កាន់​តែ​ធំ​! ពិព័រណ៍​ទេសចរណ៍​កម្ពុជា​​ឆ្នាំ​នេះ មាន​ដល់​ទៅ ៧០០​ក្រុមហ៊ុន​ចូល​រួម

  • 2018-04-07 07:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​ក្រុមហ៊ុន Slikbooth Holding Co.,Ltd បាន​រៀប​ចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ Cambodia Travel Mart (CTM) លើក​ទី ២ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ ២០១៨ នៅ​មជ្ឈ​មណ្ឌល​សន្និសីទ និងពិព័រណ៍​​​កោះ​ពេជ្រ។

សន្និសីទ​សារព័ត៌មាន​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​កាល​ពី​ល្ងាច​ម្សិល​មិញ ​ក្រោម​អធិបតីភាព ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ និង​ឯកឧត្ដម​អភិបាល​រង​រាជធានី​ភ្នំពេញ ថ្នាក់​ដឹក​នាំ​តំណាង​ស្ថាប័ន​រដ្ឋ​ពាក់​​ព័ន្ធ​ ព្រមទាំង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ជាច្រើន​ទៀត នៅ សណ្ឋាគារ​NAGAWORLD។

ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ ជា​វេទិកា​ជួបជុំ​បង្កើត​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​ទេសចរណ៍​ក្នុង​ស្រុក​​ និង​​អន្តរជាតិ​នានា ដែល​ជា​ប្រភព​ទីផ្សារ​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​កម្ពុជា​រួម​មាន​អ្នក​ទិញ​ជាតិ​ និង​អន្តរជាតិ ពាណិជ្ជករ​ជា​អ្នក​ផ្ដល់​សេវា​ជាតិ និងអន្តរជាតិ​សរុប​ប្រមាណ ៧០០ក្រុមហ៊ុន។​

កម្មវិធី​សំខាន់​ៗ ក្នុង​Cambodia Travel Mart ២០១៨ នេះ មាន​ដូចជា៖

  • ការ​ណាត់​ជួបពិភាក្សា​​ធុរៈកិច្ច​តាមប្រព័ន្ធ Online
  • សិក្ខាសាលា​អំពី​ប្រធានបទ​ផ្សេងៗ ពាក់​ព័ន្ធ​ និង​វិស័យ​ទេសចរណ៍​ ដំណើរ​កម្សាន្ត
  • ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ និង​សេវាកម្ម​ទេសចរណ៍​នានា។

ពិព័រណ៍ CTM 2018 នេះ រំពឹងថា​នឹង​ទទួល​បាន​អ្នកផ្តល់​សេវា​កម្មជាតិ និង អន្តរជាតិប្រមាណ ៥០០នាក់​ ពាណិជ្ជករជាអ្នកទិញ អន្តរជាតិប្រមាណ​ ២៥០នាក់​ និងសារពត៌មាន​ជាតិ និង​អន្តរជាតិ ប្រមាណ ៥០នាក់​ ផង​ដែរ​។​

ឯកឧត្ដម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍កម្ពុជា

ឯកឧត្ដម​ ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​​ឲ្យ​ដឹង​ថា​៖«ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​មាន​ភ្ញៀវ​​ទេសចរណ៍​អន្តរជាតិ​ជាង ៥,៦លាន​នាក់​កើន​ឡើង​១១% ហើយ​រយៈពេល​២ខែ​ដើម​ឆ្នាំ​២០១៨នេះ មាន ១​លាន​នាក់​ហើយ​​ កើន​១១% ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧។ ​យើង​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​នេះ​ទាំងមូល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៦,១លាននាក់​។ ដូច្នេះ​ព្រឹត្តិការណ៍ CTM លើកទី២ នៅ​ភ្នំពេញ​នេះ នឹង​ជំរុញ​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែប្រសើរ​ និង​សម្រេច​បាន​គោល​ដៅ​គ្រោង​ទុក»។​

ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ២០១៨ ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រៀបចំ​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​ទេសចរណ៍​​ជា​អ្នក​ដឹក​នាំ​រៀប​ចំ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ស្ថាប័ន​រដ្ឋ និង​សមាគម​ពាក់ព័ន្ធ​ជា​ច្រើន​​ ដូចជា សហព័ន្ធ​ទេសចរណ៍​កម្ពុជា, សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា, សមាគម​សណ្ឋាគារ​កម្ពុជា, សមាគម​ភោជនីយដ្ឋាន​កម្ពុជា, សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិច​, និង​រួម​សហការ​រៀបចំ​ដោយ​​ក្រុមហ៊ុន​រៀបចំ​ពិព័រណ៍​ធំ ២​ គឺ​ SlickBooth Holding Co., Ltd និង​ក្រុមហ៊ុន TTG Asia Media & Events របស់​សិង្ហបុរី​ដែល​មាន​ជំនាញ​រៀប​ចំ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ល្បី​ៗ​ទូទាំង​ពិភពលោក​ជាង​៣០ឆ្នាំ​មក​ហើយ​៕​

ដោយ៖ ដេត លីដា