ភឹម តារាវិបុល អារម្មណ៍​មិន​ប្រែប្រួល​​ទោះ​បី​ ដាលីល ធ្លាក់​ខ្លួន​ជា​មេម៉ាយ​កូន​១​

  • 2018-04-07 03:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ផលិតកម្ម​មហា​ហង្ស​ និង​ទូរទស្សន៍​ PNN បាន​ធ្វើ​​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​​​ជា​ផ្លូវ​ការ​ នូវ​ខ្សែភាពយន្ត​ភាគ​រឿង​"ម្ចាស់​បំណុល​" នៅ​ Hard Rock Cafe ។ ក្នុង​នោះ​ ភឹម តារាវិបុល ជា​តួ​ឯក​ប្រុស​នៃ​រឿង​ខាង​លើ​បាន​បញ្ជាក់​ប្រាប់​​​អារម្មណ៍​ពិត​​មិន​ប្រែ​ប្រួល​ចំពោះ​អ្នក​មេម៉ាយ ភិន សុដាលីស ​ទោះ​បី​ពេល​នេះ​ នាង មាន​កូន​​១​ទៅ​ហើយ​ក្ដី។

​​​​​កំលោះ​សង្ហា​ ភឹម តារាវិបុល បាន​និយាយ​ថា ចាប់​តាំង​ពី​ចូល​ប្រឡូក​សិល្បៈ​រហូត​មក​ដល់​​ពេល​នេះ​ ខ្លួន​បាន​​​សម្ដែង​ជាមួយ​​អ្នក​នាង ភិន សុដាលីស បាន​ចំនួន​៤​ រឿង​មក​ហើយ​​​តាំង​ពី​នាង នៅ​​ជា​ស្ត្រី​ក្រមុំ​ម្ល៉េះ មាន​ដូច​ជា​រឿង "អច្ឆរិយ​ស្នេហ៍​​" “ ឆ្អែត​ចិត្ត​" “ខ្មោច​ទឹក​" និង​រឿង​ទី​៤​គឺ​ "ម្ចាស់​បំណុល​" ។

លោក​ថា​៖​" និយាយ​ទៅ សម្ដែង​ជាមួយ​គាត់​តាំង​ពី​នៅ​ក្រមុំ​ រហូត​ដល់​មាន​កូន​១​​ ក៏​ពួក​យើង​​នៅ​តែ​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​ ហើយ​សម្រាប់​ខ្ញុំ​វិញ​ អារម្មណ៍​ខ្ញុំ​ជា​មួយ​គាត់​(ដាលីស) គឺ​នៅ​ដដែល​ អត់​បាន​ផ្លាស់​ប្ដូរ​នោះ​ទេ​ នៅ​តែ​រក្សា​ភាព​ស្និទ្ធស្នាល​​ចំពោះ​គ្នា​ជា​និច្ច​ តែ​មិន​មែន​ក្នុង​ន័យ​ស្នេហា​ទេ"។​​​

​​​​ចំណុច​ពិសេស​មួយ​ទៀត​ធ្វើ​​ឲ្យ​ ភឹម តារាវិបុល មាន​អារម្មណ៍​ល្អ​ និង​មិន​ប្រែ​ប្រួល​ចំពោះ​ ភិន សុដាលីស នោះ​ក្រោយ​ពី​នាង​ ​ក្លាយ​​​ជា​អ្នក​មេម៉ាយ​​មួយ​ភ្លើង​រួច​មក​ការ​សម្ដែង​របស់​នាង រឹត​តែ​ល្អ​ជាង​មុន​ឆ្ងាយ​​ មិន​សូវ​ខ្មាស​អៀន​​ ធ្វើ​ឲ្យ​ការ​សម្ដែង​មិន​សូវ​ខុស​ច្រើន​លើក​ច្រើន​សារ​ ដូច​ពេល​នៅ​ក្រមុំ​នោះ​​ទេ​។ នេះ​បើ​តាម​តួ​ឯក​ប្រុស​ក្នុង​រឿង​"ម្ចាស់​បំណុល​" បញ្ជាក់​។

លោក​ថា​៖​" ពេល​ខ្ញុំ​សម្ដែង​ជាមួយ​ ដាលីស គឺ​ពួក​យើង​សហការ​គ្នា​បាន​ល្អ​ណាស់​ ហើយ​ខ្ញុំ​សូម​សរសើរ​គាត់​​មាន​ភាព​វៃឆ្លាត​ឆាប់​ចាប់​បាន​ពិសេស​ប៉ារ៉ូល​​រឿង​តែ​ម្ដង​"។

ចំណែក​ឯ​លោក​ អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​ បាន​លើក​ឡើង​ថា ខ្សែភាពយន្ត​ភាគ​រឿង​ "ម្ចាស់​បំណុល​" ដែល​កូន​ស្រី​ខ្លួន​ និង​ ភឹម តារាវិបុល ចាប់​ដៃ​គ្នា​សម្ដែង​ជា​តួ​ឯក​ គឺ​ជា​ប្រភេទ​​​រឿង​ភាគ​​បែប​កម្សត់​មនោសញ្ចេតនា​ស្នេហា​អូន​បង​ លាយឡំ​​ឈុត​ឌឺដង​កាច់​កុង​គ្នា​រវាង​តួ​ឯក​ប្រុស​ និង​តួ​ឯក​ស្រី​។

អគ្គនាយក​រូប​នេះ​បន្ត​ថា៖" បាទ​!​ នេះ​គឺ​ជា​លើក​ទី​២ ដែល​មហា​ហង្ស​ និង​ទូរទស្សន៍​ PNN បាន​សហការ​គ្នា​ផលិត​រឿង​ភាគ​ ដាក់​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ ហើយ​រឿង​ទី​១​ដែល​ពួក​យើង​សហការ​គ្នា​គឺ​រឿង​ "បំភ្លេច​មិន​បាន​" ​រឿង​មួយ​ហ្នឹង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់​ សម្រាប់​រឿង​ "ម្ចាស់​បំណុល​នេះ​វិញ​ខ្ញុំ​ជឿជាក់​ថា មាន​អ្នក​គាំទ្រ​មិន​ចាញ់​រឿង​ មុន​នោះ​ទេ​"។​​

រឿង​"ម្ចាស់​បំណុល​" មាន​ ៤៦ភាគ​ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN នៅ​ថ្ងៃ​ទី​ ២០ ខែ មេសា ឆ្នាំ ២០១៨ បន្ទាប់​ពី​ចូល​​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រួច​ រៀង​រាល់​ថ្ងៃ​ ព្រហស្បតិ៍ សុក្រ សៅរ៍​។ ចូល​រួម​សម្ដែង​ដោយ លោក ភឹម តារាវិបុល អ្នកនាង ភិន សុដាលីស លោក ថមមី ដាវ ដាវីកា និង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត​៕​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម