កែច្នៃសំរាមប្លាស្ទិកធ្វើផ្លូវ និស្សិតខ្មែរវ័យក្មេង ២រូប បានជយលាភីពី ប៊ូតាន មកស្រុកវិញ
- 2018-03-23 03:08:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែច្នៃសំរាមប្លាស្ទិកធ្វើផ្លូវ និស្សិតខ្មែរវ័យក្មេង ២រូប បានជយលាភីពី ប៊ូតាន មកស្រុកវិញ
ចន្លោះមិនឃើញ
អេកូប្លាស្ទិច (Eco-Plastic) ជាក្រុមមួយដែលត្រូវបានបង្កើតឡើងដោយកញ្ញា លី សុកញ្ញា ដែលជានិស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិលនៅសាកលវិទ្យាល័យហ្សាម៉ាន់ និងកញ្ញា តាន់ ប៊ុនហ៊ង់ ដែលជានិស្សិតមកពីសាកលវិទ្យាល័យ អាមេរិចកាំង ភ្នំពេញ។ បន្ទាប់ពីបានឈ្នះមេដាយប្រាក់ក្នុងការប្រកួត Business Model Competition នៅកម្ពុជាកាលពីខែ កុម្ភៈកន្លងទៅនេះ ក្រុម Eco-Plastic ក៏ទើបនឹងទទួលបានចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធី Mekong Business Challenge ថ្នាក់តំបន់ លើកទី 12 ដែលបានប្រារព្ធឡើងនៅប្រទេសប៊ូតានកាលពីថ្ងៃទី 17 ខែមីនាឆ្នាំ 2018 ។
Mekong Business Challenge គឺជាការប្រកួតប្រជែងគំរូពាណិជ្ជកម្មក្នុងតំបន់មេគង្គដោយមានការចូលរួមពីនិស្សិត១១ក្រុមមកពី៥ប្រទេស រួមមាន ប៊ូតាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ គោលបំណងនៃការប្រកួតប្រជែង Mekong Business Challenge នេះ គឺដើម្បីលើកកម្ពស់សហគ្រិនភាព ក្នុងចំណោមនិស្សិត សាកលវិទ្យាល័យនៅតំបន់មេគង្គ និងដើម្បីបើកដំណើរការអាជីវកម្មថ្មី និងវិនិយោគទុនសង្គម។
អេកូប្លាស្ទិកជាគម្រោងប្រកបដោយភាពច្នៃប្រឌិត ដែលកែច្នៃសំរាមប្លាស្ទិកសម្រាប់កសាងផ្លូវថ្នល់និងផ្ទៃផ្សេងៗដែលមានគុណភាពខ្ពស់ និងជាប់បានយូរអង្វែង។ មុនពេលឈានចូលដល់ការប្រកួតប្រជែងក្នុងតំបន់នេះ សុកញ្ញា និង ប៊ុនហ៊ង់ ក៏បានចូលរួមប្រកួតប្រជែងវគ្គដំបូងនៅកម្ពុជាដែលមានឈ្មោះថា “Business Model Competition & Accelerator Program – Cambodia” ហើយពួកគេក៏ទទួលបានសម្ភារៈហ្វឹកហ្វឺន ការគាំទ្រ និងការផ្តល់យោបល់ពីអ្នកប្រឹក្សា ដើម្បីអភិវឌ្ឍគំនិតអាជីវកម្មរបស់ពួកគេឲ្យក្លាយទៅជាគំរូអជីវកម្មសម្រាប់ការប្រកួត។ នេះចាត់ទុកថាជាសមិទ្ធផលដ៏អស្ចារ្យមួយ សម្រាប់ពួកគេក្នុងនាមជានិស្សិតដែលបានចូលរួមក្នុងឆាកអាជីវកម្មបែបនេះ។
មុននឹងចេញដំណើរទៅប្រកួតនៅប្រទេសប៊ូតាន ក្រុមនិស្សិតស្រីមួយក្រុមនេះ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ ឯកឧត្តមទេសរដ្ធមន្ត្រី ស៊ុន ចាន់ថុល ហើយត្រូវបានអញ្ជើញឲ្យចូលជួបជាមួយឯកឧត្តមទេសរដ្ធមន្ត្រី នៅឯក្រសួងសាធារណការ និងដឹកជញ្ចូន។
ដោយឡែក ពួកគេក៏ទទួលបានការអនុញ្ញាតឲ្យឲ្យចូលប្រើប្រាស់បន្ទប់ពិសោធន៍របស់ក្រសួងដើម្បីសាកល្បងគុណភាពបច្ចេកទេសរបស់ពួកគេមុនទៅប្រកួតនៅប៊ូតានផងដែរ។
ទស្សនាវីដេអូជំនួបរវាងក្រុម Eco-Plastic និងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖