អោក​ សុវណ្ណារ៉ា​ ហាត់​តេក្វាន់ដូ​ ១០ឆ្នាំ​ហើយ​ នៅ​តែ​មិន​ទាន់​ស្គាល់រសជាតិ​​មេដាយ​​

  • 2018-03-21 07:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ អោក​ សុវណ្ណារ៉ា​ ហ្វឹកហាត់​តេក្វាន់ដូ​ WTF​ អស់​រយៈពេល​១០ឆ្នាំ​មក​ហើយ​ មិន​ទាន់​ស្គាល់​រសជាតិ​មេដាយ​លំដាប់​អន្តរជាតិ​មួយ​នោះ​ទេ​ ប៉ុន្តែ​មិន​បោះបង់​ការ​តស៊ូ​ឡើយ​ សង្ឃឹម​ពេល​ណា​មួយ​សម្រេច​ក្ដី​ស្រមៃ។​

កីឡាករ អោក​ សុវណ្ណារ៉ា​

អោក​ សុវណ្ណារ៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​មក​ដល់​ឆ្នាំ​ ២០១៨​ នេះ​ ចូល​ហ្វឹកហាត់​កីឡា​តេក្វាន់ដូ​ WTF​ ប្រហែល​ ១០ឆ្នាំ​ មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ឈ្នះ​មេដាយ​លំដាប់​អន្តរជាតិ​មួយ​គ្រឿង​ឡើយ​ ពោល​បាន​ត្រឹម​មេដាយ​ថ្នាក់​ជាតិ​ប៉ុណ្ណោះ។​ កីឡាករ​រូប​នេះ​ធ្លាប់​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​ ២០១៥​ នៅ​ សិង្ហបុរី​ដែរ​ តែ​មិន​ជោគជ័យ។​

លោក​ ហែម​ សំណាង អ្នក​ដឹកនាំកីឡាករទៅ​កូរ៉េ

កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បន្ថែម​ថា​ បើ​ទោះ​ជា​ចំណាយ​ពេល​វេលា​យូរ​ដូច​នេះ​ ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ និង​កម្លាំង​កាយ​ កម្លាំង​ចិត្ត​ច្រើន​ក្ដី​ តែមិន​ទាន់​បាន​លទ្ធផល​សមប្រកប​ដូច​កីឡាករ​ដទៃ​ ក៏​មិន​បោះបង់​ការ​តស៊ូ​ឡើយ។​ រូប​គេ​នៅ​តែ​បន្ត​ខំប្រឹង​ ហើយ​ជឿជាក់​ថា​នៅ​ថ្ងៃ​ណា​មួយ​ នឹង​ទទួល​ជោគជ័យ​ ឬ​ឈ្នះ​មេដាយ​អន្តរជាតិ​ជូន​កម្ពុជា​ និង​ក្រុម​គ្រួសារ។​

ជម្រើស​ជាតិ​វ័យ​ ២៥​ឆ្នាំ​ បន្ត​ថា​ ការ​ឈ្នះ​មេដាយ​លំដាប់​អន្តរជាតិ​ដូច​ជា​ ស៊ីហ្គេម​ អាស៊ាន​ហ្គេម​ ឬ​ហ្គេម​ដទៃ​ទៀត​ ជា​ក្ដី​ស្រមៃ​ក្នុង​ជីវិត​របស់​គេ​ ដូច្នេះ​ហើយ​ទើប​នៅ​តែ​បន្ត​តស៊ូ​ហ្វឹកហាត់​ ដើម្បី​ប្រទេស​ជាតិ​ ដើម្បី​ក្រុម​គ្រួសារ​ និង​ដើម្បី​ខ្លួន​ឯង​ផង​ដែរ។​

កីឡាករ អោក​ សុវណ្ណារ៉ា​ ជា​មួយបងប្អូន

អោក​ សុវណ្ណារ៉ា​ ជា​កីឡាករ​ជម្រើស​ជាតិ​ តេក្វាន់ដូ​ WTF​ កម្ពុជា។​ កាល​ពី​យប់​ថ្ងៃ​ចន្ទ ​ទី១៩​ ខែ​មីនា​ ឆ្នាំ ​២០១៨​ កីឡាករ​រូប​នេះ​ និង​មិត្ត​រួម​ក្រុម​ ៣នាក់ ​ផ្សេង​ទៀត​ ចេញ​ដំណើរ​ទៅ​ហ្វឹកហាត​វិញ្ញាសា​ថ្មី​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ១សប្ដាហ៍​ ដើម្បី​តេស្ត​សមត្ថភាព​ត្រៀម​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ហ្គេម​ នៅ​ ឥណ្ឌូណេស៊ី​ ពេល​ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម