គូ​កក្រើក​បំផុត​​ ម្ចាស់​ខ្សែ​ក្រវាត់​ទាំង​ពីរ​​ប៉ះ​គ្នា​​​ថ្ងៃ​សៅរ៍​នេះ​

  • 2018-03-22 02:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ទាំង​ពីរ​គឺ​កីឡាករ​ប្រេស៊ីល​ Bibiano Fernandes និង​កីឡាករ​វៀតណាម​កាត់​អូស្ត្រាលី​ Martin Nguyen ត្រូវ​ប្រឈម​មុខ​គ្នា​នា​ថ្ងៃ​សៅរ៍​ ទី​​២៤​ ខែ​មីនា​សប្តាហ៍​នេះ​​ហើយ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ One: Iron Will ក្នុង​ទី​ក្រុង​បាំងកក​ប្រទេស​ថៃ។

មុន​ការ​ប្រកួត​ដ៏​សំខាន់​ដែល​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ស្ទើរ​ទូទាំង​ទ្វីប​អាស៊ី​ និង​នៅ​តំបន់​អឺរ៉ុប​ផង​នោះ​ ​ជើង​ខ្លាំង​ទាំង​ពីរ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ និង​ជំនឿ​ជឿ​ជាក់​រៀង​ៗ​ខ្លួន​។

កីឡាករ Martin Nguyen ពេល​ឈ្នះ​ខ្សែក្រវាត់​ទី​២

អ្នក​លេង​កណ្តាប់​ដៃ​ Martin Nguyen បាន​និយាយ​ថា ៖«ដៃ​គូ​ Bibiano​គឺ​ជា​អ្នក​លេង​គុន​ចម្រុះ​ពិត​ប្រាកដ និង​ជា​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់។ នេះ​ជា​កិត្តិយស​ណាស់​ដែល​ខ្ញុំ​​មាន​ឱកាស​វ៉ៃ​ជា​មួយ​គាត់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ នេះ​ជា​ឱកាស​ស្ទើរ​គ្មាន​ពីរ​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​សមត្ថភាព​ក្នុង​ទ្រុង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​លាន​នាក់»។

«រាល់​ការ​ប្រកួត​របស់​ខ្ញុំ​​តែង​​តែ​បញ្ចប់​​បាន​លឿន​​ ហើយ​លើក​នេះ​ខ្ញុំ​គ្រោង​បញ្ចប់​ឲ្យ​លឿន​បំផុត។ ខ្ញុំ​ដឹង​ថា Bibiano ជា​ដៃ​គូ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​ត្រូវ​​ប្រឈម​ និង​ជម្នះ​ឲ្យ​បាន»។

កីឡាករ Martin Nguyen

អ្នក​លេង​ក្បាច់​ក្រោម​ Bibiano Fernandes បាន​និយាយ​ថា​ ៖«ពេល​នេះ​ខ្ញុំ​មិន​មែន​វ៉ៃ​ដើម្បី​ខ្សែក្រវាត់​ទៀត​ទេ​ គឺ​វ៉ៃ​ដើម្បី​ជម្នះ​នឹង​ឧបសគ្គ។ ខ្ញុំ​ចង់​ប្រឈម​ឧបសគ្គ​ និង​បង្ហាញ​ជំនាញ​របស់​ខ្ញុំ។ អ្នក​រាល់​គ្នា​និយាយ​​ពី​ភាព​ខ្លាំង​របស់​ Martin Nguyen ដូច្នេះ​គាត់​ដល់​ពេល​ស្គាល់​ខ្ញុំ​​ហើយ»។

«ខ្ញុំ​ដឹង​​ថា​​ Martin ខ្លាំង​កណ្តាប់​ដៃ​ស្តាំ​ និង​​បញ្ឆោត​ដៃ​ឆ្វេង​ល្អ​ ដូច្នេះ​​ខ្ញុំ​រីករាយ​ជួប​គាត់​ណាស់។ ខ្ញុំ​បាន​សិក្សា​ពី​គាត់​យ៉ាង​ច្បាស់​ និង​យល់​ពី​ចលនា​បំឡាស់​ទី​របស់​គាត់។ អ្នក​រាល់​គ្នា​និយាយ​ថា គាត់​អាច​ផ្តួល​ខ្ញុំ​ តែ​ខ្ញុំ​ថា មិន​​អាច​ដូច​គេ​និយាយ​នោះ​ទេ»។

កីឡាករ Bibiano ពេល​ការពារ​ខ្សែក្រវាត់​បាន​សម្រេច

ជើង​ខ្លាំង​វ័យ​ក្មេង​ Martin Nguyen មាន​ប្រវត្តិ​ប្រកួត​​១១​ដង​ ឈ្នះ​១០​ និង​ចាញ់​ម្តង​ និង​​​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​២​​គ្រឿង​គឺ​​កម្រិត​ Featherweight និង​កម្រិត​ Lightweight World Champion។ ចំណែក​កីឡាករ​ប្រេស៊ីល​​មាន​ប្រវត្តិ​ប្រកួត​២៤​ដង​ ឈ្នះ​២១​ និង​ចាញ់​៣​ដង។ រូប​គេ​ជា​​ម្ចាស់​ខ្សែក្រវាត់​​ពិភព​លោក​ ONE Bantamweight World Champion Bibiano យូរ​ហើយ​ និង​ការពារ​បាន​សម្រេច​ជា​ច្រើន​៕

កីឡាករ Bibiano

មើល Martin ប្រើ​កណ្តាប់​ដៃ​ផ្តួល​ដៃ​គូ

មើល​ការ​វ៉ៃ​របស់ Bibiano

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម