វីដេអូ​ស្ប៉ត​ HTC ត្រូវ​បិទ​មិន​ឲ្យ​ផ្សាយ​ ព្រោះ​បំផ្លើស​ពេក​​

  • 2018-04-05 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាជ្ញាធរ​ស្តង់ដារ​នៃ​​ការ​ផ្សាយ​ពាណិជ្ជកម្ម​ (ASA) របស់​ចក្រភព​អង់គ្លេស​ បាន​ហាម​ឃាត់​ការ​ផ្សាយ​វីដេអូ​ស្ប៉ត​មួយ​ដែល​បង្ហាញ​ពី​អត្តពលិក​កីឡា​អូឡាំពិក​ Tom Daley ប្រើ​ប្រាស់​ស្មាតហ្វូន​ HTC U11 ក្នុង​​អាង​​ហែល​ទឹក។

នៅ​ក្នុង​វីដេអូ​ Daley បាន​ថត​រូប​ Selfie ជា​ច្រើន​ប៉ុស្តិ៍​​​ស្រប​ពេល​បង្វិល​ខ្លួន​ចុះ​ពី​ទី​ខ្ពស់។ ផ្អែក​តាម​សារព័ត៌មាន​ BBC អាជ្ញាធរ​​ឃ្លាំ​មើល​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​បាន​លើក​ហេតុផល​ថា​ មនុស្ស​ធម្មតា​ដែល​ធ្វើ​សកម្មភាព​ស្រដៀង​គ្នា​នេះ​ ទំនង​ជា​មិន​អាច​ទប់​​ស្កាត់​មិន​ឲ្យ​ទូរសព្ទ​របស់​ពួក​គេ​ធ្លាក់​ចូល​ទឹក​ក្រោម​ជម្រៅ​ ១ ម៉ែត្រ​បាន​នោះ​ទេ។ គួរ​ដឹង​ HTC U11 អាច​ធន់​នឹង​ទឹក​ជម្រៅ​ ១ ម៉ែត្រ។

នៅ​ក្នុង​សេចក្ដី​ណែនាំ​របស់​ HTC U11 ក៏​បាន​និយាយ​ដែរ​ថា​ ​អ្នក​ប្រើ​ប្រាស់​មិន​គួរ​ឲ្យ​​ទូរសព្ទ​នេះ​ប៉ះ​ផ្ទាល់​នឹង​ទឹក​ដែល​មិន​សុទ្ធ​នោះ​ទេ។ ASA បាន​វិនិច្ឆ័យ​ថា​ពាណិជ្ជកម្ម​នេះ​ ហាក់​ដូច​ជា​បំផ្លើស​នូវ​សមត្ថភាព​ HTC U11 ហើយ​តម្រូវ​ឲ្យ​​លុប​ពាណិជ្ជកម្ម​នេះ​ចេញ​ពី​គណនី​ផ្សព្វផ្សាយ​ទាំង​អស់។

ខណៈ​ពេល​នេះ​ វីដេអូ​ស្ប៉ត​ត្រូវ​បាន​ដក​ចេញ​ពី​គណនី​ YouTube ផ្លូវ​ការ​របស់​ HTC ហើយ ប៉ុន្តែនៅមានសេសសល់លើគណនីមិនផ្លូវការមួយចំនួន៕

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម