF ប្រចាំកម្ពុជា និង កញ្ញា មាស សុខសោភា ក្នុង​សន្និសីទកាសែត​ស្តីពី​ទិវា​មួយ​ម៉ោង​សម្រាប់​ផែនដី​នៅក្រ​សួង​បរិស្ថាន)​

​ក្រ​សួង​​បរិស្ថាន រួមជាមួយ​អង្គការ​WWF ប្រចាំកម្ពុជា និង​ដៃគូ​មួយចំនួន​ទៀត​នឹង​រៀប​ចំ​កម្មវិធី​មួយ​​​ម៉ោង​សម្រាប់​ភព​ផែន​ដី​នៅខាង​មុខទីស្តីការ​ក្រ​សួង​បរិស្ថាន​​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០១៨ ចាប់ពី​ម៉ោង​៥:៣០​នាទី​ល្ងាច រហូត​ដល់​ម៉ោង​៨:៣០​នាទី​យប់ ហើយ​កា​រ​បិទភ្លើង​នឹង​ចាប់​ផ្តើម​ពី​ម៉ោង​៨:៣០​នាទី​ដល់​ម៉ោង​៩:៣០​នាទី​យប់។​

ឯក​ឧត្តម ឃុន ចាន់ដារ៉ា អនុរដ្ឋលេខាធិការ​ក្រ​សួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ព្រឹក​នេះ ថា​ការ​បិទ​ភ្លើង​នេះ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​របស់​ប្រ​ជា​ពល​រដ្ឋ​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។ ឯកឧត្តម​បន្ថែម​ថា​ ស្ថាប័ន​រដ្ឋ ភោជនីយដ្ឋាន សណ្ឋាគារ និង​ស្ថាប​ប័ន​ឯកជន​មួយចំនួន​ទៀត​​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​បិទ​ភ្លើង​រយៈ​ពេល​មួយ​ម៉ោង​ក្នុង​ទិវានោះ។​

ឯឧត្តម​បន្ថែមថា៖ «ពាក់ព័ន្ធ នឹង​ការ​បិទ​ភ្លើង​នេះ​ លើក​ទឹក​ចិត្ត​ឲ្យ​មាន​អ្នក​ចូល​រួម​ស្ម័គ្រ​ចិត្ត​បិទ​ភ្លើង​មួយ​ម៉ោង...​អំពាវ​នាវ​ឲ្យមាន​​ការ​ចូល​រួម មិន​មែន​ជា​កាតព្វកិច្ច​ទេ​...​ចង់​ឲ្យ​មាន​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​...​(ប៉ុន្តែ)​មិន​អាចសន្និដ្ឋាន​ថា​បាន​ប៉ុន្មាន​ភាគរយ​នោះទេ»។​

បើ​តាម​លោក សេង ​ទៀក នាយក​អង្គការ WWF ប្រ​ចាំ​កម្ពុជា ការ​ចូល​រួម​ក្នុ​ងទិវានេះ​គឺជា​និមិត្ត​រូប​​ពី​ការ​ខិត​ខំរបស់​រាជរដ្ឋាភិបាល វិស័យឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​គាំពារ​បរិស្ថាន​ និង​ភព​ផែន​ដី​។

លោកឲ្យ​ដឹង​ថា​មាន​ប្រ​ជា​ពល​រដ្ឋ​ជាង​១០០​លាននាក់​​នៅ​ក្នុង​ទី​ក្រុង​ធំៗ​មិន​តិចជាង​៧ ០០០ របស់​ប្រ​ទេស​១៨០ នឹង​ចូលរួម​​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដីនេះ​ដូចគ្នា។ លោក​រំឭក​​ថា​ទិវានេះ​កើត​ឡើង​ដំបូង​នៅ​ប្រ​ទេស​អូស្ត្រាលី​នៅ​ឆ្នាំ២០០៧ ក្នុង​ន័យ​ពញ្ញាក់​អារម្មណ៍​មនុស្ស​ជាតិ​ឲ្យ​ចូល​រួម​គាំពារ​បរិស្ថាន និង​រួមគ្នាធ្វើ​ឲ្យមាន​និរន្តរភាពនៃអនាគត​ភព​ផែន​ដី។​

សម្រាប់​កម្ពុជាវិញ​លោក​ថា អង្គការ​WWF ប្រ​ចាំកម្ពុជា​បាន​ចាប់ផ្តើម​ធ្វើឡើង​នៅ​ឆ្នាំ២០១២ ហើយ​ក្រសួង​បរិស្ថាន​បាន​ចូល​រួម​ទិវា​នេះ​ចាប់ពី​ឆ្នាំ២០១៦​មក។​

សម្រាប់​ឆ្នាំ​២០១៨​នេះ​ទិវា​មួយ​ម៉ោង​សម្រាប់​ភពផែន​ដី​ធ្វើ​ឡើង​ក្រោម​ប្រ​ធានបទ​ «ផ្សាភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​ផែន​ដី»។ គោលបំណងសំខាន់​គឺ​ទាញ​ចំណាប់អារម្មណ៍​ឲ្យ​ប្រ​ជា​ពល​រដ្ឋ ស្ថាប័ន​រដ្ឋ និង​ឯកជន​ចូល​រួម​ប្រើ​ប្រាស់​ថាមពល​ដោយ​សន្សំសំចៃ ដូចជាបិទ​កុងតាក់ភ្លើង​ពេល​ចាកចេញពី​បន្ទប់ ឬពេល​មិនមានមនុស្សនៅជាដើម។ ចំណុចមួយទៀតគឺការ​ប្រើ​ប្រាស់​ឧបករណ៍អេឡិចត្រូនិច​ដែល​មិនប៉ះពាល់​បរិស្ថាន​ដូចជា​អំពូល​ភ្លើង​អិលអីឌី ដែលស៊ីភ្លើងតិចជាដើម។ ក្រៅពីនេះ​គឺ​ការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ថាមពល​កើតឡើងវិញដូចជា​ថាមពលព្រះអាទិត្យ និងជីវឧស្ម័នជា​ដើម៕

អត្ថបទ៖ ទូច សុខា