ចូលឆ្នាំខ្មែរ​ ភរិយា ​ឆាយ រីរៈ​យុទ្ធ​ តែង​មួយ​បទ​នេះ​រាំហុយដី​ផ្អោង

  • 2018-03-26 08:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ដឹក​ឆ្កែ​ទៅ​លេង​ស្រុក​" បទ​ថ្មី​ដែល​ជា​ស្នាដៃ​ឧត្ដម​ភរិយា របស់​លោក ​ឆាយ ​វីរៈ​យុទ្ធ​​ អ្នក​នាង​ សែ ចាន់​ឌី​ និពន្ធ​ទំនុក​ឡើង។ ស្រី​ស្រស់រូបនេះមិន​ត្រឹម​តែជាទី​ប្រឹក្សាបេះដូង​ទេ តែ​ជា​អ្នក​និពន្ធ​ទំនុក​ចម្រៀង​ផ្តាច់​មុខ​ឲ្យ​លោក ឆាយ ​វីរៈ​យុទ្ធ​​ ទៀត​ផង។

បទ​ថ្មី​ដើម្បី​អបអរពិធីបុណ្យឆ្នាំថ្មី ឆ្នាំច របស់​លោក ​ឆាយ ​រីរៈយុទ្ធ នេះ រៀបរាប់ពីបុរសម្នាក់​គ្មានគូ គ្មាន​សង្សារសម្រាប់​ឌុប​ មាន​តែ​ឌុប​ឆ្កែ​ដែល​ជា​សត្វ​ស្មោះ​ត្រង់​បំផុត​ទៅ​ស្រុក។ ទំនុក​ច្រៀងនេះ ជាការ​តាក់តែង​ដោយបណ្ដូល​ចិត្ត​របស់​ លោក ​ឆាយ រីរៈយុទ្ធផ្ទាល់។ ត្បិតថា ​អ្នក​នាង​​ សែ ចាន់​ឌី​ ត្រូវ​​មើល​ខុសត្រូវលើ​​ជំនួញ​អង្ករ​ក្តី តែអ្នកនាង​នៅ​ឆ្លៀត​ពេល​និពន្ធ​ទំនុក​ចម្រៀងសម្រាប់​ស្វាមី​ទៀត។

អ្នក​នាង​ សែ ចាន់​ឌី អ្នក​និពន្ធ​ ដែល​បញ្ចប់​បរិញ្ញាបត្រ​ ផ្នែក​ជំនាញ​សហគ្រិន កន្លង​មក​ធ្លាប់បាន​និយាយ​ទាំង​អស់​សំណើច​ប្រាប់​ Sabay ថា​ ពេល​នេះ​នាង​មាន​ការ​រវល់​ច្រើន​លើរបរ​លក់​អង្ករ​ តែ​ទោះ​ជា​រវល់​យ៉ាង​ណា​អ្នកនាង​ក៏​នៅ​បន្ត​ការសរសេរ​ទំនុក​ចម្រៀង​ ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​តាំង​ពីក្មេង​។ ស្មេរ​ដែល​ពូកែ​សរសេរ​ទំនុក​​ចាក់​ដោត​រូប​នេះ​បន្ត​ថា​ ​បច្ចុប្បន្ន​នាង​និពន្ធទំនុកច្រៀងឲ្យតែ​កំពូល​ដួង​ចិត្ត​នាង​ម្នាក់​គត់​។

«បង​(ឆាយ​ រីរៈ​យុទ្ធ) គាត់​​មិន​មែន​ច្រៀង​តែ​ចម្រៀង​ខ្ញុំ​និពន្ធ​នោះ​ទេ​ គឺ​គាត់​ច្រៀង​ឲ្យ​អ្នក​និពន្ធ​ផ្សេងៗ​ទៀត​ដែរ។ ប៉ុន្តែ​ ខ្ញុំ​និពន្ធ​នេះ​ គឺ​ចង់​ឲ្យ​ការងារ​គាត់​កាន់​តែ​ល្អ! ខ្ញុំ​អត់​មាន​ជាប់​ធ្វើ​ការ​ឲ្យ​ផលិត​កម្ម​ ឬកុង​ត្រា​អ្វី​ទេ​ និយាយ​ទៅ​ខ្ញុំ​ជា​អ្នក​និពន្ធ​ផ្តាច់​មុខ​ឲ្យ​គាត់​តែ​ម្តង»។

អ្នកនិ​ពន្ធដែលចូលចិត្ត​រាំ​ច្រៀង អ្នក​នាង​ សែ​ ចាន់​ឌី​ ថា ជា​ធម្មតា​នាង​សរសេរ​តាម​អារម្មណ៍​​រីក​រាយ ឬកម្សត់​របស់នាង​ ហើយ​តែង​ទៅ​តាមមនោសញ្ចេតនា​របស់​អ្នកចម្រៀង​ និង​​មើល​អារម្មណ៍​គេ ត្រូវ​នឹង​អ្វី​ដែលខ្លួន​ចង់​បាន​ឬ​អត់ ទើប​ចម្រៀងមួយ​បទ​នោះ​ចេញ​មក​មាន​ការ​ទាក់​ទាញ​​មហាជន។

មិនមែន​ទើប​តែ​ពេល​នេះ​ទេ​ដែលអ្នក​និពន្ធ​រូប​ស្រស់​នេះ​បាន​តែង​ទំនុក​ចម្រៀងសម្រាប់​បុរស​សង្ហា​ ឆាយ វីរៈ​យុទ្ធ តែ​នាង​ធ្លាប់ធ្វើកិច្ចការ​នេះ​ជា​យូរ​មក​ហើយ ដោយមិន​បង្ហាញ​ឈ្មោះពិត​របស់​នាង​ទេ​ គឺ ដាក់​ឈ្មោះថា Echa។ បទ​ទាំង​អស់​នោះ​រួមមាន​"នឹក​សង្សារ​ចាស់" "សុខ​ទុក្ខ​បង​យ៉ាង​ណា​អូន​ចង់​ដឹង​ទេ​" "ស្អប់​ខ្លួន​ឯង​ដែល​ស្រលាញ់​អូន" "អ្នក​ណា​អោយ​អូន​ឃ្លាត" "កិត្តិយស និង​ស្នេហា" និង​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ផ្សេង​ទៀត​ គឺ​ធ្វើ​ឡើង​តាំង​ពីមុន អ្នក​ទាំង​ពី​​រដឹក​ដៃ​គ្នា​ចូល​រោង​ការ​មក​ម្លេះ៕

អត្ថបទ៖ ច្រឹក ស្រីអូន