ខ្លាំង​បាត់...! អ៊ីណូ ត្រៀម​ធ្វើ​ជា​តារា​ធំ សម្ពោធ​ក្លឹប​ក្រោម​ដី XXClub នៅ​ប្រទេស​កូរ៉េ

  • 2018-04-10 04:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​កាល​បរិច្ឆេទ​ដែល​បាន​គ្រោង គឺ​នៅ​មិន​យូរ​ទៀត​តារា​ចម្រៀង អ៊ីណូ ត្រៀម​នឹង​ទៅ​ធ្វើ​ជា​តារា​កិត្តិយស​ធំ​ដុំ​មួយ​រូប​សម្ពោធ​ក្លឹប​កម្សាន្ត​ក្រោម​ដី​មួយ​នៅ​ប្រទេស​កូរ៉េ XXClub។

វត្តមាន​យ៉ាង​កម្រ​នេះ អ៊ីណូ ប្រាប់​ថា តប​តាម​ការ​អញ្ជើញ​របស់​ម្ចាស់​ក្លឹប​តែ​ម្ដង រួម​ទាំង​អ្នក​គាំទ្រ​នៅ​កូរ៉េ​ផង ខណៈ​កន្លង​មក​ លោក​ធ្លាប់​ខកខាន​ច្រើន​លើក​មក​ហើយ ​ដោយ​សារ​តែ​មមាញឹក​នៅ​ក្នុង​ប្រទេស ដក​ខ្លួន​ចេញ​ទៅ​ជួប​អ្នក​គាំទ្រ​មិន​រួច ទើប​តែ​ពេល​នេះ។

វត្តមាន​នា​ពេល​ខាង​មុខ​នេះ​នៅ​កូរ៉េ អ៊ីណូ នឹង​មាន​វត្តមាន​ជាមួយ​តារា​ខ្មែរ​មួយ​ចំនួន​ទៀត​ដូច​ជា នាយកុយ ខាត់ សុឃីម នេន ទុំ និង​នាង គន្ធា។ ដោយ​ឡែក តារា​កូរ៉េ នឹង​មាន​វត្តមាន​ចូល​រួម ឬ​អត់ លោក​មិន​ច្បាស់​ទេ។ វិល​មក​មូលហេតុ ដែល​តារា​ខ្មែរ​ត្រូវ​បាន​ជ្រើសរើស​កម្មវិធី​លើ​ទឹក​ដី​គេ​នេះ ម្ចាស់​បទ "ឈ្មោះ​ជា​ពលករ" អះអាង​ថា មាន​ហេតុផល​២​យ៉ាង។

ទី១ និយាយ​ជា​រួម គឺ​ម្ចាស់​ក្លឹប​ខាង​លើ គឺ​ជា​ជនជាតិ​ខ្មែរ ដូច្នេះ​ហើយ ទើប​តារា​ខ្មែរ​បាន​ស្ថិត​ក្នុង​បញ្ជី​សម្រាប់​ថ្ងៃ​បើក​សម្ពោធ។ទី​២​ទៀត និយាយ​ដោយ​ឡែក គឺ​ដោយ​សារ​តែ​ម្ចាស់​ក្លឹប​កម្សាន្ត​ក្រោម​ដី​ដដែល​នេះ ជា​អ្នក​គាំទ្រ​របស់​លោក​តែ​ម្ដង។ "បាទ​បង...ម្ចាស់​ក្លឹប គឺ​ជា​ជនជាតិ​ខ្មែរ គាត់​ជា​អ្នក​រក​ស៊ី។ កាល​ពី​មុន​បើក​ក្លឹប​គាត់​ជា Fans របស់​ខ្ញុំ ហើយ​គាត់​ចូល​ចិត្ត​បទ​ចម្រៀង​របស់​ខ្ញុំ ចូល​ចិត្ត Style របស់​ខ្ញុំ ដល់​ពេល​គាត់​បើក​ក្លឹប ទើប​គាត់​ទំនាក់ទំនង​ហៅ​ខ្ញុំ​ទៅ​តែ​ម្ដង​ទៅ!”។

តាម​គម្រោង អ៊ីណូ នឹង​ចេញ​ដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១៣ មេសា ឆ្ពោះ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​លើក​ដំបូង​បំផុត។ លុះ​ថ្ងៃ​បន្ទាប់​ទី ១៤ មេសា លោក នឹង​ចូល​រួម​ជា​តារា​កិត្តិយស​បើក​សម្ពោធ​ក្លឹប​ក្រោម​ដី​ខាង​លើ​តែ​ម្ដង​ដែល​មាន​ទីតាំង​នៅ​ក្នុង​តំបន់​ស៊ូវុន។

បន្ត​មក​ដល់​ថ្ងៃ​ទី ១៥ ខែ​ឆ្នាំ​ដដែល អ៊ីណូ ក៏​មិន​ទាន់​បញ្ចប់​បេសកកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែរ គឺ​លោក​នឹង​បន្ត​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​មួយ​ទៀត​ដែល​ជា​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ហៅ​ថា "មហា​សង្ក្រាន្ត​ខ្មែរ​នៅ​កូរ៉េ" គាំទ្រ​ដោយ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង។

លោក អ៊ីណូ គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៧ មេសា ក្រោយ​បេសកកម្ម​នានា​ត្រូវ​បាន​បញ្ចប់៕

រូបភាព​៖ផ្ដល់​ដោយ អ៊ីណូ

អត្ថបទ៖ ទារិកា