ក្នុង​ចំណោម​ក្លឹប​ទាំង ៨ មាន​តែ​១​ ប៉ុណ្ណោះ​ឈ្លក់​ទឹក​ខុស​គេ មុន​មក​លេង UEL យប់​នេះ

  • 2018-04-05 12:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនត្រូវ​ប្រកួត​វគ្គ ៨​ក្រុម ក្នុង​កម្មវិធី Europa League មាន​តែ​ក្លឹប​ព័រទុយហ្គាល់ Sporting ប៉ុណ្ណោះ​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ប្រកួត​លីគ​ចុងក្រោយរបស់ខ្លួនកាលពីពេលកន្លង​ទៅ​ ខណៈ​ក្លឹប​ទាំង ៧​ផ្សេង​ទៀត សុទ្ធ​តែ​ស្គាល់​ជាតិ​ឈ្នះ។

ក្លឹប​ដែល​ចូល​រួម​លេង​វគ្គ ៨​ក្រុម​ចុង​ក្រោយ UEL រួម​មាន RB Leipzig, Marseille, Arsenal, CSKA Moscow, Atletico Madrid, Sporting, Lazio និង Salzburg របស់​អូទ្រីស។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ក្លឹប​ Sporting បាន​ស្គាល់​ជាតិ​ចាញ់​របស់​ខ្លួន​ក្រោម​ថ្វី​ដៃ​របស់​ក្លឹប​លេខ ៤ Braga ក្នុង​លទ្ធផល ១ ទល់​នឹង ០។ បរាជ័យ​នេះ ធ្វើ​ឲ្យ​ក្លឹប​ក្លាយ​ជា​ក្លឹប​តែ​មួយ​គត់​ ក្នុង​ចំណោម​ក្លឹប​ទាំង ៨ ដែល​បាន​ស្គាល់​ជាតិ​នេះ​ក្នុង​ប្រកួត​លីគ​ចុង​ក្រោយ​របស់​ខ្លួន។

ក្រឡេក​មើល​ក្លឹប​ទាំង ៧​ផ្សេង​ទៀត​វិញ។ Lazio របស់​អ៊ីតាលី ឈ្នះ​ធំ​ជាង​គេ ក្នុង​លទ្ធផល​ដល់​ទៅ ៦ ទល់​នឹង ២ ទៅ​លើក្លឹប​បាត​តារាង Benevento ខណៈ មាន​បី​ក្លឹប​រួម​មាន Arsenal (ឈ្នះ ៣-០ លើ Stoke City), Marseille (ឈ្នះ Dijon ៣-១) និងRB Leipzig (ឈ្នះ Hannover 96 ៣-២)ដែល​សុទ្ធ​តែ​ស៊ុត​ចូល​ ៣ គ្រាប់។

នៅ​រុស្ស៊ី CSKA Moscow បាន​ឈ្នះ FC Rostov ក្នុង​លទ្ធផល ២-១ ចំណែក​នៅ​អូទ្រីស​ឯ​ណោះ​វិញ Salzburg បាន​ឈ្នះ ២-០ លើ​ក្លឹប Wolfsberger AC។

ដោយ​ឡែក Atletico Madrid ស៊ុត​ចូល​តិច​ជាង​គេ បើ​ធៀប​នឹង​បណ្ដា​ក្លឹប​ឈ្នះ​ខាងលើ។ កាល​ពី​ថ្ងៃ​ច័ន្ទ ក្លឹប​បាន​យក​ឈ្នះ Deportivo La Coruna ក្នុង​លទ្ធផល ១ ទល់​នឹង ០។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​ជើង​ទី ១ Europa League វគ្គ៨ ក្រុម នឹង​លេង​នៅ​វេលា​ម៉ោង ២:០៥ នាទី រំលង​អាធ្រាត្រ​យប់​នេះ។

ក្លឹប​អាល្លឺម៉ង់ RB Leipzig នឹង​ត្រូវ​ប្រកួត​ជាមួយ Marseille របស់​បារាំង ខណៈ​កាំភ្លើង​ធំ Arsenal នឹង​ប៉ះ CSKA Moscow។ ចំណែក​ឯ​ក្លឹប​អេស្ប៉ាញ Atletico ត្រូវ​ជួប​គ្នា​ជាមួយ​ក្លឹប Sporting ហើយ Lazio អ៊ីតាលី នឹង​ត្រូវ​លេង​ជាមួយ Salzburg មក​ពី​អូទ្រីស៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី