តោះ! មកស្គាល់សហគ្រាស​ផលិត​តុក្កតា សម្រាប់​ក្មេង​លេង ធ្វើ​ពី​អំបោះចាក់​ដោយ​ដៃ

  • 2018-04-09 04:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិប្បកម្ម​ផលិតតុក្កតា​សម្រាប់​ក្មេង​លេង ធ្វើ​ពី​អំបោះ​ចាក់​ដោយ​ដៃ ត្រូវបាន​យកវត្ថុធាតុដើម និង​ធ្វើ​នៅ​ខេត្ត​បន្ទាយមានជ័យរួច ទើប​យក​មក​ភ្នំពេញ ដែល​បង្កើត​ឡើង​ដោយ លោក ហូ ចំណាប់ អាយុ ៣៧ ឆ្នាំ ជា​ស្ថាបនិក​សហ​គ្រាស​សង្គម Fairweave និង​អ្នក​គ្រប់​គ្រង​ទី​ផ្សារ​សហ​គ្រាស​ Cam​bo​dia Knits។

១.  លោក ហូ ចំណាប់ អាយុ ៣៧ ឆ្នាំ ជា​ស្ថាបនិក​សហ​គ្រាស​សង្គម Fairweave និង​អ្នក​គ្រប់​គ្រង​ទី​ផ្សារ​សហ​គ្រាស​ Cam​bo​dia Knits ។ លោក ហូ ចំណាប់ បាន​បង្កើត​សហ​គ្រាស​ Fair​weave ​នៅ​ឆ្នាំ ២០១៣។ សហ​គ្រាស​នេះ​ផលិត គ្រឿង​ដណ្ដប់ គ្រឿង​ប្រើ​ប្រាស់ ​ធ្វើ​ពី​សូត្រ និង​កប្បាស​។ ដោយ​ឡែក​  Cam​bodia Knits ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៤ និង​ជា​សហ​គ្រាស ​ដែល​ផលិត​តុក្កតា​សម្រាប់​ក្មេង​លេង​ធ្វើ​ពី​អំបោះ​ចាក់​ដោយ​ដៃ។   

២.  បុគ្គលិក​របស់​សហ​គ្រាស​  Cam​bodia Knits កំពុង​រៀប​តុក្កតា​រូប​ស្វា​ជា​គូៗ​ បន្ទាប់​ពី​វា​ត្រូវ​បាន​បញ្ជូន​ពី​ខេត្ត​មក​ដល់​ភ្នំពេញ​។ តុក្កតា​រូប​ស្វា​ទាំង​នេះ​ ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​បុគ្គលិក​របស់​សហ​គ្រាស​នៅ​តាម​បណ្ដា​ខេត្ត​ ចំនួន​ជាង ១០០​គ្រួសារ។ 

៣.   នេះ​ជា​តុក្កតា​មួយ​ប្រភេទ​ ក្នុង​ចំណោម​តុក្កតា​ជា​ច្រើន​ប្រភេទ​ដែល​ផលិត​ឡើង​ដោយ​សហ​គ្រាស Cam​bodia Knits។ ដោយ​សារ​សម្ភារ​ក្មេង​លេង និង តុក្កតា​ទាំង​នេះ មាន​តម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​វា​មិន​សូវ​មាន​ទី​ផ្សារ​សម្រាប់​អតិ​ថិ​ជន​ ក្នុង​ស្រុក​នោះ​ទេ​។ ភាគ​ច្រើន សម្ភារ​ក្មេង​លេង និង តុក្កតា​ទាំង​នេះ​ ត្រូវ​នាំ​ទៅ​លក់​នៅ​ទី​ផ្សារ​បរទេស​ដូច​ជា សិង្ហបុរី អាមេរិក និង អឺរ៉ុប។

៤.  ស្ត្រី​អ្នក​តម្បាញ នៅ​ភូមិ​ប៉ោយ​ស្នួល ឃុំ​ប៉ោយ​ចារ​  ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ កំពុង​ត្បាញ​ភួយ​ពី​អំបោះ​កប្បាស​ ដើម្បី​ផ្គត់​ផ្គង់​ឱ្យ​សហ​គ្រាស ​Fair​weave។ នៅ​ក្នុង​ឃុំ​ប៉ោយ​ចារ​នេះ មាន​អ្នក​តម្បាញ​ប្រមាណ​ ២០​គ្រួសារ ដែល​ត្បាញ​ផលិត​ផល​ធ្វើ​ពី​កប្បាស និង​សូត្រ​ ឱ្យ​សហ​គ្រាស​មួយ​នេះ។  

៥.  បុគ្គលិក​របស់​សហ​គ្រាស Fairweave នៅ​រាជ​ធានី​ភ្នំពេញ  កំពុង​កាត់​តម្រឹម​ជាយ​ភួយ​ដែល​ទើប​ប​ញ្ជូន​មក​ពី​តាម​ខេត្ត​ នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន​​។ ដូច​គ្នា​នេះ​ដែរ ផលិត​ផល​គ្រឿង​ដណ្ដប់ គ្រឿង​ប្រើ​ប្រាស់ ​ធ្វើ​ពី​សូត្រ និង​កប្បាស​នេះ មាន​ទី​ផ្សារ​ក្រៅ​ប្រទេស ជាង​ទី​ផ្សារ​ក្នុង​ស្រុក​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម