​ពីក្មេងពិការសុំទាននៅស្រុកគេ ​តស៊ូដើរសុំអាហារូបករណ៍ រហូតសម្រេចបំណងធំ២ក្នុងជីវិត

  • 2018-03-22 06:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហៀវ សិលា​ ជា​ឈ្មោះ​របស់​យុវជន​ម្នាក់វ័យ ២៧ឆ្នាំ ​មាន​រូបរាង​ពិការពីកំណើត តែចិត្តហ៊ានក្លាតស៊ូជម្នះជីវិត​តោកយ៉ាក ​យក​សម្ដីជេរ​ប្រមាថ​ប្រែក្លាយ​កម្លាំង​ថាមពល​ ពុះពារ​ឧបសគ្គ​​​រហូត​ទទួល​បានការ​សិក្សាថ្នាក់​ខ្ពស់​ដូចមនុស្សធម្មតានៅ​ក្នុង​សង្គម​។ ថ្ងៃនេះ Sabay​ សូម​លាត​ត្រដាងពី​ប្រវិត្តិ​របស់​យុវជន​ចំណាក​ស្រុក​មករៀន​នៅ​ភ្នំពេញ​ ថា​តើជីវិត​ជន​ពិការរូប​នេះ​ ជួបរឿង​រ៉ាវយ៉ាង​ណា ​សូមតាម​ដានដូចត​ទៅ៖ ​

( យុវជន ហៀវ សិលា)

- **​ជីវិត​ជាក្មេង​សុំទាន​នៅស្រុក​ថៃ​**

សិលា ធ្លាប់​ជាក្មេង​សុំទាន​នៅ​ប្រទេស​ថៃ កាល​អាយុ​​ ៧ ឆ្នាំ ​ដោយសារតែ​ជីវភាព​ក្រខ្សត់​ មានតែ​ម្ដាយជា​ទីពឹងនិង​លោកតា​ សិលា​ជាកូន​ទី៣ ​ត្រូវ​បង្ខំចិត្ត​ចេញ​ពីគ្រួសារ​ ទៅ​តាម​មេខ្យល់​ ដើរ​សុំទាន​តាំង​ពីព្រលឹម​ទល់​ព្រលប់​។ យ៉ាង​ហោច​ណាស់ ៧ ​ដង ដែល​សិលា​ត្រូវ​បាន​ប៉ូលីស​(​តម្រួត​) ថៃ​ចាប់​ដាក់​គុក ព្រោះតែ​សុំ​លុយ​យ៉ាង​អនាថា ​ប៉ុន្តែ​បើ​មិន​ធ្វើ​ដូចនេះ​ សិលាក៏​ត្រូវ​ទទួល​ពិន័យ​ពីសំណាក់​មេខ្យល់​វិញ​ដូចគ្នា​។ ​បើ​ទោះបី​មាន​រូបរាង​គមខ្នង​ តែ​សិលា​អាច​ជួយ​គ្រួសារ​តាមរយៈ​ការផ្ញើរ​ប្រាក់ចំនួន​ ៣ពាន់បាត (ឬប្រហែល ៣២ម៉ឺនរៀល) ជារៀង​រាល់ខែ។ ជីវិត​ជាក្មេង​សុំទាន​មិនដឹង​​ពេលណា​បានរួច​ផុតឡើយ​ តែថ្ងៃមួយ​​សំបុកហ្វូង​របស់​មេខ្យល់​ត្រូវបាន​ប៉ូលីស​ថៃបំបែក​ខ្ទេចគ្មាន​សល់ ឯ​សិលា​ក៏ត្រូវ​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ព្រំដែន​ប៉ោយប៉ែត​ប្រទេស​កម្ពុជា​វិញ​ គឺរយៈ​ពេល​​៣ឆ្នាំ​ដែល​សិលា​បាន​វិល​ត្រឡប់​មក​ជួប​ជុំគ្រួសារ​ជាថ្មី។ ​​

  • បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យយ៉ាងត្រដាបត្រដួស

លុះ​បក​មក​ជីវិត​សិក្សា​វិញ ​សិលា​ក៏ជួប​រឿង​មិនងាយ​ស្រួល​ប៉ុន្មាន​ដែរ ព្រោះ​ចិត្តមួយ​ចង់​ជួយគ្រួសារ និង​ចិត្ត​មួយទៀត​​ចង់រៀន​ឲ្យ​បាន​ខ្ពង់ខ្ពស់​។ នៅ​ពេល​ឈាន​ចូល​ថ្នាក់​ទី ៨ ​សិលា​ត្រូវ​ផ្លាស់​មក​នៅ​ផ្ទះ​អ្នក​ដទៃ​នៅក្រុង​ប៉ោយប៉ែត​​ក្បែរ​សាលា​ លុះ​បញ្ចប់​ថ្នាក់ទី៩ សិលា​ត្រូវផ្លាស់ទី​លំនៅ​មួយ​កន្លែង​ទៀត​ ហេតុថា​ម្ចាស់ផ្ទះ​ចាស់​ត្រូវប្ដូរ​ទី​លំនៅ​។ ​ខណៈ​ជួប​ម្ចាស់​ជម្រក​ថ្មី ​​ចូល​រៀន​ដល់​ថ្នាក់​ទី១០​ នៅ​វិទ្យាល័យ​ក្នុង​ក្រុង​ដដែល​ សិលា​ត្រូវ​រកលុយ​ខ្លួនឯង​ដើម្បី​រៀន​បន្ត ​ព្រោះ​គ្រួសារ​នៅ​សល់​តែម្ដាយ​ជាប្រភព​ចំណូល​។ ​យុវជន​គមខ្នង​​ធ្វើការ​ឲ្យ​ម្ចាស់ផ្ទះ​ដែល​មាន​របរទិញ​លក់​អេតចាយ ខ្លះណា​ត្រូវង៉ើប​កណ្ដាល​អាធ្រាតុ​ប្រមូល​ដែក​សំណល់​ចាស់​ៗ​ និង​ដើររក​អេតចាយ​តាមគំនរ​សម្រាម​ជាដើម។ ​បាយទឹក និង​ការ​សម្រាក​មិន​ទៀង​ តែ​សិលា​ធ្វើការងារ​នេះ១ថ្ងៃ ក៏​អាច​រកបាន​យ៉ាង​ហោច ​​២ម៉ឺនរៀល​ សន្សំខ្លះ ឲ្យ​ម្ដាយ​ខ្លះ ហើយ​ពេលខ្លះ​ក៏ស្ទើរ​តែ​បោះបង់​ពេល​វេលារៀន​សូត្រ​។ ពេល​​បញ្ចប់​ថ្នាក់​ទី១២ ​សិលា​មិនអាចបន្ត​ថ្នាក់​ឧត្តម​សិក្សា​បានដោយសារ​ឆ្ងាយ​ផ្ទះ​ខ្លាំង​ពេក កម្លាំងចិត្តហាក់ចុះខ្សោយ​ការតស៊ូ​ ព្រោះ​ខ្វះខាត​លុយ និង​សម្រេច​ចិត្ត​វិល​​ទៅ​រកម្ដាយ​វិញ​ ដើម្បីដោះ​បំណុល​ ​​ស៊ីឈ្នួល​បេះ​ដំឡូង​​​នៅភ្នំ​ព្រឹក​ម៉ាឡៃ​ទល់​ព្រំដែន​កម្ពុជា-ថៃ​។

  • ជីវិត​តែលតោល​កណ្ដាល​ក្រុង តែមានភ័ព្ធសំណាង​

មិន​យូរប៉ុន្មាន​ សិ​លា​ ក៏ចាប់​ផ្ដើម​គិត​ជាថ្មី ​បើខ្លួន​ធ្វើការងារ​បែបនេះ​ ក៏មិន​អាចជួយ​គ្រួសារ​បានយូរ​អង្វែង​នោះដែរ​ ណា​ឃើញ​ដៃម្ដាយ​ពង​​ស្ទើរសុះ​សាច់​ផង​ ស្រាប់​​តែ​មានគំនិត​លួច​រត់​ចេញពីផ្ទះ​ទៅ​ភ្នំពេញ​តែឯង​ដើម្បី​រៀន​បន្ត។ សិលា​នៅតែមានឆន្ទះតស៊ូក្នុងជីវិត ​បើទោះជា​យុវសិស្ស​រូបនេះ​ពិការ​រាងកាយ​ក៏ដោយ តែ​គេមិន​ពិការចិត្ត​ មិន​ពិការ​ចំណេះ មិន​ពិការ​ឧត្តម​គតិរបស់​ខ្លួនដែរ​ ដោយ​ចង់ចាំ​សម្ដី​ជីតា​ថា "ចៅត្រូវរៀន​ភាសាអង់គ្លេស​ និង​កុំព្យូរទ័រ​ ទើប​អាចរក​ការងារ​ល្អធ្វើ"។ ​សំណា​ងបាន​ជួបគ្រួសារ​មីង​សាច់ថ្លៃ​ជា​អ្នក​លក់​បាយ​នៅ​ភ្នំពេញ ហើយក៏សុំកន្លែង​នៅ និង​ជួយរក​លុយឲ្យ​គេ​ដូរបាយ​។ ​ធ្វើការ​រាល់​ថ្ងៃ​ សិលា​មិន​បោះបង់​គំនិត​សិក្សា​ឡើយ​ ឲ្យតែជួប​អ្នកស្ពាយ​កាបូប​ដូចអ្នករៀន​ តែងតែ​សួរគេ​ថា​​សាលា​ណាមាន​អាហារូបករណ៍​ មាន​ភាសា​អង់គ្លេស ​រហូត​មាន​គេ​ណែនាំ​ឲ្យ​ទៅរក​ម្ចាស់​សាកល​វិទ្យាល័យ​មួយ ឈ្មោះ​លោក​បណ្ឌិត កុល ផេង។ ​ទម្រាំតែ​បាន​ជួប​​គាត់​ សិលាត្រូវ​រង់​ចាំ​ឱកាស​ដល់​ទៅ​២ដង​រយៈពេល​១ខែ ​ទើប​បាន​សម្រេច​ដោយ​ទទួល​ការសិក្សា​មិន​អស់​ប្រាក់​។

  • ចំណេះ​ដឹងបំបាក់​ការជេរ​ប្រមាថ​

ចំណេះ​ដឹងបាន​ធ្វើឲ្យ​មនុស្សម្នាក់​មានរាង​កាយ​មិនល្អ ​ជម្នះសម្ដីជេរ​ប្រមាថ​មក​លើ​ខ្លួនថា "មនុស្ស​គម​ចឹង ធ្វើអី​មិនកើត​ ទៅ​ណា​មិនឆ្ងាយ​" តែ​ទីបំផុត​ ​សិលា​មិន​ត្រឹមអាច​ចិញ្ចឹម​គ្រួសារ​ និង​ខ្លួនឯង​ធូរធារជាងមុន​ ថែមទាំង​ធ្វើឲ្យ​មនុស្ស​ធ្លាប់​រើសអើង​ខ្លួន​ផ្លាស់​ប្ដូរ​មាយាទ​ឲ្យ​តម្លៃ​មនុស្ស​ពិការ​ផងដែរ​។ ​បច្ចុប្បន្នសិលា​ជានិសិ្សត​ឆ្នើម​​ឆ្នាំទី៤ ​​ផ្នែក​បរិស្ថាន​ នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ និង​ជាថៅកែ​បោះដុំ-​រាយពង​ទា​តាមហាង​ម្ហូបតូច​ធំនៅ​ភ្នំពេញ​ផងដែរ​។ ​សិលាឲ្យដឹងថា ក្នុង១ ខែៗ ខ្លួន​អាចរកចំណូល​ពី​​របរ​លក់​ពងទាប្រហែល ​៣០០ដុល្លារ​។ ​សិលា បាន​សម្រេច​ក្ដីបំណង​២ធំ​ៗ​​ក្នុង​ជីវិត ​មួយគឺ​ជួយ​ដោះ​បំណុល​ម្ដាយ និង​មានរបរ​ត្រឹម​ត្រូវ​ផ្ទាល់​ខ្លួន​។ ​ក្រោយ​បញ្ចប់​ការសិក្សា​ ​សិលា ​ក៏មាន​មហិច្ឆតា​ជា​អ្នក​កាន់ជំនួញ​​ធំដុំ​មួយរូប​ និង​​បំពេញ​ក្ដីស្រមៃ​ធ្វើការងារ​ទាក់ទង​នឹងបរិស្ថាន​ ​ពោលគឺ​ចង់​បង្រៀន​ឲ្យ​ប្រជាជន​កម្ពុជាយល់​ដឹងពី​អត្ថ​ប្រយោជន៍​​ប្រើប្រាស់ទឹក​​ស្អាត​៕​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត