ថ្មី...! ក្រោយ​ការ​ស៊ើប​អង្កេត តាម​ពិត Messi អាច​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី​បាន

  • 2018-03-21 13:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi អាច​មាន​សិទ្ធិ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី កាល​ពី​មិន​ទាន់​លេង​ឲ្យ​អាហ្សង់ទីន។

បើ​តាម​ការ​ស៊ើប​អង្កេត​របស់​សារព័ត៌មាន​ល្បី Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អាហ្សង់ទីន មាន​ជីតា​ទួត​ជា​ជនជាតិ​អ៊ីតាលី ដែល​បាន​ធ្វើ​ការ​ចាក​ចេញ​ពី​ខេត្ត Recanati ប្រទេស​អ៊ីតាលី មក​រស់នៅទីក្រុង Rosario ប្រទេស​អាហ្សង់ទីន​កាល​ពី​ឆ្នាំ ១៨៨៣។

លើស​ពី​នេះ ប្រភព​ដដែល​ក៏​បាន​អះអាង​ទៀត​ដែរ​ថា ទាំង​ឪពុក​ទាំង​ម្ដាយ​របស់ Messi សុទ្ធ​តែ​មាន​ដូន​តា​ជា​ជន​ជាតិ​អ៊ីតាលី។

ការ​ជាប់​ឈាម​ជ័រ​នេះ អាច​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Barcelona អាច​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​យក​សញ្ជាតិ​អ៊ីតាលី។ ប្រការ​ដូច្នេះ ធ្វើ​ឲ្យ Messi អាច​មាន​សិទ្ធិ​ពេញ​លេញ ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ប្រទេស​អឺរ៉ុប​មួយ​នេះ កាល​ពី​មិន​ទាន់​សម្រេច​លេង​ឲ្យ​អាហ្សង់ទីន។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ មិន​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ធ្លាប់​ប៉ុនប៉ង​កោះ​ហៅ Messi ឲ្យ​លេង​ឲ្យ​ខ្លួន​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ Messi មាន​ឈ្មោះ​ពេញ Lionel Andres Messi Cuccittini កើត​នៅ​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន និង​បាន​ចាកចេញ​មក​រស់​នៅ​តំបន់​កាតាឡាន់ ប្រទេស​អេស្ប៉ាញ​កាល​ពី​ខ្លួន​នៅ​អាយុ ១៣​ឆ្នាំ។

កន្លង​មក Messi បាន​បង្ហើប​ថា កាលពីនៅវ័យក្មេង ​អេស្ប៉ាញ​ធ្លាប់​ចង់​កោះ​ហៅ​ខ្លួនឲ្យ​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ។ ទោះ​ជា​យ៉ាង​ណា ដោយ​ចិត្ត​ស្រលាញ់​ប្រទេស​កំណើត​ ខ្សែ​ប្រយុទ្ធ​បាន​សម្រេច​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីនវិញ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី