គ្នា​យើង​ជួយ​​​បោះឆ្នោត​ផង ដើម្បីគម្រោងអភិរក្សសត្វព្រៃកម្ពុជា ឈ្នះ ​​បានជំនួយពី​អឺរ៉ុប

  • 2018-03-22 10:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមអភិរក្សសត្វព្រៃអឺរ៉ុប ហៅ​កាត់​ថា (EOCA) បាន​បង្កើត​ការ​បោះឆ្នោត​មួយ​សម្រាប់​គម្រោង​អភិរក្ស​សត្វ​ព្រៃ​ចំនួន ៥ នៅ​ក្នុង​ប្រទេស​ផ្សេង​ៗ​គ្នា។ លើស​ពី​នេះ​ទៀត គម្រោង​ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​ច្រើន​ជាង​គេ នឹង​ទទួល​បាន​ជំនួយ​មូល​និធិ​ពី​សហគមន៍​ខាង​លើ។ ការ​បោះ​ឆ្នោត រាប់​ចាប់​គិត​ពី​ថ្ងៃ​ទី ៩ ដល់ ២៣ មីនា ស្អែក​នេះ ហើយ​លទ្ធផល​ក៏​នឹង​ប្រកាស​ក្រោយ​​កាល​កំណត់​តាម​ហ្នឹង​ដែរ។ គម្រោង​ដែល​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ស្វែងរក​ជំនួយ ជាមួយ​កម្ពុជា​ មាន​មក​ពី​ កូឡុំប៊ី ប៊ូស្នៀរ និង​ប្រទេស ស៊ីលី។

ក្នុង​នោះ​ គម្រោង​អភិរក្ស​សត្វ​ព្រៃ​មួយ​ក្នុង​ប្រទេស​កម្ពុជា របស់​អង្គការ សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) ក៏​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ។ គម្រោង​នេះ​មាន​ឈ្មោះ​ថា "ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងវិស័យទេសចរណ៍" ដែល​គ្រប​ដណ្ដប់​ផ្ទៃដី ១,៧ លាន​ហិកតារ​​នៃ​ឧទ្យានជាតិ​ភ្នំក្រវាញ។ ដោយ​សារ​តែ​តំបន់​នេះ ជា​ជម្រក​នៃ​រុក្ខជាតិ និង​សត្វ​ដែល​រង​ការ​គំរាម​កំហែង​រួម​ទាំង សត្វ​ដំរីអាស៊ី, សត្វ​ពង្រូល និង​ខ្លា​ឃ្មុំ​ម៉ាឡេ​ជា​ដើម។ ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​សត្វ​ព្រៃ​ទាំង​នេះ គឺ​ប្រជាជន​ក្នុង​តំបន់ រួម​ទាំង​ក្រុម​អ្នក​បរបាញ់​ដោយ​កាំ​ភ្លើង និង​ជា​ពិសេស​ការ​ដាក់​អន្ទាក់​។

ប្រសិន​បើ​គម្រោង​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត និង ទទួល​បាន​ជំនួយ​ពី EOCA ពួក​គេ​មាន​លទ្ធភាព​ពង្រឹង​ច្បាប់​សត្វ​ព្រៃ​ដែល​មាន​ស្រាប់ និង​បន្ត​ផ្តល់​ការ​អប់រំ​ដល់​សហគមន៍ និង​អ្នក​ទេសចរ​ក្នុង​តំបន់។

តាម​រយៈ​សកម្មភាព​ទាំង​នេះ នឹង​ធានា​ដល់​សុវត្ថិភាព​នៃ​តំបន់​ព្រៃ​នេះ​ដើម្បី​កាត់​បន្ថយ​ការ​បរបាញ់ និង​បង្កើត​ជម្រក​សត្វព្រៃ​ទៀត​ផង។ ជាមួយគ្នាផង​ដែរ ក្រុម​ល្បាត​នឹង​យក​ជំនួយ​ទាំង​នោះ​ទៅ​ជួស​ជុល​ផ្លូវ​លំ​ប្រវែង ២០០ គីឡូម៉ែត្រ​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​គាំទ្រ​ដល់​គ្រួសារ​ចំនួន ៣៤០ ទៅ ៦៣២ ដែល​រស់​នៅ​ក្នុង​តំបន់​ជីផាត។ មូលនិធិ EOCA ក៏​នឹង​ផ្ដល់​មូល​និធិ​ដល់​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ផងដែរ។

សូម​ចូមរួម​បោះ​ឆ្នោត លើ​គម្រោង​អង្គការ​សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) តំណាង​ពី​កម្ពុជា ដោយ​ចុច​លើ​តំណ​ខាង​ក្រោម បន្ទាប់​មក​ចុច​លើ​ពាក្យ Vote (បោះឆ្នោត) ធីក​យក​​ក្នុង​ប្រអប់​យល់ព្រម​​លើ​លក្ខខណ្ឌកៈ រួច​ចុច​លើ​ពាក្យ Cast to Vote។ សូម​មើល​រូប​ខាងក្រោម​ជា​ជំនួយ។

លោក​អ្នក​អាច​ចូល​រួម​បោះ​ឆ្នោត​សម្រាប់​គម្រោង​នេះ​តាម​រយៈតំណខាង​ក្រោម ៖

Sustainable Livelihoods and Tourism, Cambodia

បញ្ជាក់ ៖ ការ​បោះឆ្នោត​នេះ​នឹង​បញ្ចប់​នៅថ្ងៃស្អែក​វេលា​ម៉ោង ៧ ល្ងាច។

អត្ថបទ ៖ សុភារ័ត្ន