ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​ ៤ អំពី​ជំនួប​ Man City-Liverpool ជើង​ទី២ UCL

  • 2018-04-10 11:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City នឹង​ត្រូវ​ប៉ះ​ជាមួយ Liverpool ក្នុង​ជំនួប​ជើង​ទី ២ Champions League វគ្គ ៨ ក្រុម នៅ​វេលា​រំលង​អាធ្រាត្រ​យប់​នេះ បន្ទាប់​ពី​ចាញ់​ ៣-០ ក្នុង​ជំនួប​ជើង​ទី ១ កាល​ពី​សប្ដាហ៍​មុន។ ខាង​ក្រោម​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន ៤ អំពី​ជំនួប​មួយ​នេះ៖

១.មាន​តែ​ពីរ​ក្លឹប​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League ដែល​អាច​ធ្វើ​ការ​វាយ​បក​បាន​សម្រេច​ក្នុង​ប្រកួត​ជើង​ទី ២ Champions League ក្នុង​វគ្គ​ជម្រុះ (វគ្គ ១៦​ក្រុម វគ្គ ៨ក្រុម និង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ) បន្ទាប់​ពី​ចាញ់​ជើង​ទី​១ ចាប់​ពី​បី​គ្រាប់​ឡើង​ទៅ។ ក្លឹប​ទាំង​នោះ​រួម​មាន Deportivo La Couruna ក្នុង​វគ្គ ៨​ក្រុម UCL រដូវ​កាល ២០០៣/០៤ (ចាញ់​ AC Milan ៤-១ ជើង​ទី ១ ប៉ុន្តែ​ឈ្នះ​ ៤-០ វិញ​នៅ​ជើង​ទី ២) និង​មួយ​ទៀត​គឺ Barcelona ក្នុង​វគ្គ ១៦​ក្រុម UCL រដូវ​កាល​ ២០១៦/១៧ (ចាញ់ PSG ៤-០ ជើង​ទី ១ ប៉ុន្តែ​ឈ្នះ ៦-១ វិញ​នៅ​ជើង​ទី ២)។

២. ក្នុង ៩ ប្រកួត​ចុង​ក្រោយ Manchester City ឈ្នះ Liverpool តែ​ម្ដង​ប៉ុណ្ណោះ គឺ​ក្នុង​ជ័យជំនះ ៥-០ នៅ​កីឡដ្ឋាន Etihad ក្នុង​រដូវ​កាល​នេះ។ ឯ​៨ ប្រកួត​ផ្សេង​ទៀត ក្លឹប​បាន​លេង​ត្រឹម​ស្មើ ២ លើក និង​ចាញ់​ដល់​ទៅ ៦​ដង។

៣.បើ​សិន​ជា​ឈ្នះ​ជើង​ទី ២​យប់​នេះ​មែន ហង្ស​ក្រហម​អាច​ក្លាយ​ជា​ក្លឹប​ទី​មួយ​ដែល​អាច​បំបាក់​ Manchester City បី​ដង​ក្នុង​មួយ​រដូវ​កាល​គិត​ពី​រដូវ​កាល ២០០៩/១០ មក។

៤. ក្នុង​ចំណោម ៦ ក្លឹប​ដែល​បាន​ទម្លាក់​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola មាន ៤ ដែល​ចុង​បញ្ចប់​លើក​ពាន។ ក្លឹប​ទាំង​នោះ​រួម​មាន Manchester United (ឈ្នះ​សរុប ១-០ លើ Barcelona ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០០៧/០៨), Inter Milan (ឈ្នះ​សរុប ៣-២ លើ Barcelona ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០០៩/១០), Real Madrid (ឈ្នះ​សរុប ៥-០ លើ Bayern Munich ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០១៣/១៤) និង Barcelona (ឈ្នះ​សរុប ៥-៣ លើ Bayern Munich ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រដូវ​កាល ២០១៤/១៥)។ ក្លឹប​ ២ ទៀត​ដែល​ឈ្នះ​ក្លឹប​លោក Pep ដែរ​តែ​មិន​បាន​ឈ្នះ Champions League គឺ Atletico Madrid រដូវ​កាល ២០១៥/១៦ និង Monaco រដូវ​កាល​មុន៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី