Alex Ferguson សរសើរ​កីឡាករ Man Utd ម្នាក់​ថា​នឹង​ដើរ​តាម​គន្លង David Beckham

  • 2018-04-01 03:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sir Alex Ferguson រំពឹង​ថា Scott McTominay នឹង​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​សម្រាប់​ក្រុម​បិសាច​ក្រហម ដែល​កីឡាករ​វ័យ​ក្មេង​រូប​នេះ អាច​នឹង​ដើរ​តាម​គន្លង​របស់ David Beckham មិន​ខាន។

ខ្សែ​បម្រើវ័យ​២១​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​កីឡាករ​ជម្រើស​ដំបូង​ជាប់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jose Mourinho ដោយ​បាន​បង្ហាញ​ខ្លួន ១៨ លើក។ កីឡាករ​សញ្ជាតិ​ស្កុតឡែន បាន​ចូល​​មក​ហ្វឹកហាត់​នៅ​ក្លឹប Man Utd តាំង​ពី​កុមារ​ភាព​នៅ​អាយុ​៨​ឆ្នាំ ហើយ Ferguson បាន​មើល​ឃើញ​ពី​ភាព​ស្រដៀង​គ្នា​រវាង McTominay និង Beckham ដែល​មាន​ការ​រីក​ចម្រើន​តាំង​ពី​វ័យ​ជំទង់។

អតីត​គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ប្រទេស​ស្កុតឡែន The Scottish Sun ថា McTominay “​នឹង​មាន​អនាគត​ត្រចះត្រចង់។ Scott មាន​អាយុ ៨​ ឆ្នាំ​ ហើយ​គេ​បាន​មក​ការិយាល័យ​របស់​ខ្ញុំ​ជាមួយ​ឪពុក​គេ​ ឈ្មោះ​ Frank។ មន្ត្រី​ធនធាន​របស់​យើង​ឈ្មោះ Dave Bushell បាន​នាំ​គេ​ឲ្យ​ចូល​រួម​ជាមួយ​ក្រុម​យុវជន​របស់​ក្លឹប។ គេ​មាន​អាយុ​៨​ឆ្នាំ​ ដូច Rashford ដែរ​នៅ​ពេល​នោះ។ មាន​រូបថត​ខ្ញុំ​ជាមួយ​គេ​ តែ​ពេល​នោះ​គេ​តូច​មែន​ទែន។ កាល​ណោះ Scott មាន​អាយុ ៨​ ឆ្នាំ ខ្ញុំ​ដឹង​ថា​ គេ​មក​ពី​ក្រុង Lancaster ហើយ​ខ្ញុំ​គិត​ថា​ គេ​ជា​ជនជាតិ​អង់គ្លេស។ នៅ​ពេល​ខ្ញុំ​ដឹង​ថា​ គ្រួសារ​គេ​គឺ​ជា​ជនជាតិ​ស្កុតឡេន ខ្ញុំ​បាន​ប្រាប់​គេ​ថា​ ត្រូវ​តែ​លេង​ឱ្យ​ជម្រើស​ជាតិ​ស្កុតឡេន! នៅ​ពេល​យើង​ជួប​គ្នា​​លើក​ក្រោយ​ទៀត​នៅ​ទីក្រុង Munich ខ្ញុំ​បាន​រំលឹក​គេ​ពី​ការ​​សន្ទនា​នោះ​ម្តង​ទៀត" ។ លោក Ferguson បាន​និយាយ។

​Jose Mourinho ក៏​បាន​ប្រមើល​មើល​ស្រដៀង​អតីត​គ្រូ​បង្វឹក Man Utd ដែរ ដោយ​កន្លង​មក ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ព្រមាន Pogba អំពី​អាកប្បកិរិយា​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​កីឡាករ​បារាំង ដោយ​​បាន​យក​ពេលវេលា​ទៅ​ធ្វើ​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ហួស​ប្រមាណ។ ទន្ទឹម​នឹង​នេះ អតីត​គ្រូ​បង្វឹក Chelsea និង Real Madrid ក៏​បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ឲ្យ Scott McTominay លេង​ជំនួស​តំណែង Pogba សូម្បី​ក្នុង​ព្រឹត្តិការណ៍​ UEFA Champions League ទល់​នឹង Sevilla ក្តី៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត