សប្ដាហ៍​​នេះ សិល្បករ​ជើង​ចាស់​​២រូប ធ្លាក់ខ្លួនឈឺដល់ថ្នាក់់សង្គ្រោះ​បន្ទាន់​ ស្ថានភាពយ៉ាងណាហើយ?​​

  • 2018-03-22 04:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្ដាហ៍​ទី៣​​នៃ ខែ មីនា ឆ្នាំ ២០១៨​នេះ មាន​សិល្បករ​ជើង​ចាស់​​២រូប​ចូលសង្គ្រោះ​បន្ទាន់​នៅ​​មន្ទីរពេទ្យ ដោយ​ជំងឺ​ផ្សេងៗ​គ្នា ​ក្នុង​នោះ មាន​តារា​កំប្លែង នាយ សាន ម៉ៅ និងតារា​ចម្រៀងលោក ហួរ ឡាវី។

១.នាយ សាន ម៉ៅ

ដំបូង​គេ​គឺ​តារា​កំប្លែង​នាយ សាន ម៉ៅ លោក​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ដោយ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ កាលពី​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ ដោយ​ជំងឺ​​ទឹក​ក្នុង​សួត បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ បន្ទាប់​​បាន​ដឹង​ពី​តារា​កំប្លែង​រូប​នេះ ចូល​សម្រាក​នៅ​មន្ទីរពេទ្យ គេ​ឃើញ​មាន ​សិល្បករ​សិល្បៈ​ការិនី​ទៅ​សួរសុខទុក្ខ​​ជា​ច្រើន ដូច​ជា នាយ​កុយ នាយ​ក្រឹម លោក អ៊ឹម ជីវ៉ា ជា​ដើម។ គិត​មក​ដល់​ពេល​នេះ អាការៈ​ជំងឺ​របស់ នាយ​សាន ម៉ៅ នៅ​មិន​​ជា​នៅ​ឡើយ​ទេ ដោយ​លោក​កំពុងតែ​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ។

២.តារា​ចម្រៀង ហួរ ឡាវី

បន្ទាប់​មក គឺ​តារា​ចម្រៀង ជើងចាស់ លោក ហួរ ឡាវី ។ កាលពីយប់មិញ តារា​ចម្រៀង​សំឡេងស្អក​រូប​នេះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ​ឯក​ជន​មួយ ដើម្បី​សង្គ្រោះបន្ទាន់ទាំងយប់​ ដែល​ធ្វើឲ្យទស្សនិកក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការ​ព្រួយបារម្ភ​។ តាម​ការ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន លោកមាន​ជំងឺ​រលាក​បំពង់ក ដែល​​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ទ្រាំ​មិន​បាន​ក៏​សម្រេច​ចូល​សម្រាក​ពេទ្យ​តែ​ម្ដង ប៉ុន្តែ​ក្រោយ​ពី​បាន​ឲ្យ​ពេទ្យ​ចាក់​ថ្នាំ ២ទៅ ៣ ម្ជុល​មក ជំងឺ​របស់​លោក​បាន​ធូរស្រាល​​វិញ​ហើយ។ បច្ចុប្បន្ន​លោក ហួរ ឡាវី បាន​ប្រាប់​ថា លោក​បាន​មក​សម្រាក​ព្យាបាល​នៅ​ផ្ទះ​​វិញ ដោយ​សុខភាព​របស់​លោក​វិល​មក​សភាព​ដើម​វិញ​ហើយ៕

អត្ថបទៈ ស៊ុនហួត

អត្ថបទពេញនិយម