មនុស្សកុំឲ្យល្អពេកអត់កើតទេ គួរប្រកាន់យក៦យ៉ាងនេះ មិនងាយអ្នកណាបោកបាន

  • 2018-03-22 09:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ជា​មនុស្ស​ល្អ​រស់​នៅ​ក្នុង​សង្គម គឺ​ជា​រឿង​សំខាន់ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ចង់​រាប់​អាន​មនុស្ស​ល្អ។ ប៉ុន្តែ​កាល​ណា​ល្អ​ខ្លាំង​ពេក​ទៅ​ជា​ល្ងង់​ច្រើន​ជួប​រឿង​ខក​ចិត្ត​ទៅ​វិញ​ទេ។ ការ​លើក​ឡើង​នេះ​មិន​មែន​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់​ទេ តែ​គួរ​ប្រកាន់​យក​ដូច​ខាង​ក្រោម​នេះ គឺ​ស្ថិត​នៅ​កណ្ដាល​មិន​ល្អ​ពេក ហើយ​ក៏​មិន​អាក្រក់​ដែរ។

១. វ័យ​ឆ្លាត​ក្នុង​ការ​សេពគប់​មនុស្ស​កុំ​ឲ្យ​គេបោក​ទទេៗ

ប្រសិន​បើ​ត្រង់​ធ្លុង​ពេក យើង​មិន​ដឹង​ថា តើ​អ្នក​ណា​ជា​មនុស្ស​បែប​ណា​នោះ​ទេ។ ត្រូវ​ដឹង​ថា មនុស្ស​ខ្លះ​ចូលមក​ជីវិត​យើង​តែ​ក្នុង​រយៈពេល​ខ្លី​ ដោយ​សារ​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​មួយ រួច​ហើយ​ក៏​ចេញ​ទៅ​វិញ​ពេល​អស់​ប្រយោជន៍​សម្រាប់​គេ។ ជា​មនុស្ស​ឆ្លាត​ត្រូវ​រៀន​មើល​ថា តើ​អ្នក​ណា​ពិត​ជា​ចង់​បង្កើត​មិត្តភាព​ដោយ​ពិត​ប្រាកដ ហើយ​អ្នក​ណា​គ្រាន់​តែ​ចង់​បោកប្រើ?

មិន​ចង់​ខក​ចិត្ត​លើ​នរណា​ម្នាក់ សូម​កុំ​រាប់​អាន​អស់​ពី​ពោះ​រហូត​ងងឹត​ភ្នែក លែង​ដឹង​អ្នក​ណា​ល្អ អ្នក​ណា​អាក្រក់។ កុំ​ព្រោះ​តែ​ចង់​បាន​មិត្តភាព ទោះ​ដឹង​គេ​បោក​ហើយ​នៅ​តែ​រាប់​អាន​នោះ មិន​ខ្វះទេ​នៅ​មាន​មនុស្ស​មនុស្ស​ល្អជា​ច្រើន​ទៀត​នៅ​លើ​ផែន​ដី​នេះ។

រូបតំណាង

**២. បញ្ហា​ណា​ដែល​ជួយ​បាន​ក៏​ជួយ តែ​មិន​មែន​យក​មក​ដាក់​ខ្លួន​ទាំង​អស់​ទេ**

ពិត​មែន​ហើយ​ជា​មិត្តភក្ដិ​ល្អ តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ពេល​មាន​បញ្ហា តែ​ក៏​មិន​មែន​ដល់​ថ្នាក់​យក​បញ្ហា​អ្នក​ដទៃ​មក​ដាក់​ខ្លួន​គ្រប់​រឿង​ទេ។ បើ​មួយ​ថ្ងៃ​ៗ​ឈឺ​ក្បាល​តែ​រឿង​គេ វា​ក្លាយ​ជា​រឿង​ដ៏​ល្ងង់​ខ្លៅ​ទៅ​វិញ​ទេ ត្រឹម​តែ​ផ្ដល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ក៏​ចាត់​ទុក​ថា មិត្ត​ល្អបាន​ហើយ មិន​មែន​ដល់​ថ្នាក់​បាយ​មិន​នឹក​ទឹក​មិន​ស្រេក​ឡើយ។

៣. ប្រកាន់​ចិត្ត​ថា​ធ្វើ​តែ​ត្រឹមត្រូវ​មិន​ប៉ះពាល់​អ្នក​ណា​ គេ​ចូលចិត្ត ឬមិន​ចូលចិត្ត​ជា​រឿង​គេ

ហេតុ​តែ​ចង់​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត មួយ​ថ្ងៃៗ​ចេះ​តែ​គិត​ថា តិច​ធ្វើ​ចឹង​មិន​ល្អ តិច​ធ្វើ​បែប​នេះ​គេ​អត់​ចូល​ចិត្ត និង​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​គិត​តែ​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ឥត​ល្ហែ។ តែ​សួរ​ខ្លួន​ឯងវិញ​ថា តើ​នេះ​ជា​ជីវិត​យើង ឬ​ជីវិត​អ្នក​ណា? ហេតុអ្វី​ក៏​ត្រូវ​រស់​ព្រោះ​អ្នក​ដទៃ? មនុស្ស​យើង​បើ​ថ្នាក់​នេះ​ពេក គឺ​លែង​ជា​ខ្លួន​ឯង​ហើយ គ្រាន់​តែ​ធ្វើ​តែ​អំពើ​ល្អ ធ្វើ​តែ​រឿង​ត្រឹម​ត្រូវ ហើយ​ប្រាកដ​ថា​មិន​ប៉ះពាល់​អ្នក​ណា​ទៅ​បាន​ហើយ។ អ្នក​ណា​ចូលចិត្ត ឬ​មិន​ចូលចិត្ត​ជា​សិទ្ធ​របស់​គេ​ទេ។

រូបតំណាង

៤. គិត​តែ​រឿង​ធ្វើ​ម៉េច​ឲ្យ​ខ្លួន​ឯង​រីកចម្រើន​កុំ​ទៅ​រវល់​ស្ដាប់​រឿងរ៉ាវ​ពី​អ្នក​ដទៃ​ច្រើន​ពេក

ជា​រឿង​ដ៏​អត់​ប្រយោជន៍​បំផុត ដែល​យក​ពេល​វេលា​របស់​ខ្លួន​ទៅ​ខ្វល់​អំពល់​ទុក្ខ​រឿង​អ្នក​ដទៃ។ ចង់​អ្នក​យ៉ាង​ម៉េច​ ធ្វើ​អី បាន​អី ជា​រឿង​របស់​គេ កុំ​ទៅ​ចចេចចចូច​រឿង​គេ ព្រោះ​ហូប​បាយ​រៀង​ខ្លួន​ ផ្ទះ​រឿង​ខ្លួន ហើយ​ក៏​មិន​គួរ​យក​ខ្លួន​បៀត​ជា​មួយ​មនុស្ស​ចូលចិត្ត​និយាយ​ដើម​គេ។ អ្វី​ដែល​គួរ​ធ្វើ​គឺ​ផ្ដោត​លើ​រឿង​ធ្វើ​ការ រកស៊ី និង​គិត​យ៉ាង​ម៉េច​ទើប​រីកចម្រើន​ទៅ​មុខ ទើប​ជា​រឿង​មាន​ប្រយោជន៍។

​​ ៥. កុំ​សូវ​ទម្លាយ​រឿង​សំខាន់ៗ​ផ្ទាល់​ខ្លួន​ប្រាប់​គេ​ពេក

មនុស្ស​យើង​តែ​កាល​ណា​ស្មោះ​អស់​ពី​ពោះ​ហើយ រឿងរ៉ាវ​តូច​ធំ អាថ៌កំបាំង​អ្វី​ក៏​ប្រាប់​គេ​អស់ ព្រោះ​គិត​ថា​គេ​ស្មោះ​នឹង​ខ្លួន។ ប៉ុន្តែ​ត្រូវ​ចាំ​ម្យ៉ាង​ថា គ្មាន​អ្នក​ណា​មួយ​ស្មោះ​អស់​ពី​ចិត្ត​ដូច​ឪពុកម្ដាយ​យើង​ឡើយ ស្រួល​មិន​ស្រួល​គេ​យក​ទៅ​ហែកហួរ​ខ្ទេច ឬ​លួច​ធ្វើ​ស៊ី​ពី​ក្រោយ​ខ្នង​ក៏​មាន នៅ​ពេល​គេ​ដឹង​ថា យើង​កំពុង​មាន​គម្រោង​ការ​អ្វី ឬ​ចង់​រកស៊ី​អ្វី។

៦. មិន​គួរ​ចិត្ត​ទន់​ជាមួយ​មនុស្ស​ធ្វើ​ដដែលៗ​រាប់​ភ្លេច

ស្លូត​ពេក ទៅ​ជា​ល្ងង់ ដឹង​ថា​គេ​កុហក គេក្បត់ ក៏​នៅ​តែ​លើកលែង​ទោស​គ្រាន់​តែ​គេ​សុំទោស​មួយ​ម៉ាត់។ ការ​លើក​លែង​ទោស​ក៏​មាន​កម្រិត​ដែរ ព្រោះ​មនុស្ស​ខ្លះ​ធ្វើ​ខុស​ដោយ​មិន​បាន​តាំង​ចិត្ត​មែន តែ​មនុស្ស​ខ្លះ​ខុស​ហើយ ខុស​ទៀត​មិន​មែន​មិន​បាន​តាំង​ចិត្ត​ទេ តែ​មាន​ចេតនា​ស្រស់​ៗ​តែ​ម្ដង។ ដូច្នេះ​ហើយ​ដោះ​លែង​គេ​ទៅ ឲ្យ​គេ​ទៅ​រក​ជំពូក​មនុស្ស​ដូច​គ្នា​ចុះ មិន​បាច់​ស្ដាយ​ស្រណោះ​អ្វី​ពេក​ទេ។

សូម​បញ្ជាក់​ថា ៦​ចំណុច​ខាង​លើ​នេះ គឺ Sabay បាន​សាកសួរ​អ្នក​មាន​បទពិសោធន៍​ជីវិត​ច្រើន ចំនួន​៥​រូប​ក្នុង​នោះ​មាន​ទាំង​សាស្ត្រាចារ្យ និង​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន បាន​លើក​ឡើង​ស្រដៀង​គ្នា​ដូច​ការ​រៀបរាប់​ខាង​លើ​នេះ៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ