ទាយ​មើល ខ្សែ​បម្រើ​ចាស់​វស្សា Iniesta អាច​បន្ត​ជា​កីឡាករ​បង្គោល​នៅ Barca ប៉ុន្មាន​ឆ្នាំ​ទៀត?

  • 2018-03-22 12:48:30
  • ចំនួនមតិ

ចន្លោះមិនឃើញ

បើ​គ្មាន​របួស​យាយី​ទេ ខ្សែ​បម្រើ​ចាស់​វស្សា Andres Iniesta គិត​ថា​ខ្លួន​អាច​ស្ថិត​ក្នុង​ជម្រើស​ ១១​នាក់​របស់​ក្លឹប Barcelona ២ ឆ្នាំ​ទៅ​មុខ​ទៀត។

ការ​ថ្លែង​បែប​នេះ គឺ​មាន​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កីឡាករ​អេស្ប៉ាញ​បាន​ប្រកាស​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ​ថា​ ខ្លួន​នឹង​សម្រេច​ចិត្ត​ថា បន្ត​នៅ​ ឬ​ចាក​ចេញ​ពី​ក្លឹប​អ្នក​មាន​បុណ្យ នៅ​ថ្ងៃ​ទី ៣០​មេសា​ខាង​មុខ។

ក្នុង​ថ្ងៃ​នេះ ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​និយាយ​ប្រាប់ El Larguero ថា ការ​សម្រេច​ចិត្ត​នៅ​ខែ​មេសា ខាង​មុខ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដ៏​សំខាន់​បំផុត​ក្នុង​អាជីព​របស់​ខ្លួន។ កីឡាករ​អេស្ប៉ាញ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា នឹង​មិន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ណា ដែល​ប្រជែង​ជាមួយ Barcelona ឡើយ។

Iniesta ក៏​បាន​និយាយ​ផង​ដែរ​ថា បើ​សិន​ជា​ខ្លួន​នឹង​សម្រេច​ចាក​ចេញ​មែន នោះ​គឺ​មិន​មែន​មក​ពី​ខ្សែ​អេស្ប៉ាញ​មិន​ស្រលាញ់​ក្លឹប​អ្នក​បុណ្យ​ឡើយ តែ​គឺ​ដោយ​សារ​តែ​ខ្លួន​យល់​ថា មិន​អាចបន្ត​ជួយ​ក្លឹប ១០០%​បានទៀត។

ទោះ​ជា​យ៉ាង​ណា បើ​សម្រេច​បន្ត​នៅ កីឡាករ​រូប​នេះ គិត​ថា​នឹង​បន្ត​ស្ថិត​ក្នុងជម្រើស​១១ នាក់​របស់​ក្លឹប នៅ​រយៈ​ពេល ២​ឆ្នាំ​ទៀត ក្នុង​ករណី​មិន​មាន​របួស​យាយី។

សូម​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​វ័យ ៣៣​ឆ្នាំ Iniesta ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​សម្រាប់​ក្លឹប Barcelona អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា ការ​នាំ​ចូល​ខ្សែ​បម្រើ Philippe Coutinho កាល​ពី​ខែ​មករា​ឆ្នាំ​នេះ ត្រូវ​បាន​មតិ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​លើក​ឡើង​ថា គឺ​ជា​យុទ្ធសាស្ត្រ​របស់​ក្លឹប​ក្នុង​ការ​ត្រៀម​ជំនួស​ខ្សែ​បម្រើ​អេស្ប៉ាញ​ដែល​មាន​វ័យ​កាន់​តែ​ចាស់៕


ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី