ភាពយន្ត​ភាគ​ហ្វីលីពីន ៦រឿង​ដក់​ជាប់​ក្នុង​ការ​ចងចាំ​របស់​អ្នក​មើល​គ្មាន​ថ្ងៃភ្លេច

  • 2018-04-10 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ភាគ​ហ្វីលីពីនសម្បូរ​ការ​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់​គួរ​សម​ដែរនាពេលកន្លង​មក​។ ភាពយន្ត​ជា​ច្រើន​ត្រូវ​បាន​ផលិតឡើង​ដើម្បី​ជាទស្សនីយភាព​ថ្មីៗ​ និង​ប្លែក​ភ្នែក​ចំពោះ​អ្នក​ទស្សនា​។ ប៉ុន្តែក្នុង​ចំណោម​នោះ​ មាន​ ៦​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ដក​ចិត្ត​មិនរួច​ និង​នៅ​តែ​ជារឿងភាគ​ល្បី​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ហ្វីលីពីនតាំងពី​ពេលចាក់​បញ្ចាំង​ រហូត​មក​ទល់​បច្ចុប្បន្ន។ ស្នាដៃ​ពិសេស​ទាំង​ ៦​នោះ​រួមមាន៖

១. រឿង​ "ម៉ារីម៉ា"

ភាពយន្ត​ហ្វីលីពីន​មួយ​នេះ​ ជា​ភាពយន្ត​បែប​មនោសញ្ចេតនា​ ផលិត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧។ សាច់​រឿង​យក​លំនាំ​តាម​រឿង​ភាគ​ឆ្នាំ​ ១៩៩៤ របស់​មិចស៊ីកូ មាន​ចំណង​ជើង​ថា​ "Marimar"។ រឿង​នេះ​ចូលរួម​សម្ដែង​ដោយ​ តារាសម្ដែង​ Dingdong Dantes, Marian Rivera, Katrina Halili, Richard Gomez និង​តារាប្រុស​ស្រី​ជា​ច្រើន​ទៀត។ សាច់រឿង​និយាយ​ពី​ខ្សែជីវិត​នារី​កម្សត់​ម្នាក់​ដែល​រស់​នៅ​ជាមួយ​យាយតា​ក្នុង​ខ្ទម​មួយ​លើ​កោះ។ ថ្ងៃ​មួយ​ ម៉ារីម៉ា​ បាន​ជួប​នឹង​បុរស​អ្នក​មានសង្ហា​ម្នាក់​មាន​ឈ្មោះ​ សូជីអូ ហើយ​ក៏​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​។ ក្រោយ​មក​ពួកគេ​ក៏​បាន​រៀបការ​នឹង​គ្នា​ តែ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់។

២. រឿង​ "សន្យាស្នេហ៍"

សម្រាប់​អ្នក​ចូល​ចិត្ត​តាមដាន​រឿង​ភាគ​ហ្វីលីពីន​កាល​ពី​មុន​ប្រាកដ​ជា​ធ្លាប់​បាន​ទស្សនា​រឿង​ "សន្យា​ស្នេហ៍"។ រឿង​នេះ​ថត​ក្នុង​ឆ្នាំ​ ២០០៣ ដែល​ជា​ការ​សម្ដែង​ដោយ​តារា​សម្ដែង​ Jericho Rosales (ដើរជា​តួ​ Christian), Kristine Hermosa (ដើរជា​តួ​ Arabella), Diether Ocampo (ដើរតួ​ Leonardo) និង​ Angelika dela Cruz (ដើរតួ Mary)។ "សន្យា​ស្នេហ៍​" និយាយ​ពី​រឿង​ស្នេហា​មួយ​របស់​មនុស្ស​២​នាក់​ដែល​ទទួល​រង​នូវ​ទង្វើ​អាក្រក់​របស់​ឪពុក​ម្ដាយ។ តួ​ប្រុស​ស្រី​ Christian និង​ Ara ប្រឈម​នឹង​រឿង​រ៉ាវ​ស្មុគស្មាញ​ក្នុង​ជីវិត​ស្នេហា​ជា​ច្រើន​ ដល់​ថ្នាក់​ត្រូវ​បែកគ្នា​ និង​ជួប​ជាមួយ​អ្នក​ស្អំ​បេះ​ដូង​រៀង​ៗ​ខ្លួន។

៣. រឿង​ "មូឡាវីន"

រឿង​បែប​អភិនីហារ​នេះ​ផលិតឡើង​ក្នុង​ឆ្នាំ​ ២០០៥ ដែល​ចូលរួម​សម្ដែង​ជា​តួ​សំខាន់​ ពី​សំណាក់​តារា​សម្ដែង​ Richard Gutierrez, Angel Locsin និង​ Dennis Trillo។ ជា​ភាពយន្ត​ ផ្ដោត​សំខាន់​លើ​ពពួក​សត្វ​ម្យ៉ាង​ឈ្មោះ​ "មូឡាវីន”។ ពពួក​សត្វ​ទាំង​នេះ​បាន​រស់​នៅ​លាក់​ខ្លួន​ នៅ​តំបន់​ភ្នំ គេច​ពី​ការ​សម្លាប់​ និង​យាយី​ធ្វើ​បាប​ពី​មនុស្ស។

៤. រឿង​ "នាងដេស៊ីបេល”

ភាពយន្ត​ភាគ​ឆ្នាំ​ ២០០៨​នេះ​ ក៏​ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​ទទួល​បាន​ភាព​ជោគជ័យ​គួរ​សម​របស់​ Marian និង​ Dingdong ដែរ។ បង្ហាញ​ពី​គូស្នេហ៍​មួយ​គូ​ ដែល​តួ​ស្រី​គឺ​ជា​នាង​ទេព​មច្ឆា​ ខណៈ​តួ​ប្រុស​គឺ​ជា​មនុស្ស។ ស្នេហា​អ្នក​ទាំង​ ២​ត្រូវ​ជួប​ប្រះ​រឿង​រ៉ាវ​ជា​ច្រើន​ទម្រាំ​បាន​ជួប​ជុំ​គ្នា។

៥. រឿង​ "វីរនារី​ដាណា"

ក្នុង​ឆ្នាំ​ ២០០៩​ Marian Rivera បាន​លេច​មុខ​ជា​ថ្មី​ក្នុង​រឿង​បែប​ Superheroine​ របស់​ទូរទស្សន៍​ GMA Network។ សាច់​រឿង​ទាំង​ស្រុង​ យក​លំនាំ​តាម​សៀវ​ភៅ​ត្លុក​ Mars Ravelo ដែល​បោះពុម្ព​ផ្សាយ​តាំង​ពី​ឆ្នាំ​ ១៩៤៧។ ជា​ភាពយន្ត​ ស្ដី​ពី​នារី​ម្នាក់​ដែល​មាន​មហិទ្ធិឫទ្ធិ​ពិសេស​អាច​ប្រែ​កាឡា​ខ្លួន​ ដើម្បី​ប្រយុទ្ធ​ជាមួយ​ជន​ខិល​ខូច​ និង​បិសាច​មួយ​ចំនួន​ ក្នុង​ការពារ​ជន​ស្លូត​ត្រង់។

៦. រឿង​ "ព្រះនាងអាម៉ាយ៉ា"

ជា​សមិទ្ធផល​ថ្មី​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១១ ដែល​សម្ដែង​ដោយ​តារា​សម្ដែង​ Marian Rivera, Sid Lucero, Mikael Daez, Gina Alajar និង​តារា​សម្ដែង​ហ្វីលីពីន​ជា​ច្រើន​រូប​ទៀត។ ថ្លែង​ពី​ដំណើរ​រឿង​របស់​តួ​ស្រី​មាន​ឈ្មោះ​ថា​ អាម៉ាយ៉ា​ កូន​ស្រី​របស់​ស្ដេច​ Datu Bugna ដែល​បាន​លាក់​ខ្លួន​ក្នុង​ទីកន្លែង​ដ៏​ឆ្ងាយ​ពី​ទី​ប្រជុំជន។ កំណើត​របស់​នាង​ មាន​បង​ប្អូន​ភ្លោះ​ជាមួយ​សត្វ​ពស់ ជា​ហេតុ​ត្រូវ​លាក់​ខ្លួន​នៅ​កន្លែង​ដ៏​អាថ៌​កំបាំង​ ដើម្បី​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ណា​មួយ។ វាសនា​របស់​ អាម៉ាយ៉ា​ កើត​មក​ដើម្បី​ជួយសង្គ្រោះ​ដែនដី​ពី​ការ​គំរាម​កំហែង​ពី​ពួក​សត្រូវ​ជា​ច្រើន៕

អត្ថបទ៖ យី សុធារី