មិនមែនចេះតែរៀបៗទេ! វិធីរៀបគ្រឿងរណ្ដាប់ទទួលទេវតាឲ្យមានសិរីសួស្ដី

  • 2018-04-09 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នឹង​ចូល​មក​​ដល់​នៅ​ ថ្ងៃ​​សៅរ៍ ១៤​រោច ខែ​ចែត្រ ត្រូវ​នឹង​ទី ១៤ ខែ​មេសា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក។ ថ្ងៃ​សង្ក្រាន្ត​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ​ទេព​ធីតា ដែល​នឹង​យាង​ចុះ​មក​បន្តវេន​រក្សា​មនុស្សលោក​ក្នុង​ឆ្នាំនេះ គឺ​ព្រះ​នាង​ម​ហោធរៈ​ទេវី បុត្រី​ទី ៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​អម្ពរ​ពណ៌​ខៀវ មាន​ផ្កា​ត្រកៀត សៀត​នៅ​ព្រះ​កាណ៌ សោយសាច់​ទ្រាយ (ជា​សត្វ​ព្រៃ​ពពួក​ឈ្លូស តែ​តូច​ជាង​ឈ្លូស) ជា​ភក្សាហារ ព្រះហស្ត​ស្តាំ​កាន់​កងចក្រ ព្រះហស្ត​ឆ្វេង​កាន់​ត្រីសូល៍ គង់​លើ​មយូរ៉ា ឬ​ស្ដេច​ក្ងោក ជា​ពាហនៈ។​

ថ្ងៃ​​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ គឺ​ថ្ងៃ​វារៈ​មហា​សង្ក្រាន្ត ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ១៤ រោច ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ ១៤ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ៩ និង ១២ នាទី​ព្រឹក ជា​ថ្ងៃ​ចូល​ឆ្នាំច សំរឹទ្ធ​ស័ក​។​

​ថ្ងៃ​ទី ២ គឺ​ថ្ងៃ​ វា​រៈវ័ន​បត ត្រូវ​នឹង​ថ្ងៃអាទិត្យ ១ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៥ ខែ​មេសា គ​.​ស ២០១៨ ។​ ​ថ្ងៃ​ទី៣ គឺ​ថ្ងៃ​វារៈ​ឡើងស័ក ​ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ២ កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែ​មេសា គ​.​ស ២០១៨ វេលា​ម៉ោង ១២ និង ៥៩ នាទី និង​២៤ វិនាទី គម្រប់​ជា​សង្ក្រាន្ត ៣ ថ្ងៃ​។​

​ចំពោះ​រណ្ដាប់​ទទួល​ទេវតា​ តាម​ទំនៀម​ពី​បុរាណ​រៀង​មក គឺ​ត្រូវ​រៀប​រាន​ទេវតា​ក្រាល​សំពត់​ពណ៌​ស នៅ​ខាង​មុខ​ផ្ទះ​មួយ សម្រាប់​តាំង​គ្រឿង​ពលិការ​ផ្សេងៗ​។ សម្រាប់​ប្រជារាស្ត្រ​ធម្មតា​​​គួរ​រៀប​ចំ​ត្រឹម​ បាយ​សី ៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយ​គូ​ក៏​សម​ល្មម​ដែរ។ ចំពោះ​ផ្លែ​ឈើ​​​គួរ​រៀប​ឲ្យ​បាន​ត្រឹម ៣ឬ​៥​មុខ​ក៏​ជា​ការ​ប្រសើរ ឬ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន។ នៅ​គ្រប់​ដង្វាយ​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះ​ភួង​ពី​លើ​គ្រប់​ដង្វាយ នៅ​លើ​ជើង​ពាន និង​លើ​បាយសី​ត្រូវ​ដោត​ទៀន​ហើយ​ដុត​បំភ្លឺ។

នៅ​វេលា​ម៉ោង​ទេវតា​ចុះមក ត្រូវ​ជួបជុំ​គ្រួសារ ដើម្បី​ថ្វាយបង្គំ​ព្រះ​ន​មសិ​កា​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឲ្យបាន​ស្អាត​វិសុទ្ធ ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់​ចិត្ត​រំពឹង​ទៅលើ​ព្រះធម៌ ព្រះសង្ឃ​ជា​ទីពឹង​ទី​រលឹក លុះ​ចប់​ពិធី​ទទួល​ទេវតា​។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ ប្រជាពលរដ្ឋ​ប្រុស​ស្រី​ទាំង​ឡាយ​ត្រូវ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យតិរ្ថិយ​ជាប់​ដោយ​គំនុំ​គុំកួន​ព្យាបាទ​ឈ្នានីស​ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អ ប្រកប​ដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សា​សីលប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ ឲ្យ​លោក​អ្នក​មាន​សិរី​សួស្ដី​ សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ត​រៀង​ទៅ ៕

ដកស្រង់ពី​សៀវភៅមហាសង្ក្រាន្ត ឯកឧត្ដម អ៊ឺម បូរិន្ទ

អត្ថបទ៖ ស៊ិន សាវ៉េត