មក​ដឹង​តម្លៃ​​លក់កោះ​ដ៏​ស្រស់ស្អាតជុំវិញ​ពិភពលោក​ រួម​ទាំង​កោះ​នៅ​ម៉ាល់ឌីវ​

  • 2018-03-24 08:46:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាំងនេះ​គឺជា​អចលនទ្រព្យ​ដ៏​ល្អ​ឥត​ខ្ចោះ ជា​កោះឯកជន​សម្រាប់លក់ នៅ​ជុំវិញ​ពិភពលោក។ ខាងក្រោម​នេះ​គឺ​ជា​កោះសម្រាប់​លក់ ​​រាប់តាំង​ពី​កោះ​ដ៏​ស្រស់ស្អាតបំផុត​នៅ​ម៉ាល់ឌីវ ជា​ដើម ហើយ​ត្រូវ​បាន​បញ្ចេញ​តម្លៃ​លក់​ដោយ​ក្រុមហ៊ុន Private Islands Inc ៖

៧ កោះ Iguana នៅ​ប្រទេស​នីការ៉ាហ្គ័រ តម្លៃ​ ៦៦៦ ៩៥៣ ដុល្លារ

ស្ថិ​ត​នៅ​ចម្ងាយ​ប្រមាណ ១៩ គីឡូម៉ែត្រ​ពី​ឆ្នេរ Bluefields នៃ ប្រទេស​នីការ៉ាហ្គ័រ។ កោះ​នេះ​មាន​ទំហំ​២,០២ ហិចតា។ កោះ​នេះ​ជា​អតីត​ភ្នំភ្លើង ដែល​គ្រប​ដណ្តប់​ដោយ​ដើម​ដូង​ដ៏​ត្រឈឹង​ត្រឈៃ និង វីឡា​ដ៏​ប្រណីត​មួយ​នៅ​ទីនោះ។

៦ កោះ Jumbo ប្រទេស​កាណាដា តម្លៃ ១,៥ លាន​ដុល្លារ

កោះ Jumbo ស្ថិត​នៅ​ប្រជុំកោះ ហ្សកហ្ស៊ី នៃ​ប្រទេស​កាណាដា។ កោះ​នេះ​មាន​ទំហំ ជិត​៥​ហិចតា​ ជា​​កោះ​ដែល​សំបូរ​ទៅ​ដោយ​ភ្នំ និង ថ្ម ដែល​មាន​ផ្លូវ​សម្រាប់​ដើរ​តាម​ជ្រលង​រាប់សិប។ មាន​ទេស​ភាព​ដ៏​ស្រស់ស្អាត នៃ​ដើម​អូក (oak ស្រដៀង​ស្រល់)។

៥ កោះ La Sistina ប្រទេសអាហ្សង់ទីន តម្លៃ ៣,០៨ លាន​ដុល្លារ

ជា​កោះ​ដាច់​ដោយ​ឡែក​ពី​គេ​មួយ​នៅ ប្រទេសអាហ្សង់ទីន។ ​កោះ​នេះ​មាន​ទំហំ ២៨៣ ហិចតា។ ជា​កោះ​ដែល​មាន​ផ្ទៃ​ដី​ល្ហល្ហេវ មានវីឡា​មួយ ដែល​មាន​បន្ទប់គេង​៨ ដែល​អាច​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​ត្រឹម​១៨​នាក់​ប៉ុណ្ណោះ។

៤ កោះ Crescent រដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក តម្លៃ ៣,១៧ លាន​ដុល្លារ

កោះ Crescent មាន​ទំហំ​ជិត​២​ហិចតា មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សហគមន៍អ្នកស្រុក​ឡើយ មាន​ផ្ទះ​បុរាណ​មួយ​ដោយ​យក​តាម​លំនាំ អ្នក​ស្រុក​ផ្លរីដា មួយ​នៅ​លើ​កោះ​នោះ។ ជា​កោះ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ព្រៃ។

៣ កោះ Soneva Jani ប្រទេស​ម៉ាល់ឌីវ តម្លៃ ៣,៣៦លាន​ដុល្លារ

រមណីយដ្ឋាន Soneva Jani មានវីឡាធំទូលាយនៅលើកោះ​ដ៏​តូច​ច្រលឹង​របស់​ខ្លួន។ វីឡានៅលើទឹក ត​ភ្ជាប់​គ្នា​ដោយ​ផ្លូវ​ដើរ​ធ្វើ​ពី​ឈើ។ វីឡា​ទាំង​នេះ​មាន​ចម្ងាយ​៥០០​ម៉ែត្រ​ពី​កោះ​មួយ Soneva Jani។ កោះ​នេះ​អាច​ទុក​ថា​ជា​កន្លែង​ដ៏​ស្រស់​ស្អាត​បំផុត​មួយ​នៅ​លើ​លោក ដែល​បាន​អន្ទង​​ចិត្ត​មហាជន​ទូទៅ និង អ្នកមានៗ​មក​ពី​គ្រប់​ទី​កន្លែង​ទៅ​លេង​ទីនោះ ដើម្បី​ទទួល​បាន​ភាព​ឯកជន​ដ៏​ល្អ​ប្រណីត​មួយ​ក្រោម​មេឃ​នេះ។

២ កោះ Soneva Fushi នៅ​ប្រទេស ម៉ាល់ឌីវ តម្លៃ ៣,៤ លាន​ដុល្លារ

កោះនៅ ម៉ាល់ឌីវ គឺ​ជា​គោលដៅ​ទេសចរណ៍​សម្រាប់​អ្នក​មាន​ៗ​មក​ពី​ជុំវិញ​ពិភពលោក ពី​ព្រោះ​សមុទ្រ​នៅ​ទីនោះ​ស្អាត​គ្មាន​គូ​ប្រៀប។ Soneva Fushi នៅម៉ាល់ឌីវគឺជា រមណីយដ្ឋានមួយ មានវីឡាឯកជនចំនួន ៥៧ ដែល​មានឆ្នេរដ៏ស្រស់ស្អាត។ ការ​រចនា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ភ្ជាប់​ភាព​បរិសុទ្ធជាមួយធម្មជាតិ បន្ទប់​លំហ និង សួន​ដ៏​ល្អ​ឯក។

១ កោះ Lataro ប្រទេស Vanuatu នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិកខាងត្បូង តម្លៃ ១១,២ លាន​ដុល្លារ

កោះ Lataro គឺជាកោះឯកជនមួយដែលមាន​ទំហំ ៣២៣​ហិចតា ស្ថិតនៅឆ្នេរសមុទ្រ​នៃ​ប្រទេស Vanuatu។ កោះ​នេះ​មាន​បរិស្ថាន​ល្អ​ណាស់​ ថាមពលអគ្គិសនី​ស្ទើរ​តែ​ទាំង​ស្រុង​ ផលិត​ដោយ​ថាមពលពន្លឺ​ព្រះអាទិត្យ។ ផ្ទះ​លើ​ព្រៃ គ្របដណ្តប់ដោយដើមឈើ​​ត្រឈឹងត្រឈៃ និង មាន​វីឡា​​ចំនួន​១៨៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត