កាណូតដឹកអ្នកដំណើរ Free ៤ខែ មានលក្ខណៈពិសេសលើសពីការរំពឹងទុក

  • 2018-04-06 01:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​មេសា ២០១៨ បាន​ដាក់​ដំណើរការ​កាណូត​ដឹក​អ្នក​ដំណើរ​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ​ហើយ។ ការ​ដាក់​ឲ្យ​ដំណើរការ​លើក​ដំបូង​ នឹង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ឲ្យជិះ​ឥតគិត​ថ្លៃរយៈពេល​ ៤ខែ ចាប់ពី​ពេល​បើក​នេះ​តទៅ​។

ឯកឧត្តម​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​នៃក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន បានគូសបញ្ជាក់ថា ការធ្វើ​ដំណើរ​តាមផ្លូវ​ទឹក​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា​​ដោយចំណាយ​ពេលជិះ​យ៉ាងតិច​ ១ម៉ោង​ប៉ុណ្ណោះ​ ព្រោះ​គ្មាន​ការស្ទះ​ និង​ភ្លើងស្តុប​ដូច​ផ្លូវគោក​ទេ​ ហើយ​នៅពេល​ឡើង​ដល់​ទៅ​កាណូត មាន​ក្រុម​ការងារ​ណែនាំ​ពី​សុវត្ថិភាព​ តួយ៉ាង​ការពារ​​អាវពោង​ជាដើម។​

ឯកឧត្តម​ថា ប្រជាពលរដ្ឋ​រង់ចាំ​ពេលឡើង​ និង​ចុះពី​កាណូតនេះ​ ប្រហែល​តែ ១០នាទី ហើយ​ពេលវេលា​ចរាចរ​គឺ ១២ម៉ោង ចាប់​ពី​ម៉ោង ៥កន្លះ​ព្រឹក ដល់ ៥​កន្លះល្ងាច។ កាណូតចំនួនពីរ ដោយមួយអាចផ្ទុកអ្នកដំណើរចំនួន ៥៤នាក់ និងមួយទៀតចំនួន ៦០នាក់។

​យ៉ាង​ណាក្ដី សម្រាប់ចំណតកំពង់ផែសរុប​ចំនួន ៦ចំណត ប៉ុន្តែបច្ចុប្បន្នដំណើរការ ៤ចំណត​ មានឬស្សីកែវ ផ្សារចាស់ ចតុមុខ​ និង​តាខ្មៅ​សិន​ ខណៈចំណត​២ទៀត ព្រែកព្នៅ ឬស្សីកែវ ផ្សារចាស់ ចតុមុខ ច្បារអំពៅ និងតាខ្មៅ នៅ​មិន​ទាន់រួចរាល់​។ ​​ ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​មួយ​ចំនួន ព្រម​ទាំង​មិន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ថ្នល់ ហើយ​ការ​ចំណាយ​លើ​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ក៏​មាន​តម្លៃ​ថោក​ផង​ដែរ។ ឯកឧត្តម បន្ថែម៕

អត្ថបទ៖ ស៊ិន សាវ៉េត